ការងារផ្សព្វផ្សាយ គឺជាចំណុចសំខាន់បំផុតមួយ ដើម្បីជម្រុញឱ្យព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ប្រព្រឹត្តិទៅ ប្រកបដោយភាពអធិកអធម ។ នេះជាប្រសាសន៍របស់ ឯកឧត្ដម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា​ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» នៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការងារត្រៀមរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដែលនឹងប្រព្រឹត្តិទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ – ១៩ – ២០ ខែតុលា ឆ្នាំ ២០២៤ ។​

កិច្ចប្រជុំខាងលើនេះ បានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រធាន អនុប្រធាន គណៈកម្មាការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» និងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកសមាជិការពា​ក់ព័ន្ធទាំងអស់ នារសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ឯកឧត្ដម វ៉ាត់ ចំរើន មានប្រសាសន៍ថា គោលដៅសំខាន់នៅក្នុងកិច្ចប្រជុំខាងលើ គឺជាការបែងចែកភារកិច្ចទទួលខុសត្រូវរៀងៗខ្លួនទៅតាមក្រសួង ក៏ដូចជាស្ថាប័នពាក់ព័ន្ធ នៅក្នុងការងាររៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ដែលនឹងប្រព្រឹត្តិទៅនាពេលដ៏ខ្លីខាងមុខនេះ ។

ឯកឧត្ដម រដ្ឋលេខាធិការ បានបន្ថែមទៀតថា ចំណុចសំខាន់បំផុតមួយទៀតនោះ គឺជាការងារផ្សព្វផ្សាយ ដែលគ្រប់ស្ថាប័នសារព័ត៌មានទាំងអស់ ធ្វើយ៉ាងណាត្រូវជួយជ្រោមជ្រែង នៅក្នុងការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយ ស៊ីជម្រៅ និងមានភាពទា​ក់ទាញ ដើម្បីជម្រុញឱ្យព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ដំណើរការទៅប្រកបដោយភាពអធិកអធម ។

សូមជម្រាបផងដែរថា យោងតាមប្រសាសន៍ឯកឧត្ដម វ៉ាត់ ចំរើន គិតមកដល់ពេលនេះ មានកីឡាករ កីឡាការិនី ទាំងផ្នែកប្រកួត និងសម្ដែង ចំនួនជិត ២០០នាក់ បានចុះឈ្មោះចូលរួមរួចរាល់នៅក្នុង ព្រឹត្តិការណ៍ ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» ហើយទន្ទឹមគ្នានោះ ក៏មានចំនួនជាង ១០០នាក់ បន្ថែមទៀត កំពុងរៀបចំចុះឈ្មោះជាបន្តបន្ទាប់ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share.

Comments are closed.