ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានថ្លែងកាលពីថ្ងៃទី២១ ខែមិថុនាថា គោលនយោបាយចូលទៅធ្វើទេសចរណ៍ក្នុងប្រទេសឥណ្ឌូណេស៊ីដោយមានការលើកលែងទិដ្ឋាការសម្រាប់ប្រទេសចំនួន ១៥៩ប្រទេស ត្រូវបានដកចេញដោយផ្អែកទៅលើលទ្ធផលនៃការវាយតម្លៃផ្អែកទៅលើអត្ថប្រយោជន៍។
មេដឹកនាំឥណ្ឌូណេស៊ីរូបនេះត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដែលបាននិយាយថា កាលពីពេលមុន ប្រទេសឥណ្ឌូណេស៊ីបានអនុញ្ញាតឱ្យចូលដោយសេរី ហើយឥឡូវនេះប្រទេសនេះកំពុងវាយតម្លៃថា តើវាផ្តល់ផលប្រយោជន៍ដល់ប្រទេសខ្លួនឯងឬអត់។
លោកបាននិយាយថា មិនត្រឹមតែប្រទេសឥណ្ឌូណេស៊ីទេ ប៉ុន្តែប្រទេសផ្សេងៗទៀតប្រាកដជានឹងវាយតម្លៃគោលនយោបាយលើកលែងទិដ្ឋាការរបស់ខ្លួនដែរ។ បន្ទាប់ពីគោលនយោបាយលើកលែងទិដ្ឋាការត្រូវបានដកចេញសម្រាប់ ១៥៩ប្រទេសមក មានតែប្រជាជនមកពីប្រទេសចំនួន១០ ប៉ុណ្ណោះដែលអាចចូលប្រទេសឥណ្ឌូណេស៊ីបានដោយមិនចាំបាច់មានទិដ្ឋាការទេសចរណ៍។
ប្រទេសទាំង១០ នោះជាប្រទេសសមាជិកអាស៊ាន ដែលរួមមានប្រទេសប្រ៊ុយណេ ហ្វីលីពីន កម្ពុជា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងទីម័រឡេស្តេ។ ជនបរទេសដែលចូលទៅទស្សនាប្រទេសនោះក្រោមគោលនយោបាយលើកលែងទិដ្ឋាការត្រូវបានអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីបានរហូតដល់ទៅ ៣០ថ្ងៃ ហើយការស្នាក់នៅរបស់ពួកគេមិនអាចបន្តបានឡើយ។
ពួកគេតម្រូវឱ្យបង្ហាញលិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច ៦ខែ និងសំបុត្រធ្វើដំណើរទៅវិញទៅមកនៅប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ឥណ្ឌូណេស៊ី ដើម្បីចូលទៅក្នុងប្រទេសនេះក្រោមគោលការណ៍លើកលែងទិដ្ឋាការ៕
ប្រភព៖ ក្រសួងព័ត៌មាន