
បឹង Hillier ដែលគេនិយមស្គាល់ថាជាបឹងពណ៌ផ្កាឈូកនោះ មានទីតាំងស្ថិតនៅចំកណ្តាលកោះ Recherche Archipelago នៃភាគខាងលិចក្នុងប្រទេសអូស្ត្រាលី។ បឹង Hillier ត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ ១៨០២ ដោយអ្នករុករក និងជាអ្នកគូសផែនទីលោក Matthew Flinders ដែលបានយកគំរូពីបឹងនេះ ហើយបានរៀបរាប់ក្នុងសៀវភៅកំណត់ហេតុរបស់គាត់។

លើសពីនេះទៅទៀត វាក៏ស្ថិតនៅជាប់នឹងមហាសមុទ្រប៉ាស៊ីហ្វិក ប្រសិនបើអ្នកទស្សនាវាពីលើ អ្នកនឹងឃើញពណ៌ផ្កាឈូកស្រាលនៃបឹង Hillier និងពណ៌ខៀវនៃមហាសមុទ្រ គឺពិតជាមានភាពស្រស់ស្អាត និងទាក់ទាញ។
បឹង Hillier មានបណ្តោយប្រវែង ៦០០ ម៉ែត្រ និងទទឹងរបស់វាមិនលើសពី ២៥០ ម៉ែត្រ ដែលនៅក្នុងបឹងនោះមានត្រីចម្រុះ ជាច្រើនប្រភេទ ប៉ុន្តែហាក់បីដូចជាមិនទទួលបាននូវការចាប់អារម្មណ៍អំពីភាពប្លែកៗគ្នានៃត្រីទាំងអស់នោះទេ ផ្ទុយទៅវិញអ្វីដែលគេចាប់អារម្មណ៍នោះ គឺពណ៌របស់បឹងនេះតែម្តង។

អ្នកវិទ្យាសាស្ត្រនៅតែមានភាពស្រពិចស្រពិល ចំពោះហេតុផលដែលនាំអោយមានពណ៌នេះកើតឡើង ហើយវាបានក្លាយជាប្រធានបទដែលមិនទាន់មានអ្នកណាអាចស្រាយចម្ងល់នេះបានឡើយ។ភាពមន្ទិលសង្ស័យភាគច្រើនពាក់ព័ន្ធនឹងវត្តមានរបស់ Dunaliella Salina Microalgae។
គួរបញ្ជាក់ផងដែរ Dunaliella គឺជាសារធាតុមួយដែលត្រូវគេបានរកឃើញជាពិសេស នៅក្នុងតំបន់ ឬ ទីកន្លែងណា ដែលមានជាតិអាស៊ីតខ្ពស់ ដូចជាបឹងអំបិល និងស្រះហួតអំបិលជាដើម ហើយវាក៏បានផលិតសារធាតុ Carotenoids ដែលសារធាតុនេះ ជាសារធាតុពណ៌មាននៅក្នុងការ៉ុត។ វត្តមានរបស់បាក់តេរី Halophilic នៅក្នុងស្រទាប់ក្រៅនៃអំបិល ក៏មិនអាចពន្យល់មូលហេតុនេះបានដែរ។

រយៈពេលប៉ុន្មានឆ្នាំក្រោយកន្លងមកនេះ គេធ្លាប់បានសាកល្បងទាញយកអំបិលពីបឹងនោះទៅពិសោធន៍ ប៉ុន្តែសព្វថ្ងៃនេះបឹង Hillier គឺគ្រាន់តែជាទីកន្លែងមួយសម្រាប់ទេសចរណ៍ប៉ុណ្ណោះ។ ក្រៅពីនេះអ្នកវិទ្យាសាស្រ្ត បានអះអាងថា បឹងនេះមានសភាពថ្លាល្អ និងមិនបង្កគ្រោះថ្នាក់ដល់ស្បែកមនុស្សឡើយ។ បើទោះបីជា ការហែលលេងកំសាន្តក្នុងបឹងនេះក៏មានសុវតិ្ថភាព ដែលវាត្រូវបានហ៊ុព័ទ្ធទៅដោយខ្សាច់ និងព្រៃក្រាស់នៃដើមឈើប្រេងខ្យល់និង អាកាសស្យា ដែលភ្ញៀវទេសចរណ៍ភាគច្រើនបានត្រឹមតែទស្សនាវាពីផ្ទៃខាងលើតែប៉ុណ្ណោះ។
