
ភូមិនិមួយៗនៅប្រទេសឥណ្ឌាមានភាពល្បីល្បាយដោយសារតែ ការប្រមូលផល ដំណាំបន្លែផ្លែឈើ អត្រាអក្ខរកម្ម និងភាពស្រស់ស្អាត ប៉ុន្តែក្នុងអត្ថបទនេះ យើងនឹងនិយាយអំពីភូមិចម្លែកមួយដែលស្ថិតក្នុងរដ្ឋ Kerala ដោយគេបានរកឃើញថាមានមនុស្សមុខដូចគ្នាជាច្រើនគូ។ ពិតមែនហើយ! ភូមិ Kodinhi នៅស្រុក Malappuram ក្នុងរដ្ឋ Kerala ដែលអត្រាកំណើតនៃកូនភ្លោះ បានកើនឡើងខ្ពស់ជាងគេបំផុតនៅប្រទេសឥណ្ឌា។


អ្នកវិទ្យាសាស្ត្របានព្យាយាមស៊ើបអង្កេតជាច្រើនដងមកហើយ ចំពោះបាតុភូតដ៏កម្រនេះ ប៉ុន្តែពួកគេនៅតែមិនទទួលបានចម្លើយណាមួយឡើយ។
ប្រសិនបើយើងក្រឡេកមើលពីដំបូង Kodinhi មានសភាពធម្មតា ដូចភូមិផ្សេងៗទៀតក្នុងរដ្ឋ Keralaដែរ វាស្ថិតនៅជាជួរៗដែលអមទៅដោយដើមដូង កាត់ប្រឡាយ និងវាលស្រែ។ ប៉ុន្តែ នៅពេលដែលអ្នកដើរចូលទៅភូមិនោះកាន់ជ្រៅក្នុងផ្លូវដ៏តូចចង្អៀត អ្នកនឹងចាប់ផ្តើមឃើញមនុស្សមានមុខដូចគ្នាជាច្រើនគូ។
Kerala មានប្រជាជនសរុប ២០០០ នាក់ហើយក្នុងនោះមានជាង ៤០០ នាក់ គឺជាកូនភ្លោះ។ អ្នកប្រាកដជាបានឃើញក្មេងៗដែលមានមុខមាត់ដូចគ្នានៅក្នុងបរិវេនសាលារៀន និង នៅផ្សារក្បែរៗភូមិនោះពេលអ្នកបានចូលទស្សនា។
ដំបូងឡើយ មានកូនភ្លោះចំនួនតែពីរទៅបីគូតែប៉ុណ្ណោះ ក្រោយមកវាក៏បានបង្កើនល្បឿនក្នុងប៉ុន្មានឆ្នាំចុងក្រោយ ហើយមកទល់ពេលនេះកូនភ្លោះជាច្រើនបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុតនៅប្រទេសឥណ្ឌា។ ក្នុងឆ្នាំ ២០០៨ មានកូនភ្លោះចំនួន ៣០គូ ក្នុងចំណោមកុមារ ៣០០នាក់ ដែលកើតមកមានសុខភាពល្អ ដោយក្នុងរយៈពេលពីរបីឆ្នាំមកនេះ ពួកគេបានឈានដល់ចំនួន ៦០គូ ឯណោះ។
មិនមែនថាកូនភ្លោះដែលកើតនៅទីនេះ ឬម្ដាយរបស់ពួកគេមានបញ្ហាផ្លូវកាយ ឬខូចផ្លូវចិត្តអ្វីនោះទេ។ ស្ត្រីក៏នៅមានសុខភាពល្អធម្មតា ហើយមិនរងការខូចទ្រង់ទ្រាយអ្វីឡើយ។

ជាមធ្យមនៅជុំវិញពិភពលោក កូនភ្លោះចំនួន ៤គូ កើតក្នុងចំណោមទារក ១០០០ នាក់ ហើយនៅក្នុងប្រទេសឥណ្ឌា កូនភ្លោះ ៩គូ ក្នុង ១០០០ នាក់។ ប៉ុន្តែនៅក្នុងភូមិអាថ៌កំបាំងនេះ ទារក ៤៥គូ កើតចេញពីទារក ១000 នាក់។ ជាមធ្យម Kodinhi គឺស្ថិតនៅតារាងលេខ ២ លើពិភពលោកបន្ទាប់ពីទីក្រុង Igbo-ora របស់ប្រទេសនីហ្សេរីយ៉ាដែលត្រូវបានគេហៅថា “រាជធានីកូនភ្លោះនៃពិភពលោក” ដែលមានកូនភ្លោះចំនួន ១៤៥ គូក្នុងចំណោម ១០០០ នាក់បានកើត និងជាលើកដំបូងនៅអាស៊ី។
អ្នកស្រុកជឿថាភូមិនេះបានទទួលការប្រាសព្រំពីព្រះជាម្ចាស់ ដែលផ្តល់កំណើតដល់កូនភ្លោះកាន់តែ
ច្រើន។ ក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ កូនភ្លោះជាង ៣០០គូ បានកើតនៅក្នុងភូមិនេះ។
ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវជាច្រើនមកពីស្ថាប័នផ្សេងៗដែលកំពុងធ្វើការលើការសិក្សានៅប្រទេសប្រេស៊ីល និងវៀតណាមបានទៅទស្សនាភូមិ Kodinhi រួមទាំង CSIR-Centre for Cellular and Modular Biology ដែលមានមូលដ្ឋាននៅ Hyderabad, Kerala Universities of Fisheries and Ocean Studies (KUFOS) និងសាកលវិទ្យាល័យនៃទីក្រុងឡុងដ៍ ក៏ដូចជាអ្នកស្រាវជ្រាវមកពីប្រទេស
អាឡឺម៉ង់ ហើយមកទីនេះដើម្បីធ្វើការស្រាវជ្រាវ និងព្យាយាមដោះស្រាយអាថ៌កំបាំងភូមិ Kodinhi ។
ពួកគេបានយកសំណាកទឹកមាត់ និងសក់របស់កុមារជាច្រើន ដើម្បីសិក្សា DNA របស់កូនភ្លោះទាំងនោះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រឿងនេះនៅតែជាអាថ៌កំបាំង។ ហើយរហូតមកដល់ពេលនេះ សូម្បីតែអ្នកវិទ្យាសាស្ត្រក៏មិនអាចដោះស្រាយវាបានដែរ។

សាស្ត្រាចារ្យវេជ្ជបណ្ឌិត លោក Thirumalaswami Velavan ជាអនុសាស្ត្រាចារ្យនៃវិទ្យាស្ថានវេជ្ជ
សាស្ត្រត្រូពិចនៃសាកលវិទ្យាល័យ Tuebingen ដែលជាអ្នកស៊ើបអង្កេតសំខាន់នៃការស្រាវជ្រាវបាននិយាយថា សហគមន៍ជាក់លាក់ចំនួនបួនមកពីទ្វីបផ្សេងៗគ្នាបានរាយការណ៍ពីចំនួនកូនភ្លោះច្រើនលើសពីធម្មតា ហើយសហគមន៍ទាំងនេះរួមមានភូមិ Kodinhi ឃុំ Hung Loc ក្នុងប្រទេសវៀតណាមភាគខាងត្បូង និង Igbo-Ora នៅនីហ្សេរីយ៉ា និង Candido Godo នៅប្រេស៊ីល។
ពួកគាត់ថែមបាននិយាយថា “ការសិក្សានឹងបញ្ជាក់ពីអត្តសញ្ញាណនៃកត្តាហ្សែនដោយកំណត់ពីតំណពូជរបស់កូនភ្លោះ។ មិនមានតំណហ្សែនណាដែលគេស្គាល់ថាហើយត្រូវបានកំណត់អត្តសញ្ញាណនៅឡើយទេសម្រាប់ការភ្លោះដូចគ្នា ហើយកត្តាពិតនៅពីក្រោយបាតុភូតនេះក៏នៅមិនទាន់ត្រូវបានបញ្ជាក់។ លទ្ធផលនៃការសិក្សានេះនឹងជាមូលដ្ឋានមួយដើម្បីស្វែងយល់ពីកត្តាហ្សែន និងអេពីហ្សែនដែលជាមូលដ្ឋានដែលអាចមានចម្លើយសំខាន់ៗសម្រាប់អត្រាភ្លោះខ្ពស់នៅក្នុង Kodinhi”។
មិនមែនតែក្នុងប្រទេសឥណ្ឌាទេ អ្នកស្រាវជ្រាវជុំវិញពិភពលោកក៏មានការភ្ញាក់ផ្អើលចំពោះភូមិនេះដែរ ដោយមូលហេតុភូមិចំឡែកនេះមានកូនភ្លោះជាង ៤០០គូ ឯណោះ។ វេជ្ជបណ្ឌិត Krishnan Sribiju ដែលមានចំណាប់អារម្មណ៍ពីធម្មជាតិក្នុងការសិក្សាវិទ្យាសាស្ត្រដែលនៅពីក្រោយការសម្រាលកូនភ្លោះបាននិយាយថា “ភូមិនេះមិនមានអព្ភូតហេតុអ្វីមួយក្នុងពិភពវេជ្ជសាស្ត្រទេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វាបានចូលក្នុងក្រសែភ្នែករបស់ពិភពលោក។ កំពូលអ្នកជំនាញ និងអ្នកស្រាវជ្រាវល្បីៗជាច្រើនបានមកទីនេះ ប៉ុន្តែពួកគេមិនអាចស្វែងរកហេតុផលណាមួយបានទេ។ ប្រជាជននៅទីនេះប្រាថ្នាថាគួរតែមានកូនភ្លោះយ៉ាងហោចណាស់ ៣៥០គូនៅក្នុងភូមិ។
យោងតាមលោកវេជ្ជបណ្ឌិត Sribiju បាននិយាយថា “ខ្ញុំគិតថាហេតុផលសម្រាប់ការមានកូនភ្លោះ គឺជារបបអាហាររបស់មនុស្សនៅទីនេះដែលមានអ្វីដែលត្រូវទទួលស្គាល់។ ប្រសិនបើគេដឹងថាវាជាអ្វី នោះនឹងមានសុភមង្គលក្នុងជីវិតរបស់គូស្នេហ៍ដែលគ្មានកូននៅជុំវិញពិភពលោក។
គាត់បានបន្តទៀតថា “តាមចំណេះដឹងរបស់ខ្ញុំ ភាពអស្ចារ្យខាងវេជ្ជសាស្ត្រនេះបានចាប់ផ្តើមនៅចន្លោះពី ៦០ ទៅ ៧០ ឆ្នាំមុន” ។

វេជ្ជបណ្ឌិត Sribiju បានប្រាប់ TOI “ការលៃលកលើកម្រិតទាបនៃកំណើតកូនភ្លោះក្នុងប្រទេសឥណ្ឌា ច្រើនជាងនេះទៅទៀតនៅអាស៊ី វាពិតជាគួរឱ្យភ្ញាក់ផ្អើលក្នុងការឃើញភូមិឥណ្ឌាមួយដែលជាផ្ទះសម្រាប់កូនភ្លោះដ៏ច្រើនលើសលប់។ អត្រាកូនភ្លោះជាសាកលដែលកើតមក ជាពិសេសនៅប្រទេសលោកខាងលិចបានកើនឡើងដោយសារការបង្កាត់ពូជសិប្បនិមិ្មត។ ដូចគ្នានេះផងដែរ កូនភ្លោះកើតមកជាធម្មតាចំពោះស្ត្រីដែលមាន
វ័យចំណាស់ និងចាស់ទុំជាង។ នៅក្នុង Kodinhi នោះមិនមែនជាករណីនោះទេ ពីព្រោះអាពាហ៍ពិពាហ៍កើតឡើងចំពោះអ្នកដែលមានអាយុប្រហែល ១៨-២០ ឆ្នាំ ហើយគ្រួសារចាប់ផ្តើមភ្លាមៗបន្ទាប់ពីនោះ” ។
ប្រជាជននៃភូមិ Kodinhi មានមោទនភាពដែលពួកគេក្លាយជាចំណែកមួយនៃទីក្រុងកូនភ្លោះ ហើយមិនភ័យខ្លាចស្ថានភាពមិនធម្មតារបស់ពួកគេឡើយ។ ភូមិ Kerala ដែលឥឡូវត្រូវបានគេដាក់រហស្សនាមថា “ទីក្រុងកូនភ្លោះ” បានបង្កើតសមាគមកូនភ្លោះ និង Kin (TAKA) ដោយមោទនភាពដើម្បីចុះឈ្មោះ និងផ្តល់ការគាំទ្រដល់កូនភ្លោះរបស់ Kodinhi និងគ្រួសាររបស់ពួកគេ។ ដោយសារការចំណាយលើការចិញ្ចឹមកូនភ្លោះអាចខ្ពស់ ហើយវាអាចជាការងារដែលត្រូវការកម្លាំងកាយសម្រាប់ម្តាយក្នុងការចិញ្ចឹមពួកគេ TAKA អាចបំពេញតួនាទីអប់រំ និងជួយអ្នកភូមិបាន។
ប្រភព: https://www.indiatimes.com/trending/social-relevance/twin-village-kodinhi-550087.html