ការជះឥទ្ធិពលនៃវិបត្តិកូវីដ-១៩ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកម្រិតមធ្យម និងកម្រិតទាប
តើបញ្ហាសេដ្ឋកិច្ចនៅក្នុងតំបន់ជាពិសេសប្រទេសដែលមាន GDP នៅក្នុងកម្រិតមធ្យម និង កម្រិតទាបទាំងនោះ មានផលប៉ះពាល់យ៉ាងណាខ្លះបើធៀបជាមួយនឹងកម្ពុជា ឬក៏មានភាពខុសគ្នាយ៉ាងដូចម្ដេច?
ឯកឧត្តម បណ្ឌិត គី សេរីវឌ្ឍន៍ សាស្រ្តាចារ្យសេដ្ឋកិច្ច នៅវិទ្យាស្ថានខេមអេដ Business School និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា៖
បើយើងនិយាយអំពីវិបត្តិកូវីដ-១៩នេះ យើងឃើញថា មានកើតឡើងនៅក្នុងរយៈពេលមួយឆ្នាំកន្លះរួចមកហើយ តាំងពីឆ្នាំ 2020 នៅចុងខែមករា ពេលចូលឆ្នាំចិនរួច រហូតមកដល់ពេលនេះ។ ការរីករាលដាលនៃជំងឺនេះ បានធ្វើឲ្យពិភពលោកមានការខ្ទេចខ្ទាំសេដ្ឋកិច្ច ដែលយើងចាត់ទុកថា ជាវិបត្តិមួយដែលកើតឡើងប្រហាក់ប្រហែលទៅនឹង វិបត្តិនៃជំងឺអេដស៍ ដែលមានការកើតឡើងនៅក្នុងឆ្នាំ 1991។ វិបត្តិដោយសារជំងឺកូវីដ-១៩ មានការរីករាលដាលលឿនជាងជំងឺអេដស៍ ហើយងាយស្រួលនៅក្នុងការឆ្លងជាងជំងឺអេដស៍ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គ្រាន់តែយើងនៅជិតគ្នា។ ក្នុងន័យនេះមានន័យថា ផលប៉ះពាល់សំខាន់បំផុតទៅលើវិស័យសេដ្ឋកិច្ចគឺ ប៉ះទៅលើវិស័យសេវាកម្ម។ វិស័យសេវាកម្មបើយើងប្រៀបធៀបជាមួយនឹង បណ្ដាលប្រទេសទាំងអស់ ប្រទេសដែលរងគ្រោះរងផលប៉ះពាល់ធ្ងន់ជាងគេគឺ បណ្ដាប្រទេសដែលមានភាគរយនៃ GDP ខ្ពស់ទៅលើវិស័យសេវាកម្ម ដូចជា ប្រទេសសិង្ហបុរី ប្រទេសអារ៉ាប់នៅតំបន់ឌូបៃជាដើម នោះគឺសុទ្ធតែជាប្រទេសដែលរងផលប៉ះពាល់។ យើងក្រឡែកមកមើលវិញថា តើវិស័យដទៃទៀតមានផលប៉ះពាល់ដែរឬទេ? ប្រសិនបើវិស័យសេវាកម្មនេះ មានផលប៉ះពាល់ វិស័យនានាក៏មានផលប៉ះពាល់ដែរ គ្រាន់តែមានការប៉ះពាល់តិចហើយនិងច្រើន។ វិស័យឧស្សាហកម្មក៏មានការរងផលប៉ះពាល់ដោយសារតែ នៅក្នុងរោងចក្រសហគ្រាសទាំងនោះ មិនអាចឲ្យកម្មករប្រមូលផ្ដុំគ្នានៅក្នុងការបំពេញការងារ ការថមថយនៃការបញ្ជាទិញ ដោយសារតែអ្នកទិញ មានការថមថយនូវប្រាក់ចំណូល វិបត្តិទាំងអស់នេះ វានឹងគៀងទៅជាសកលបន្តិចម្ដងៗ ហើយគ្រប់វិស័យទាំងអស់ នឹងប្រឈមផលប៉ះពាល់ដូចគ្នា។
បរិបទថ្មីនៃអាជីវកម្មយើងឃើញថា ប្រជាពលរដ្ឋចាប់ផ្ដើមចេញដំណើរហើយ នៅក្នុងការប្រកបមុខរបរ online ។ ឥលូវនេះ យើងឃើញថា ការចំណាយក្នុងការប្រកបមុខរបរ online ក៏មានការកើនឡើងដែរ ដែលរដ្ឋាភិបាលទាមទារត្រូវតែយកចិត្តទុកដាក់ជួយសម្រួល បើរដ្ឋាភិបាលមិនជួយសម្រួលដល់ពួកគាត់ទេ នឹងជួបវិបត្តិ។ ហេតុអ្វីបានជាយើងលើកបែបនេះ ទីមួយគឺ ប្រជាពលរដ្ឋយើងមិនមានទម្រង់នៅក្នុងការលក់ដូរតាមប្រព័ន្ធអនឡាញនោះទេ។ ដូច្នេះការលក់ដូររបស់ពួកគាត់ភាគច្រើនប្រើទៅលើ Facebook ដែលការផ្សព្វផ្សាយពាណិជ្ជកម្ម និងទំនិញនានានៅលើ Facebook ត្រូវបានហើយថ្លៃ នេះគឺជាចំណុចទីមួយ ដែលយើងដោះស្រាយមិនទាន់បានទេ។ ទីពីរគឺ បញ្ហាអ៊ីនធឺណិត ប្រព័ន្ធអ៊ីនធឺណិត យើងនៅមានដែនកំណត់ សម្រាប់ប្រទេសកម្ពុជាអ្នកប្រើ internet បន្តិចបន្តួច មានប្រជាជនតិចទួចហើយ យើងនៅតែប្រើមិនទាន់បានទៀត។ វាជាកត្តាមួយក្នុងការរារាំងនៃសន្ទុះសេដ្ឋកិច្ចរបស់យើងដែរ ដូច្នេះដើម្បីដោះស្រាយនូវបញ្ហាសេដ្ឋកិច្ចនៅក្នុងបរិបទថ្មីនេះ សូមរដ្ឋាភិបាលលើកទឹកចិត្តឲ្យក្រុមហ៊ុនសេវាអ៊ីនធឺណិតផ្ដល់សេវាឲ្យបានខ្ពស់ជាងហ្នឹង កុំឲ្យក្រុមហ៊ុនរបស់គាត់បានលុយពីអតិថិជនជាច្រើន តែការផ្ដល់មកនូវសេវា Internet ដែលមានភាពយឺតយ៉ាវនោះ។ បើយើងក្រឡែកមើលទៅលើសហគមន៍នៅតាមតំបន់ជនបទវិញ យើងឃើញគម្លាតរវាងថ្លៃទំនិញនៅតំបន់ជនបទ និងថ្លៃទំនិញនៅទីក្រុង គឺមានភាពខុសគ្នា។ នៅទីក្រុងតម្រូវការធំជាងការផ្គត់ផ្គង់ដោយសារតែវិបត្តិកូវីដធ្វើឲ្យទំនិញឡើងថ្លៃ នៅជនបទឈ្មួញកណ្ដាលបានទម្លាក់ថ្លៃដោយសារយកលេសវិបត្តិកូវីដឲ្យថ្លៃកសិផលរបស់កសិករយើងមានតម្លៃទាប អ្នកដែលទទួលបានផលចំណេញគឺឈ្មួញកណ្ដាល។ ចំណុចទាំងអស់នេះ គឺរដ្ឋាភិបាលត្រូវគិត កាលណាទំនិញថ្លៃទាបនៅជនបទ សូមឲ្យមានថ្លៃទាបនៅក្នុងទីក្រុង ដើម្បីកាត់បន្ថយការចំណាយរបស់កសិករបើមិនដូចនោះទេ ឈ្មួញកណ្ដាលនិងនាំយកទំនិញពីប្រទេសជិតខាងចូលមកទៀត ហើយកសិករនៅតែរងគ្រោះ អ្នកទីក្រុងនៅតែរងគ្រោះ អ្នកចំណេញគឺប្រទេសជិតខាង ហើយនិងឈ្មួញកណ្ដាល នេះគឺជាចំណុចសំខាន់ដែលរដ្ឋាភិបាលគួរពិចារណាបន្ថែមទៀត។
វាគ្មិន៖ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ សាស្ត្រាចារ្យសេដ្ឋកិច្ចនៅវិទ្យាស្ថានខេមអេដ Business School និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
ប្រធានដឹកនាំផលិត៖ អ្នកនាង ឡាក់ លីលី
អ្នករៀបចំអត្ថបទ៖ លោក ប្រុស គីមសាំង