នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Samantha Power ប្រធានគ្រប់គ្រងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនៃជំនួប លោកស្រី Samantha Power បានកោតសរសើរចំពោះការរីកចម្រើននៅកម្ពុជា ដែលជាប្រទេសមួយធ្លាប់រងគ្រោះ និងហែកហួរដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទសវត្ស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងភាពជាដៃគូដ៏ល្អប្រសើរកន្លងមករវាងទីភ្នាក់ងារ USAID និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យជាច្រើន រួមមាន៖ វិស័យសុខាភិបាល (ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង និងជំងឺគ្រុនចាញ់), សន្តិសុខស្បៀង និងការបោសស
ម្អាតមីន។ លោកស្រីបានគូសបញ្ជាក់ថា ទីភ្នាក់ងារ USAID នឹងបន្តកិច្ចសហប្រតិបត្តិការគាំទ្រកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះការបោសសម្អាតមីន លោកស្រីនឹងប្រកាសការវិនិយោគចំនួន១២លានដុល្លារអាមេរិក ដើម្បីបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្ដល់ការគាំទ្រ និងជំនួយក្នុងការស្ដារ និងកសាងប្រទេសកម្ពុជាចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ ក៏ដូចជារួមចំណែកអភិវឌ្ឍកម្ពុជា រហូតមកដល់បច្ចុប្បន្ន។
សម្ដេចបវរធិបតី និងលោកស្រី Samantha Power បានពិភាក្សាគំនិតផ្តួចផ្តើមមួយចំនួន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារ USAID លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, ការវិនិយោគ, សុខាភិបាល, អប់រំ, កសិកម្ម, អភិបាលកិច្ចល្អ, សន្ដិសុខ និងការអនុវត្តច្បាប់៕
ប្រភព៖ ក្រសួងព័ត៌មាន