«សេចក្ដីណែនាំស្តីពីការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់ និងវិធានការហាមឃាត់ចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍» ត្រូវបានលើកយកមកដាក់ក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ដល់អង្គ្គសិក្ខាសាលាដែលចូលរួមដោយមន្រ្តីពាក់ព័ន្ធថា ក្រសួងទេសចរណ៍ កំពុងពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងថ្នាំជក់ ដើម្បីបង្កើនគុណតម្លៃវិស័យទេសចរណ៍ដែលគិតគូរដល់សុខុមាលភាពសង្គម ក៏ដូចជាសហគមន៍ទាំងមូល។
ការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាការងារធំមួយត្រូវគិតគូរពីបញ្ហាចម្បងៗជាយុទ្ធសាស្ត្រ ។ប៉ុន្តែឯកឧត្តមរដ្ឋលេខាធិការបានទាញការចាប់អារម្មណ៍លើសពីនេះថា ចំណែកការពង្រឹងការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍ ក៏ជាការចូលរួមចំណែកតូចមួយក្នុងការការពារកិត្តិនាមគោលដៅទេសចរណ៍ ។ជាគោលដៅមានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ មិនទទួលរងផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍បានស្នើសុំរដ្ឋបាលរាជធានី ខេត្ត មន្ទីរទេសចរណ៍ទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលាយលើកិច្ចការផ្សែងបារីនេះ និងជួយជំរុញក្រុងនីមួយៗឱ្យក្លាយជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ដែលក្លាយជាគោលដៅទេសចរណ៍ក្នុងជម្រើស ស្អាត បៃតង មានការលើកកម្ពស់សុខភាព របស់ភ្ញៀវទេសចរទាំងក្នុងស្រុក និងបរទេស។ ស្របតាមពាក្យស្លោកថា “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទសចរណ៍កម្ពុជាម្នាក់” និង “ទេសចរណ៍ដើម្បីទាំងអស់គា្ន ទាំងអស់គ្នាដើម្បីទេសចរណ៍”។
សូមជម្រាបជាមោទនកភាព កាលពី២០២២ក្រសួងទេសចរណ៍ បានទទួលពាន «ទិវាពិភពលោកគ្មានថ្នាំជក់» ពីអង្គការសុខភាពពិភពលោក និងទទួលបានពាន «Tobacco Control champion Award» ពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) នៅឆ្នាំដើមឆ្នាំ២០២៤ អំពីការអនុវត្តសកម្មភាពបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍។
កាលពីថ្មីៗនេះ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំមួយហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ រួមមានភោជនីយដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី មណ្ឌលកំសាន្តនានា មិនឱ្យផ្សាយពាណិជ្ជកម្ម ឬដាក់តាំងបង្ហាញសម្ភារៈមានឈ្មោះម៉ាកផលិតផលថ្នាំជក់មានជាអាទិ៍ ផ្ទាំងរូបភាព ខិត្តបណ្ណផ្សព្វផ្សាយ ឆ័ត្រ នាឡិកា ប្រអប់ដាក់ក្រដាសអនាម័យ ប្រដាប់គោះបារី ទាំងនៅក្នុងបរិវេណនិងក្រៅបរិវេណទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួនឡើយ។
សេចក្តីណែនាំក៏បានហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ មិនឱ្យផ្ដល់ទីតាំងមូលដ្ឋានរបស់ខ្លួន សម្រាប់រៀបចំកម្មវិធី ឬរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ទោះបីជាកម្មវិធី ឬសកម្មភាពនោះរៀបចំដោយឧស្សាហកម្មថ្នាំជក់ដោយផ្ទាល់ ឬដោយប្រយោល ឬដោយនិតីបុគ្គល ឬរូបវ័ន្តបុគ្គលក៏ដោយ។
មុននឹងមានសេចក្តីណែនាំនេះគេបានកត់សម្គាល់ឃើញ ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួន ដែលកន្លងមកបានជួល ឬផ្តល់ទីតាំងរបស់ខ្លួន ឱ្យក្រុមហ៊ុនថ្នាំជក់ ឬអ្នកតំណាងរបស់ក្រុមហ៊ុនថ្នាំជក់ ធ្វើការផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ដូច្នេះសេចក្តីណែនាំនេះ គឺឆ្លើយតបទៅនឹងសកម្មភាពខាងលើ។
ដោយឡែកលោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោកកម្ពុជាបង្ហាញទឡ្ហីករណ៍ថា បច្ចុប្បន្ន ច្រើនជាង ៨លាននាក់ស្លាប់ក្នុងមួយឆ្នាំលើពិភពលោកដោយសារថ្នាំជក់ ពោលគឺច្រើនជាងជំងឺរបេង មេរោគអេដស៍/ជំងឺអេដស៍ និងជំងឺគ្រុនចាញ់បូកបញ្ចូលគ្នា រួមទាំងមនុស្សប្រមាណ ១៣,២លាននាក់ទៀតជាអ្នកស្រូបផ្សែងថ្នាំជក់ពីគេ។ លោក ដារ៉ាវុធ ក៏បានឱ្យដឹងដែរថា ប្រជាពលរដ្ឋកម្ពុជាចំនួន ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺនានាដែលទាក់ទងនឹងថ្នាំជក់។ ក្នុងនោះ ៣៣% នៃករណីស្លាប់ទាំងនោះ កើតឡើងក្នុងចំណោមអ្នកដែលមានប្រាក់ចំណូលទាបបំផុត៕
ប្រភព៖ ក្រសួងព័ត៌មាន