ប្រមុខថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា-ចិនបានប្រើវិធីសាស្ដ្រជាច្រើនដូចជា ការជួបប្រជុំគ្នាដោយផ្ទាល់ ឬប្រយោល ការគាំទ្រគ្នាទាំងក្របខ័ណ្ឌទ្វេភាគី ពហុភាគី ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្នា ដើម្បីផ្លាស់ប្ដូររវាងវប្បធម៌សិល្បៈ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយការទូត ទៅវិញទៅមកកាន់តែរឹងមាំល្អ ។ ក្នុងនោះភាគីទាំងពីក៏បានជ្រើសរើសយកផ្ទាំងគំនូរធ្វើជាស្ពានចម្លង និងផ្លាស់ប្តូរ នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ។
តើតាមរយៈសិល្បៈគំនូរ អាចផ្តល់អ្វីខ្លះដល់ការផ្លាស់ប្ដូរទំនាក់ទំនងកម្ពុជា-ចិន?
ជាការពិតណាស់គំនូរកើតឡើងដោយអ្នកគូរ ឬវិចិត្រករអ្នកបង្កើត និងច្នៃឡើងតាមចំណង់ចំណូលចិត្ត តាមពេលវេលា ទីកន្លែង តាមអារម្មណ៍ និងតម្រូវការផ្សេងៗ។
ដោយមើលឃើញពីសារ:សំខាន់នៃគំនូរនេះហើយ ទើបភាគីកម្ពុជា និងចិនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ បានសហការគ្នារៀបចំពិព័រណ៍គំនូរនិងអក្សរផ្ចង់ឆ្នាំ ២០២៤ ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឡើង។
ពិព័រណ៍គំនូរអបអរសាទរ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិនឆ្នាំ២០២៤នេះ គឺផ្ដួចផ្ដើមឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យJiujiangប្រទេសចិន ហើយទទួលរៀបចំដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា, សារមន្ទីរសិល្បៈអង្គរកម្ពុជា ដើម្បីជំរុញការផ្លាស់ប្ដូរវប្បធម៌ លើកកម្ពស់ការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ ,បណ្តុះការគោរព និងការឱ្យតម្លៃចំពោះពហុវប្បធម៌, ធ្វើឱ្យប្រជាជនយើងទាំងពីរកាន់តែយល់កាន់តែស៊ីជម្រៅអំពីខ្លឹមសារ និងលក្ខណៈពិសេសនៃវប្បធម៌បង្កើតជាស្ពានមិត្តភាពកាន់តែជិតស្និទ្ធ ។
លោកបណ្ឌិតហង្ស រិទ្ធារ៉ាវុធ អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា គំនូរដែលបានដាក់តាំងបង្ហាញកាលពីពេលថ្មីៗនេះ មានចំនួន២៩ផ្ទាំង ដែលជាស្នាដៃរបស់សិស្ស និស្សិតនិងរបស់គ្រូ។ ការតាំងពិរព័ណ៍នេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវិចិត្រករចិន និងកម្ពុជា ធ្វើឱ្យមានការយល់ដឹងពីគ្នាទៅវិញទៅមកតាមរយៈគំនូរទាំងអស់នោះ ព្រោះគំនូរសុទ្ធតែបង្កប់អត្ថន័យរបស់ប្រទេសកម្ពុជា និងប្រទេសចិនធ្វើឱ្យអ្នកទស្សនាកាន់តែយល់ដឹងបន្ថែមពីទំនាក់ទំនងកម្ពុជា-ចិន។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា ក្រោយការតាំងពិព័រណ៍គំនូរនេះទៅ នឹងធ្វើឱ្យមានការផ្សារភ្ជាប់មួយរវាងវប្បធម៌ចិន និងវប្បធម៌ខ្មែរ។ ទៅខាងមុខទៅយើងគិតថា នឹងមានការតាំង ពិព័រណ៍ស្នាដៃសិល្បៈផ្សេងៗកាន់តែទូលាយបន្ថែមទៀត»។
ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា គំនូរ បានបង្កប់នូវអត្ថន័យប្រវត្តិសាស្ត្រ វប្បធម៌ប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន។
ឯកឧត្តមបញ្ជាក់ថា ៖ « គំនូរបានធ្វើឱ្យប្រជាជនយើងទាំងពីរបានស្គាល់ពីតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ គំនូរជាផ្ទាំងលម្អដ៏អស្ចារ្យមួយ មើលគំនូរគេអាចដឹងពីតម្លៃជាតិសាស្ត្រនីមួយៗ ។ គំនូរមិនចេះនិយាយទេ ប៉ុន្តែអាចរៀបរាប់បាននូវអ្វីដែលយើងចង់បានរបស់មនុស្សម្នាក់ៗ »
កញ្ញាហឿន គឹមលាភ ជាសិស្សនិស្សិតដែលចូលរួមទស្សនាពិព័រណ៍គំនូរនេះ បានបង្ហាញការគាំទ្រ និងឱ្យតម្លៃខ្ពស់ទឹកដៃរបស់វិចិត្រករខ្មែរ និងចិនហើយគំនូរសុទ្ធតែស្អាតៗបង្កប់នូវអត្ថន័យជ្រាលជ្រៅរបស់ប្រទេសកម្ពុជា និងចិន។
កញ្ញាបានបញ្ជាក់ថា៖ «ការតាំងពិព័រណ៍នេះ ឆ្លុះបញ្ចាំងពីមិត្តភាពកម្ពុជាចិនឱ្យកាន់តែរឹងមាំ ក៏ដូចជាស្ពានសម្រាប់ចម្លងនូវវប្បធម៌គ្នា ។ ការតាំងពិព័រណ៍គំនូរបញ្ជាក់ពីមនោសញ្ចេតនា គំនូរបានផ្តោតសំខាន់លើចំណងមិត្តភាពព្រោះថា នៅក្នុងគំនូរមួយផ្ទាំងៗសុទ្ធតែបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងកម្ពុជាចិនតាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន»។
សរុបសេចក្តីមក ការជ្រើសរើសផ្ទាំងគំនូរ របស់វិចិត្រករខ្មែរ និងចិន ដើម្បីបង្ហាញដល់សាធារណជនឱ្យបានទស្សនាឈ្វេងយល់ពីអត្ថន័យខ្លឹមសារ អត្ថន័យ និងសោភ័ណភាពនេះ គឺពិតបានឆ្លុះបញ្ចាំងពីការ ការយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្សារភ្ជាប់បេះដូងរបស់ប្រជាជនកម្ពុជា និងចិនឱ្យកាន់តែស្អិតល្មួតថែមទៀត។ ផ្ទាំងគំនូរចិន និងកម្ពុជាគឺជាចលករថ្មីមួយបន្ថែមទៀត ក្នុងការបង្ខិតដួងចិត្ត និងមនោសញ្ចេត នារវាងប្រជាជន នៃប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ។ អ្នកបានចូលរួមទស្សនាការតាំងពិព័រណ៍គំនូរសុទ្ធតែបានលើកឡើងដូចៗគ្នាថា ផ្ទាំងគំនូរចំនួនតិច តែបង្កប់អត្ថន័យច្រើនសម្រាប់ចំណងមិត្តភាពកម្ពុជា-ចិន៕
ប្រភព៖ ក្រសួងព័ត៌មាន