សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សម្តេច នឹងត្រូវផ្អាកការជួបជាមួយកម្មករ កម្មការិនី ត្រឹមថ្ងៃបើកយុទ្ធនាការបោះឆ្នោត ប៉ុន្ដែនឹងបន្តចុះជួបជាមួយកម្មករ កម្មការិនីនៅតាមរោងចក្រដើម្បីចង់ដឹងពីសុខទុក្ខ ក្រោយការបោះឆ្នោត ឬក្រោយរាជរដ្ឋាភិបាលថ្មីកើតឡើង។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណជិត២ម៉ឺននាក់ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីសម្តេចមិនដើរនៅក្នុងពេលឃោសនាបោះឆ្នោត តែក្រោយបោះឆ្នោតសម្តេចនៅតែអាចបន្តជួបជាមួយនឹងកម្មករ កម្មការិនី ហើយនេះ មិនមែនជាយុទ្ធនាការឃោសនារកសំឡេងឆ្នោតទេ តែគឺជាការចង់ដឹងអំពីស្ថានភាពសុខទុក្ខរបស់កម្មករ កម្មការិនីរបស់យើងទាំងអស់ ។ សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «ខ្ញុំចង់ដឹងសុខទុក្ខរបស់កម្មករកម្មការិនី ខ្ញុំពិតជាមានការរីករាយនៅពេលដែលខ្ញុំបានទៅកាន់កន្លែងមួយ និងពីកន្លែងមួយទៅកន្លែងមួយ ហើយបានឃើញវឌ្ឍនភាពនៃការរីកចម្រើនកាន់តែប្រសើរឡើង។ ខ្ញុំសូមប្រាប់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈថា បើយើងជ្រុលតែធ្វើហើយត្រូវបន្តជួបទៀត យើងមានពេល ហើយបើតាមខ្ញុំគិតគូររបស់ខ្ញុំ យើងផ្អាកក្នុងពេលយុទ្ធនាការបោះឆ្នោត ប៉ុន្តែពេលបោះឆ្នោតហើយយើងចាប់ផ្តើមវិញ»។
សម្តេចតេជោបានមានប្រសាសន៍ថា បើនៅបន្តជួបកម្មករនៅតាមរោងចក្រពេលយុទ្ធនាការបោះឆ្នោតនោះ នឹងមានការផាកពិន័យជាមិនខាន ព្រោះខុសច្បាប់ ដែលមិនអនុញ្ញាតឱ្យនោះទេ។ សម្ដេចតេជោបន្ដថា ពេលចុះជួបនោះយើងក៏មានការផ្តល់ជាប្រាក់ដល់កម្មករតិចតូច និងកម្មការិនី ដែលមានផ្ទៃពោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ «បើសិនចុះតាមរោងចក្រនៅក្នុងពេលយុទ្ធនាការបោះឆ្នោត បែរជាមានការផ្តល់លុយកាក់ដល់អ្នកមានផ្ទៃពោះ ឬមានម្ហូបអាហារ និងអ្វីទៀតនោះ គេផាក និងប្តឹងយើង។ អីចឹងយើងត្រូវគោរពតាមច្បាប់បោះឆ្នោត»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការជួបជាមួយកម្មករ កម្មការិនីបន្ដទៀត នឹងធ្វើក្រោយការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧ហើយប្រកាសរាជរដ្ឋាភិបាលថ្មីរួច ដោយអាចជួបកម្មករ កម្មការិនីពី៥ ទៅ១០ កន្លែងទៀត។ សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា៖ «យើងអាចទៅជួប៥ ទៅ១០កន្លែងទៀត ក្រោយបោះឆ្នោត ខ្ញុំអាចទៅបាន ព្រោះមិនមានបញ្ហា គ្រាន់តែយើងមិនធ្វើនៅក្នុងអំឡុងយុទ្ធនាការបោះឆ្នោត ប៉ុន្តែក្រោយបោះឆ្នោតគ្មានតម្រូវការណាស្វែងរកសំឡេងឆ្នោតនោះទេ»។
ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ការជួបកម្មករនេះដើម្បីចង់ដឹងពីស្ថានភាពរបស់កម្មករ កម្មការិនី ដែលពួកគេជួបការលំបាក និងងាយស្រួលរកដំណោះស្រាយ។ សម្តេចតេជោបានអះអាងថា ការជួបកម្មករ កម្មការិនីកន្លងមកត្រូវបានជួយដោះស្រាយបញ្ហាដែលរកម្មករ កម្មការិនីលើកឡើងដូចកន្លែងហូបអាហារ កន្លែងបំបៅដោះកូន និងបរិស្ថានក្នុងរោងចក្រជាដើម៕
ប្រភព៖ ក្រសួងព័ត៌មាន