កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចសហការរៀបចំកិច្ចប្រជុំ «បណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍ លើកទី២» ជាមួយគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ UN-ESCAP ដែលប្រារព្ធឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffle Le Royal រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំចាប់ផ្ដើមនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ មានការអញ្ជើញជាអធិបតីដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោកJo Scheuer តំណាងគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ហៅកាត់ UN-ESCAP ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងប្រតិភូមកពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេស Papau New Guninea តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលប្រមាណ៨០រូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះអង្គការងារ UN-ESCAP និងអង្គការ Vital Strategies ដែលបានគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំនេះជាមួយនឹងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា។
កិច្ចប្រជុំជាលើកទី២នេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសចូលរួមទាំងអស់ ក្នុងការចែករំលែក និងទទួលយកនូវបទពិសោធន៍ទៅវិញទៅមក ដើម្បីយកទៅអភិវឌ្ឍន៍ដំណើរការចុះបញ្ជីអត្តសញ្ញាណកម្មនៅប្រទេសរបស់ខ្លួនឱ្យបានកាន់តែប្រសើរ។
សម្រាប់ប្រទេសកម្ពុជា បានកំណត់នូវអាទិភាពលើការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជារួមគឺក្របខ័ណ្ឌនៃកំណែទម្រង់ការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង – ក្នុងនោះរួមមាន (១) ការបង្កើតឡើងនូវអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅ ឆ្នាំ២០១៤ ដែលប្រមូលផ្តុំការងារជំនាញពាក់ព័ន្ធគ្នា ឱ្យស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រងតែមួយ (២) ការដាក់ឱ្យ អនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (ឆ្នាំ២០១៧-២០២៦) របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម សំដៅសម្រេចឱ្យបាននូវគោលដៅ បុគ្គល គ្រប់រូបត្រូវបានកំណត់អត្តសញ្ញាណ” និង “បុគ្គលម្នាក់មានអត្តសញ្ញាណតែមួយ” និង (៣) ការប្រកាសឱ្យ ប្រើប្រាស់ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ។
ទន្ទឹមនឹងនេះ ព្រះរាជាណាចក្រកម្ពុជា ដែលមានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជាសេនាធិការ បាននិងកំពុងរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តិនៅក្រោមច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិ អត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មចំនួនជាង២០ ដើម្បីធានាឱ្យការអនុវត្តច្បាប់ទទួលបានប្រសិទ្ធភាពខ្ពស់។
សមិទ្ធផលថ្មីដ៏មានសារសំខាន់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីការងារអត្រានុកូលដ្ឋាន និងជាផ្នែកមួយនៃការអនុវត្តច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចគោលដៅតំបន់ និងគោលដៅសកល (ដូចមានចែងក្នុងផែនការសកម្មភាព នៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់ការចុះបញ្ជីអត្រានុកូលដ្ឋាន (UN-ESCAP) និងក្របខណ្ឌផែនការសកម្មភាពតំបន់ស្តីពីស្ថិតិអត្រានុកូលដ្ឋានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ)។ បើតាម ឯកឧត្តមអគ្គនាយក រាជរដ្ឋាភិបាលកម្ពុជា បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែ ទម្រង់ការងារអត្តសញ្ញាណកម្ម។
ជាក់ស្តែងទាំង “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការ ការពារមាតុភូមិ ២០២៣-២០២៨” និងទាំង “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល បានផ្តល់អាទិភាពលើការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម និងច្បាប់ស្តីពីអត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យសម្រេចបានជោគជ័យដូចការគ្រោងទុក។
ឯកឧត្តមបណ្ឌិត សូមកោតសរសើរដ៏ស្មោះចំពោះអង្គការជាដៃគូទាំងអស់ ដែលបានសហការរៀបចំ និងសម្របសម្រួលកិច្ចប្រជុំដ៏ មានសារសំខាន់នេះ ដែលជាវេទិកាមួយបង្ហាញអំពីចំណុចស្នូលសំខាន់ៗ ដើម្បីរួមចំណែកក្នុងការត្រួសត្រាយ ផ្លូវរួមគ្នាក្នុងតំបន់លើការកែលម្អ និងពង្រឹងប្រព័ន្ធការងារអត្រានុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន រួមមាន៖ (១) កំណត់នូវអាទិភាពនានាដែលជាកង្វល់របស់មន្ត្រីអត្រានុកូលដ្ឋាន (២) ចែករំលែកនូវបទពិសោធការ អនុវត្តការងារ បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីឱ្យប្រទេសក្នុងតំបន់អាចចាកចេញពីការចុះបញ្ជីដោយដៃ ឈានទៅការចុះបញ្ជីតាមប្រព័ន្ធឌីជីថលវិញ និង និង (៣) ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់លើការងារអត្រា នុកូលដ្ឋាន និងស្ថិតិអត្រានុកូលដ្ឋាន ដើម្បីពង្រីកសក្តានុពលជារួមនៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងនាម អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ឯកឧត្តម សង្ឃឹមជឿជាក់យ៉ាងមុតមាំថា តំណាងប្រទេស និងអង្គការដៃគូទាំងអស់ចូលរួមយ៉ាងសកម្ម និងចែករំលែក នូវបទពិសោធក្នុងការអនុវត្តការងារក្នុងប្រទេសរៀងៗខ្លួន ដើម្បីឱ្យកិច្ចប្រជុំរយៈពេល ៣ថ្ងៃនេះ ទទួលនូវលទ្ធផលល្អ ដូចបានគ្រោងទុក៕
ប្រភព៖ ក្រសួងព័ត៌មាន