សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន នៅព្រឹកថ្ងៃទី២៨ ខែមីថុនា ឆ្នាំ ២០២៣នេះ បានអញ្ជើញដុតបំផ្លាញចោល នូវសារធាតុញៀន និងសារធាតុគីមីផ្សំមានចំនួ នជាង៥តោន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្ដេចក្រឡាហោម ស ខេង រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរគ្រឿងញៀន អញ្ជើញដុតបំផ្លាញ ចោលនូវសារធាតុញៀន និងគីមីផ្សំ នាពេលនេះ ក្នុងឱកាសអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បងបញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ»។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងក្នុងគោលបំណងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែស៊ីជម្រៅតាមរយៈការផ្ដល់អាទិភាពដល់ប្រជាជន ឬការចាត់ទុកប្រជាជនជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងវិធានការផ្សេងៗទៀតពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ជាមួយនេះ ក៏ទាមទារឱ្យមានការគិតគូរអំពីផលប៉ះពាល់ជាអវិជ្ជមាននៃការរើសអើង និងការមាក់ងាយចំពោះអ្នកញៀនគ្រឿងញៀន ព្រមទាំងពង្រឹងសកម្មភាពអប់រំផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយថែមទៀត។
ម្យ៉ាងវិញទៀត ប្រធានបទសម្រាប់ឆ្នាំនេះ ក៏មានបំណងលើកទឹកចិត្តឱ្យផ្ដល់អំណាច និង ការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាន និងយុវជន ដើម្បីម្ចាស់ការដឹកនាំការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋានរបស់ខ្លួន៕
ប្រភព់៖ ក្រសួងព័ត៌មាន