ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្ត្រីគ្រីណាដា លោក ឌីកកុន មីតឆេល (Dickon Mitchell) ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ លោក មីតឆេល បានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះការរញ្ជួយដីនាពេលថ្មីៗនេះ ក្នុងតំបន់ស្វយ័តស៊ីហ្សាង ភាគនិរតីនៃប្រទេសចិន។
លោក ស៊ី បានសម្តែងការពេញចិត្តចំពោះរឿងនេះ។ ដោយកត់សម្គាល់ថា ការរញ្ជួយដីនេះបានកើតឡើងនៅក្នុងតំបន់ដែលមានកម្ពស់ខ្ពស់ លោក ស៊ី បាននិយាយថា ប្រទេសចិនបានបញ្ចប់ការងារជួយសង្គ្រោះ និងការតាំងទីលំនៅបណ្តោះអាសន្នក្នុងរយៈពេលដ៏ខ្លីបំផុត ហើយនឹងអនុវត្តន៍ការងារសាងសង់ឡើងវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។
លោក ស៊ី បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងចិន-គ្រីណាដា មានការអភិវឌ្ឍជាលំដាប់ ដោយភាគីទាំងពីរមានការគោរពគ្នាទៅវិញទៅមក និងសមភាព ការពង្រឹងទំនុកចិត្តគ្នាផ្នែកនយោបាយ សម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ និងពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ។
លោក ស៊ី បានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសគ្រីណាដា ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើងដល់ប្រជាជនទាំងពីរ៕
ប្រភព៖ ក្រសួងព័ត៌មាន