នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឆ្លៀតឱកាសចូលរួមគណ:ប្រតិភូអម សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងដំណើរបំពេញទេសចរណ៍កិច្ចផ្លូវការនៅប្រទសម៉ាល់ឌីវ ឧត្ដមមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្ដមបណ្ឌិត Ahmed Salih អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ម៉ាល់ឌីវ និងសហការី បានជួបពិភាក្សាគ្នា នៅក្រសួងទេសចរណ៍ម៉ាល់ឌីវ ដើម្បីរៀបចំយន្តការការងារក្នុងការបង្កើនកិច្ចសហការទេសចរណ៍នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា−ម៉ាល់ឌីល ដែលនឹងត្រូវផ្លាស់ប្ដូរគ្នា ដោយរដ្ឋមន្ត្រីទេសចរណ៍ ចំពោះមុខនៃប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។
ក្រុមការងារនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃឃើញកាឡានុវត្តភាពដ៏ធំធេងក្នុងការជំរុញការលំហូរទេសចរនៃប្រទេសទាំងពីរ បន្ទាប់ពីដំណើរទស្សនកិច្ចជាលើកដំបូង របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសម៉ាល់ឌីវ ។ មន្ត្រីជំនាញក៏បានឯកភាពគ្នាបង្កើតក្រុមការងាររួមផ្នែកទេសចរណ៍ ដែលនឹងត្រូវពិនិត្យពិភាក្សាដើម្បីរៀបចំផែនការអនុវត្តអនុស្សរណៈយោគយល់ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍៕