ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។
ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសាទរចំពោះលោក វរសេនីយ៍ទោ ខាល សលមែន ដែលទើបតែងតាំងជាប្រធានការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ដោយជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោក នឹងជំរុញការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៥០ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងដំណើរការបង្រួបបង្រួមជាតិ ការថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ការរួមចំណែកអភិវឌ្ឍលើវិស័យមួយចំនួន ការផ្តល់ជំនួយសម្រាប់លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងសកម្មភាពដោះមីននៅកម្ពុជា។
ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនៅកម្ពុជា និងការចូលចតនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាដើម។ ចំណែកកងយោធពលខេមរភូមិន្ទ ក៏បានបញ្ជូនប្រតិភូទៅចូលរួមក្នុងកម្មវិធីមួយចំនួននៅថ្នាក់តំបន់ដែលរៀបចំដោយកងទ័ពអាមេរិកផងដែរ។
ឯកឧត្តមអគ្គមេបញ្ជាការ បានស្នើដល់ភាគីសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិក និងការពិនិត្យលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញជាដើម។
លោក វរសេនីយ៍ទោ ខាល សលមែន បានសម្ដែងការអរគុណ ឯកឧត្តមអគ្គមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យរូបលោកចូលជួបសំដែងការគួរសម ដោយលោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាឡើងវិញ ជាពិសេស ទំនាក់ទំនងយោធានិងយោធា ដែលឱកាសមានច្រើន។
លោក វរសេនីយ៍ទោ បានលើកឡើងពីទំនាក់ទំនងរយៈពេល ៧៥ ឆ្នាំ ដែលប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក សម្រេចបាននូវសមិទ្ធផលរួមគ្នាជាច្រើន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។
លោក វរសេនីយ៍ទោ បានគូសបញ្ជាក់ថា នៅខែកុម្ភៈខាងមុខនេះ មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះលោកមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទៅថ្ងៃខាងមុខ ក៏ដូចជាឱកាសនៃការចាប់ផ្ដើមឡើងវិញនូវលំហាត់ឆ្មាំអង្គរផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន