ដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Harris អំឡុងពេលកូវីដ-១៩៖ ចេតនា និងផលប្រយោជន៍
ដំណើរទស្សនកិច្ចរបស់លោកស្រី Kamala Harris អនុប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២២-២៤ សីហា ឆ្នាំ២០២១ កន្លងទៅនេះ បានឆ្លុះបញ្ចាំងអំពីគោលនយោបាយស.រ.អា. ក្នុងក្របខណ្ឌ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ (FOIP)(a) ដែលឲ្យតម្លៃខ្ពស់ដល់តំបន់អាស៊ីអាគ្នេយ៍ និងក៏ជាការប្រកួតប្រជែងរវាងស.រ.អា. និងចិន ផងដែរ។ ជាលទ្ធផល ដំណើរទស្សនកិច្ចនេះ បានជម្រុញឲ្យប្រសើរលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង ស.រ.អា.-សិង្ហបុរី និងស.រ.អា.-វៀតណាម លើវិស័យសន្តិសុខ ការពារជាតិ សេដ្ឋកិច្ច បម្រែបម្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី មានប្រសាសន៍ថា យុទ្ធសាស្រ្ត FOIP ជាការប្រកួតប្រជែងជាលក្ខណៈប្រព័ន្ធ និងយូរអង្វែង ដោយរួមជាមួយនឹង កិច្ចសន្ទនាសន្តិសុខចតុភាគី(Quad)(b) ដើម្បីទប់ទល់នឹងឥទ្ធិពលចិនដែលមានគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)(c) ជាយុទ្ធសាស្រ្ត។ គំនិតផ្តួចផ្តើមទាំងពីរខាងលើនេះបានក្លាយជាសម្ពាធសម្រាប់ប្រទេសជាសមាជិកអាស៊ាន។ដោយឡែកក្នុងបរិបទអាស៊ានអព្យាក្រឹតភាពរបស់អាស៊ាននៅតែជាចំណុចសំខាន់របស់សហគមន៍នេះ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូងនៅតែមានសារៈសំខាន់សម្រាប់ស.រ.អា. ខណៈពេលដែលស.រ.អា. មិនមែនជាភាគីជម្លោះ។ ស.រ.អា. នៅតែបន្តរិះគន់ចិនជុំវិញការសាងសង់កោះសប្បនិម្មិតក្នុងតំបន់នោះ ការល្មើសច្បាប់អន្តរជាតិលើការដោះស្រាយជម្លោះ និងជម្រុញវៀតណាមក្នុងការបន្តដាក់សម្ពាធលើចិនជុំវិញបញ្ហានេះ។
តាមរយៈទស្សនកិច្ចនេះបានឲ្យឃើញថា អាស៊ានជាតំបន់អាទិភាពសម្រាប់គោលនយោបាយការបរទេស ស.រ.អា. បន្ទាប់ពីអាហ្វហ្គានីស្ថាន ដោយហេតុតំបន់អាស៊ី និងឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងក៏ជាតំបន់ប្រកួតប្រជែងផ្នែកភូមិសាស្រ្តនយោបាយរវាងស.រ.អា. និងចិនផងដែរ។ ដោយមានការរិះគន់លើភាពមិនជាក់លាក់របស់ស.រ.អា. ទស្សនកិច្ចលើកនេះបានសម្តែងការបង្កើនជំនឿទុកចិត្តលើភាពជាអ្នកដឹកនាំរបស់ស.រ.អា. ដែលស.រ.អា.បានព្យាយាមបញ្ចុះបញ្ចូល និងផ្តល់ទំនុកចិត្តដល់សម្ព័ន្ធមិត្តរបស់ខ្លួន លើការប្តេជ្ញាចិត្តខ្ពស់និងតួនាទីក្នុងការថែរក្សាស្ថេរភាព និងសន្តិសុខ។
បន្ថែមពីនោះ នៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ប្រុយណេនឹងប្រគល់តំណែងជាប្រធានអាស៊ានដល់កម្ពុជាសម្រាប់កិច្ចប្រជុំឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំទាំងនោះកម្ពុជាអាចនឹងត្រូវពិនិត្យលើគំនិតផ្តួចផ្តើមផ្សេងៗក្នុងការឆ្លើយតប និងដើម្បីជៀសវាងចម្រូងចម្រាស់ នានាក្នុងវេទិកាអាស៊ាន។ លោកបណ្ឌិតបានគូសបញ្ជាក់ថា បណ្តាប្រទេសអាស៊ានត្រូវរក្សាឯកភាពនិង ឯកច្ឆន្ទ (ASEAN Consensus) ដូចជាលើវិបត្តិនៅភូមា បញ្ហាសមុទ្រខាងត្បូង ជាដើមដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន ជាជាងផលប្រយោជន៍របស់ប្រទេសរៀងៗខ្លួន។
(a) យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ជាគោលនយោបាយការទូតមួយដែលបង្កើតឡើងសម្រាប់ការអភិវឌ្ឍ នានាដែលផ្សាភ្ជាប់ទ្វីបពីរ (ទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក) និងមហាសមុទ្រពីរ (មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា)។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតដំបូងដោយរដ្ឋបាលលោកនាយករដ្ឋមន្រ្តី អាបេ និងក្រោយមកមានការចូលរួមពីរដ្ឋជាសម្ព័ន្ធមិត្តដូចជា ស.រ.អា. អូស្រ្តាលី និងឥណ្ឌា។
(b) កិច្ចសន្ទនាសន្តិសុខចតុភាគី ជាកិច្ចសន្ទនាយុទ្ធសាស្រ្តរវាងស.រ.អា. អូស្ត្រាលី ជប៉ុន និងឥណ្ឌា។កិច្ចពិភាក្សាផ្តោតលើសន្តិសុខ ការពារជាតិ និងបញ្ហាពាក់ព័ន្ធនានា។
(c) គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ជាគំនិតផ្តួចផ្តើមលើហេដ្ឋារចនាសម្ព័ន្ធសកល ដែលបង្កើតឡើងដោយរដ្ឋាភិបាលចិនក្នុងឆ្នាំ២០១៣ ហើយមានការចូលរួមពីប្រមាណ ១៤០ ប្រទេស។