បើយោងតាមការិយាល័យពាណិជ្ជកម្មនៃប្រទេសវៀតណាមបានឱ្យដឹងថា ពាណិជ្ជកម្មរវាងវៀតណាម និងសិង្ហបុរីបានកើនឡើងដល់ ២,៥៤ ពាន់លាន SGD (១,៨៧ ពាន់លានដុល្លារ) នៅក្នុងខែមីនា ស្មើនឹង៤,២៩%។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ការនាំចេញរបស់វៀតណាមទៅកាន់សិង្ហបុរីកាលពីខែមុនបានកើនឡើង ៧,៦៩% ដល់ ៦០៣,៣ លាន SGD ខណៈដែលការនាំចូលបានកើនឡើង ៣,២៧% ដល់ទៅជាង ១,៩៣ ពាន់លាន SGD ។ នៅក្នុងត្រីមាសទីមួយ ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងលើសពី ៧,៧១ ពាន់លាន SGD កើនឡើង ៤,២១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមបានកត់ត្រាលើសពី ១,៨៣ ពាន់លាន SGD ក្នុងការនាំចេញ និងជិត ៥,៨៩ ពាន់លាន SGD ក្នុងការនាំចូលពីសិង្ហបុរី។ ការិយាល័យពាណិជ្ជកម្មបាននិយាយថា ជាមួយនឹងលទ្ធផលនេះ វៀតណាមនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតទី ១០ របស់សិង្ហបុរី៕
ប្រភព៖ ក្រសួងព័ត៌មាន