មនុស្សភពក្រៅ! កន្លែងពិសោធន៍បច្ចេកវិទ្យាបំបាំងកាយ! ជាកន្លែងបង្កើត UFO! ទាំងនេះសុទ្ធតែជាពាក្យចចាមអារ៉ាមនៃតំបន់៥១…
តំបន់ ៥១ ជាតំបន់ដាច់ស្រយាលមួយដែល ស្ថិតនៅភាគខាងត្បូងនៃរដ្ឋ នេវ៉ាដា ប្រទេសអាមេរិច។ វាគឺជាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ដែលវត្តមានរបស់វាមិនបានបញ្ជាក់ច្បាស់លាស់ឡើយ។ រហូតមកដល់ឆ្នាំ ២០១៣ អត្ថិភាពរបស់តំបន់ ៥១ ទើបនឹងបានបញ្ជាក់ដោយ CIA ក្នុងការឆ្លើយតបទៅនឹងសំណើច្បាប់ស្តីពីសេរីភាពនៃព័ត៌មានពីឆ្នាំ ២០០៥។

បើយោងតាមភស្តុតាងប្រវតិ្តសាស្រ្តមួយចំនួន បានបង្ហាញថាតំបន់ ៥១ ជាតំបន់សម្រាប់ទ្រទ្រង់ក្នុងការអភិវឌ្ឍន៍ និងការសាកល្បងយន្តហោះ និងអាវុធពិសោធន៍ផ្សេងៗ។ រូបភាពផ្កាយរណបសាធារណៈ ដូចជារូបភាពក្នុង Google Maps មិនបានបង្ហាញនូវព័ត៌មានអ្វីថ្មីឡើយ។ តួយ៉ាងសូម្បីតែអ្នកធ្វើការខាងបោសសំអាតសន្តិសុខដែលបានចូលទៅតំបន់ហាមឃាត់មួយនេះ ត្រួវបានគេបញ្ជូនទៅទីក្រុង ឡាសវេហ្គាស តាមរយៈក្រុមហ៊ុនអាកាសចរណ៍ Janet ។


ការសម្ងាត់នៃអាថ៌កំបាំងនៅជុំវិញតំបន់ ៥១ បានបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើនថា រដ្ឋាភិបាលបានកំពុងប្រើវាដើម្បីធ្វើ UFO ហើយធ្វើការសាកល្បងមន្ទីរពិសោធន៍លើមនុស្សភពក្រៅ។ ទ្រឹស្ដីមួយចំនួនផ្សេងទៀតបាននិយាយថាតំបន់ ៥១ ត្រូវបានប្រើសម្រាប់ ការស្រាវជ្រាវលើបច្ចេកទេសបញ្ជាពេលវេលា ការស្រាវជ្រាវលើការបំបាងកាយទៅទីតាំងមួយទៀត ជាកន្លែងនៃការប្រជុំជាមួយមនុស្សក្រៅភព ការស្រាវជ្រាវពីមធ្យោបាយសម្រាប់ការគ្រប់គ្រងអាកាសធាតុ និងសកម្មភាពផ្លែកៗជាច្រើន។

ទ្រឹស្ដីដែលលើកឡើងទាំងនេះក៏មានភាពអាថ៌កំបាំងច្រើនដូចតំបន់ ៥១ ដែរ ប៉ុន្តែរឿងមួយដែលប្រាកដនោះគឺ មនុស្សចូលចិត្តនិយាយពីវាណាស់។