កិច្ចសន្ទនារវាង លោកប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi

លោកប្រធានាធិបតីបារាំង Emmanuel Macron ​បាន​ជួប​សន្ទនា​តាមទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក Narendra Modi កាលពី​ថ្ងៃ​អង្គារ ទី២១ ខែកញ្ញា ឆ្នាំ២០២១ យោងតាមសេចក្តីប្រកាស​ព័ត៌មានមួយរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ។

កិច្ចសន្ទនានេះបានធ្វើឡើងតាមរយៈទូរស័ព្ទដោយ លោក Macron និង លោក Modi បាន​បញ្ជាក់​ជា​ថ្មី​ពី​ឆន្ទៈ​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​​ស្របពេល​ដែល​បារាំង​កំពុង​បន្ត​សម្តែង​កំហឹង​ប្រឆាំង​នឹង​សម្ព័ន្ធមិត្ត​ថ្មី​រវាង​អាមេរិក អូស្រា្តលី និង​អង់គ្លេសសម្រាប់​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លើសពីនេះទៀត បើយោងតាមសេចក្តីប្រកាស​ព័ត៌មានមួយរបស់វិមានប្រធានាធិបតីបារាំងអេលីហ្សេ បានឲ្យដឹងថា លោក Macron បានប្រាប់លោក Modi ពីការប្តេជ្ញាចិត្ត​របស់​បារាំងក្នុងការ​ពង្រឹង​ស្វ័យភាព​យុទ្ធសាស្ត្រ​របស់​ឥណ្ឌា ដែលមានរួមមាន​ទាំង​មូលដ្ឋាន​ឧស្សាហកម្ម និង​មូលដ្ឋាន​បច្ចេកវិទ្យា។

បន្ថែមពីនេះ មេដឹកនាំនៃប្រទេសទាំងពីរក៏បានសម្តែងពីការព្រួយបារម្ភ ​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​អំណាច​កំពុង​ស្ថិត​ក្នុង​ដៃ​ពួក​តាលីបង់ផងដែរ។

គួរបញ្ជាក់ថា បារាំងបានខិតចូលជិតឥណ្ឌាកាន់​តែ​ខ្លាំង​នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រទេសបារាំងបានលក់យន្តហោះចម្បាំង Rafale ទៅឲ្យប្រទេស​ឥណ្ឌា ការ​ធ្វើ​ប្រតិបត្តិការ​យោធា​រួម​គ្នា​និងឥណ្ឌាបានបញ្ជូនទាហានជើងទឹករបស់ខ្លួន ​ទៅមូលដ្ឋានទ័ព​របស់បារាំងនៅ​ជីប៊ូទី នៅអេមីរ៉ាតអារ៉ាប់រួម និង​នៅ​រ៉េអុយញ៉ុង។

Share.

3 មតិ

Leave A Reply