ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលនានា ក្នុងវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី ក្នុង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងថា នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើង រួមានបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក នឹងស្អាត។ ជាលទ្ធផលយើងនឹងទទួលបានសង្គមជាតិទាំងមូលស្អាតជាក់ជាមិនខាន។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា នៅក្នុងភាពស្អាតនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដែលជាទង្វើ ដ៏ល្អ ចំពោះភពផែនដីរបស់យើង បាន និងកំពុងទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមរោងចក្រ សាលារៀន វត្តអារាម ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងឯកជនមួយចំនួន ជាពិសេស សិស្សានុសិស្ស ដែលបានប្ដេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្តែងចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការ រហូតដល់ថ្ងៃនេះ មានការចូលរួមយ៉ាងផុលផុសពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅតាមរោងចក្រ សិស្សា នុសិស្ស នៅតាមសាលារៀន និងព្រះសង្ឃនៅតាមវត្តអារាម ទូទាំងប្រទេស សរុបចំនួន៨លាននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការចូលរួមដ៏កុះករនេះសបញ្ជាក់យ៉ាងច្បាស់ឲ្យឃើញពីសេចក្ដីស្រលាញ់លើភាពស្អាត អំពើល្អ ដែលកើតចេញពីបេះដូងខ្មែរពិតៗ។ ជាមួយគ្នានេះឯកឧត្តម បានសំដែងសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំថា ខ្មែរអាចធ្វើបាន និងអាចរួមគ្នាកសាង សង្គមដែលស្អាតបាន ដើម្បីកសាងភាពស្អាតមួយទុកឲ្យកូនចៅជំនាន់ក្រោយយើងបន្តរាប់ជំនាន់ទៅមុខទៀត លើសពីនេះទៀត ការបណ្តុះគំនិតស្រលាញ់ភាពស្អាត ដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីនេះ នឹងជំរុញពួកគាត់ឱ្យក្លាយជាធនធាន ដ៏មានសារៈសំខាន់ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ និងយុទ្ធនាការផ្សេងៗទៀតដើម្បីឈានទៅសម្រេចបាននូវភាពស្អាត ភាពបៃតង និងចីរភាពសម្រាប់កម្ពុជាផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន