លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានឱ្យដឹងថា នៅទូទាំងខេត្តសៀមរាប មានអ្នកអញ្ជើញទៅបោះឆ្នោតសរុបចំនួន ៤៩៣ ២៤០ នាក់ ស្មើនឹង ៧៩,៧០ភាគរយ នៃចំនួនពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សរុប ៦១៨ ៨៣៥ នាក់ ខណៈការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។
លោក នឹម វ៉ាន់សំ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខេត្តសៀមរាបនេះ គឺបានដំណើរការបើកការិយាល័យបោះឆ្នោត គ្រប់ការិយាល័យបោះឆ្នោតទាំងអស់ ១ ៥២១ ការិយាល័យ នៅទូទាំងខេត្ត ចាប់តាំងពីម៉ោង៧ព្រឹក នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាមនីតិវិធីនៃច្បាប់បោះឆ្នោត។ លោកបានអះអាងថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។
បើតាមលោកប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានបញ្ជាក់បន្ថែមថា ខេត្តសៀមរាប មានការិយាល័យបោះឆ្នោតសរុបចំនួន ១ ៥២១ ការិយាល័យ និង មានឃុំ សង្កាត់ចំនួន១០០ឃុំ សង្កាត់។
ជាមួយគ្នានេះដែរ បន្ទាប់ពីការបោះឆ្នោតរួចប្រជាពលរដ្ឋបាននាំគ្នាទៅកម្សាន្ត នៅតាមរមណីយដ្ឋាននានា នៅក្នុងខេត្តសៀម ដោយសេចក្តីសប្បាយរីករាយ។ ដោយអ្នកខ្លះមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ពួកគាត់លើកឡើងថា បន្ទាប់ពីបានបោះឆ្នោតហើយ ក៏ជាឱកាសបានដើរលេងកម្សាន្តផងដែរ ដោយគ្មានការព្រួយបារម្ភពីរឿងអសន្តិសុខនោះទេ ព្រោះប្រទេសកម្ពុជាមានសន្តិសុខ សុវត្ថិភាព និងសន្តិភាពស្រាប់ហើយ។
សូមបញ្ជាក់ថា នៅខេត្តសៀមរាប មានគណបក្សចំនួន១៤ ក្នុងចំណោម១៨គណបក្ស ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ រួមមាន គណបក្សខ្មែរតែមួយ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សកម្លាំងប្រជាធិបតេយ្យ, គណបក្សកសិករ, គណបក្សស្ត្រី ដើម្បីស្ត្រី, គណបក្សខ្មែរឈប់ក្រ, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សធម្មាធិបតេយ្យ, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សបំណងពលរដ្ឋ, គណបក្សយុវជនកម្ពុជា, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង គណបក្សប្រជាជនកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន