យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានឈានចូលដល់ថ្ងៃទី១១ហើយ គិតត្រឹមដើមសប្តាហ៍ទី២នៃខែកក្កដានេះ។ មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថា ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយមានលក្ខណៈល្អប្រសើរ មិនមានការប៉ះទង្គិចគ្នាដោយប្រការណាមួយឡើយ។
គណបក្សនយោបាយចំនួន១៥ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានតែគណបក្សនយោបាយចំនួន៨ប៉ុណោះ ដែលបានហែក្បួនឃោសនា។
សម្រាប់ព្រឹត្តិការណ៍ថ្មីៗបំផុត គិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលបោះឆ្នោតចំនួន ៧ គឺនៅមណ្ឌលខេត្តកំពង់ស្ពឺ កណ្ដាល កោះកុង ព្រះវិហារ មណ្ឌលគិរី ត្បូងឃ្មុំ និងមណ្ឌលរាជធានីភ្នំពេញ។ គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង កំពង់ធំ កំពត ស្វាយរៀង ពោធិ៍សាត់ តាកែវ និងមណ្ឌលខេត្តកំពង់ចាម។ គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តមណ្ឌលគិរី។ គណបក្សកម្លាំងប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត។ គណបក្សឯកភាពជាតិខ្មែរ ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រះសីហនុ។ គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ។ ក្រៅពីគណបក្សនយោបាយទាំង៨ ខាងលើ គណបក្សនយោបាយ ចំនួន ៧ ផ្សេងទៀត រួមមានគណបក្សស្ត្រីដើម្បីស្ត្រី គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សបំណងពលរដ្ឋ គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សយុវជនកម្ពុជា និងគណបក្សធម្មាធិបតេយ្យបានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំ ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាព្រឹកថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៣ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាសន៍ថា គណបក្សនយោបាយបានធ្វើសកម្មភាពតាមលទ្ធភាពភាពរៀងៗខ្លួន មានដោយថ្មើរជើង ដោយយានយន្ត និងចុះចែកខិតបណ្ណនៅតាមខ្នងផ្ទះប្រជាពលរដ្ឋទៅតាមទីតាំងដែលមានបេក្ខជនតំណាងគណបក្សនយោបាយរបស់ខ្លួនដោយគោរពតាមគោលការណ៍ នីតិវិធីបានត្រឹមត្រូវ និងមិនមានការបង្កភាពមិនប្រក្រតីណាមួយឡើយ។
ឯកឧត្តម ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា៖ «សកម្មភាព១០ថ្ងៃកន្លងមកនេះអាចនិយាយបានថា ជាសកម្មភាពឃោសនាដែល ប្រព្រឹត្តទៅតាមការគ្រោងទុក ហើយមិនមានអំពើហិង្សា ឬក៏មិនមានការបាត់បង់អសណ្ដាប់ធ្នាប់ណាមួយនៅក្នុងអំឡុងពេលនៃការឃោសនានេះទេ។
ដោយសារថា គណបក្សនយោបាយនីមួយៗលោកក៏មានភាពចាស់ទុំ ហើយលោកក៏មានកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីព្រមទាំងគណៈកម្មការរាជធានី ខេត្ត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតក្នុងការសហការរៀបចំតម្រាយផ្លូវនៃការធ្វើសកម្មភាពឃោសនាដូចជា ដង្ហែក្បួនជាដើម មិនមានការប៉ះប្រឈមគ្នារវាងគណបក្សនយោបាយដែលមាននិន្នាការនយោបាយខុសគ្នានោះទេ»។
សម្រាប់សកម្មភាពប្រចាំថ្ងៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក៏បានចេញសេចក្ដីប្រកាសព័ត៌មានជម្រាបជូនសាធារណជនថា ជារួមស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។
យ៉ាងណាក៏ដោយ ដើម្បីរក្សាភាពល្អប្រសើរសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១១ថ្ងៃទៅមុខទៀត ឯកឧត្តម អ្នកនាំពាក្យ ក្នុងនាម គ.ជ.ប បានអំពាវដល់គ្រប់ភាគីនៃគណបក្សនយោបាយទាំងអស់ ទោះបីមាននិន្នាការនិងទស្សនៈខុសគ្នាក៏ដោយ សូមប្រកាន់នូវជំហជាជាតិខ្មែរ ប្រកាន់នូវជំហរអនុវត្តច្បាប់ បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោត និងមានភាពអត់ធ្មត់ ចាស់ទុំក្នុងនាមជាគណបក្សដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជា គិតគូរដល់សេចក្តីសុខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ពោលគឺការឃោសនាមិនត្រូវបង្កការំខានដល់ប្រជាពលរដ្ឋនោះទេ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មាន គណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងគឺ ១. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ២. គណបក្សខ្មែរតែមួយ, ៣. គណបក្សសញ្ជាតិកម្ពុជា, ៤. គណបក្សខ្មែររួបរួមជាតិ, ៥. គណបក្សកម្លាំងប្រជាធិបតេយ្យ, ៦. គណបក្សកសិករ, ៧. គណបក្សស្រ្តីដើម្បីស្ត្រី, ៨. គណបក្សខ្មែរឈប់ក្រ, ៩. គណបក្សហ្វ៊ុនស៊ិនប៉ិច, ១០. គណបក្សធម្មាធិបតេយ្យ, ១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ១២. គណបក្សបំណងពលរដ្ឋ, ១៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១៤. គណបក្សឯកភាពជាតិខ្មែរ, ១៥. គណបក្សខ្មែរអភិរក្ស, ១៦. គណបក្សយុវជនកម្ពុជា, ១៧. គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង១៨. គណបក្សប្រជាជនកម្ពុជា។ចំណែក ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕
ប្រភព៖ ក្រសួងព័ត៌មាន