គណៈកម្មាធិការអាស៊ាននៅសាធារណរដ្ឋឆេក (ACP) បានបរិច្ចាគអាហារដល់សហព័ន្ធឆេកនៃធនាគារចំណីអាហារ (Czech Federation of Food Banks) ដើម្បីជួយដល់ប្រជាជនក្នុងតំបន់ដែលមានការខ្វះខាត។
ក្រុមការងារនៃគណៈកម្មាធិការ ACP រួមមានស្ថានទូតនៃរដ្ឋជាសមាជិកអាស៊ានចំនួនប្រាំមួយ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម។
នៅក្នុងពិធីនោះ ប្រធានប្តូរវេនគណៈកម្មាធិការ ឯកអគ្គរាជទូតថៃ លោក ផាស់ផន សង្កាស៊ូបាណា (Phasporn Sangasubana) បានសម្តែងនូវគោលបំណងចង់រួមដៃជាមួយសហព័ន្ធ ដើម្បីជួយដល់អ្នកខ្វះខាត ដោយលោកបានសម្តែងនូវក្តីសង្ឃឹមថា សកម្មភាពបរិច្ចាគរបស់ទីភ្នាក់ងារនេះនឹងត្រូវបានរក្សាអនុវត្តនៅឆ្នាំខាងមុខៗទៀត។
ដោយកោតសរសើរចំពោះការរួមចំណែករបស់គណៈកម្មាធិការ APC នាយកប្រតិបត្តិនៃសហព័ន្ធ លោកស្រី វេរ៉ូនីកា ឡាចូវ៉ា (Veronika Lachova) បាននិយាយថា ការបរិច្ចាគដោយបណ្តាស្ថានទូតនៃប្រទេសជាសមាជិកអាស៊ានបានក្លាយជាសកម្មភាពដ៏មានអត្ថន័យជាប្រពៃណីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកស្រីបាននិយាយថា អំណោយរបស់ពួកគេនឹងត្រូវប្រគល់ទៅឱ្យប្រជាជនដែលមានការលំបាកដែលរួមមានស្ត្រី កុមារ គ្រួសារជួបការលំបាក និងជនភៀសខ្លួនក្នុងសាធារណរដ្ឋឆេក។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ សហព័ន្ធនេះគឺជាការឧបត្ថម្ភរបស់ធនាគារអាហារចំនួន១៥ នៅទូទាំងប្រទេស។
ធនាគារអាហារ គឺជាអង្គការមិនរកប្រាក់ចំណេញដែលប្រមូលអាហារ និងចែកចាយវាទៅអង្គការសប្បុរសធម៌ដែលជាដៃគូរបស់ពួកគេ និងអង្គការសប្បុរសធម៌ដទៃទៀត ដើម្បីផ្តល់អាហារទាំងនោះទៅដល់កុមារ មនុស្សចាស់ ឪពុកម្តាយនៅលីវ ជនពិការ អ្នកគ្មានផ្ទះសម្បែង និងអ្នកផ្សេងទៀតដែលត្រូវការជំនួយ៕