នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលសម្តេចមហាបវរធិបតីបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព បានកំណត់យកអាទិភាពគន្លឹះ ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺ បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ក៏ដូចជា ឆ្លើយតបទៅនឹងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺជាកម្មវិធីទី៤ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ យុទ្ធសាស្ត្រជាតិនេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។
រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាសសរស្តម្ភដ៏សំខាន់ និងចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ និងបានប្រគល់ភារកិច្ចដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួនាទីជាស្ថាប័នបង្គោលក្នុងការជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ តាមរយៈនេះ ក្រសួងបានរៀបចំបង្កើតយន្តការចាំបាច់មួយចំនួនសម្រាប់ដំណើរការក្នុងការជំរុញនិងអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងផ្នែកបច្ចេកទេស ផលិតភាព ហិរញ្ញវត្ថុ និងកិច្ចដំណើរការមុខរបរក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍមុខរបរស្របតាមវត្ថុបំណងសមាហរណខ្លួនទៅជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដ៏មានសក្តានុពល និងវឌ្ឍនភាព។
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធគឺជាកិច្ចការចាំបាច់ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងពេញលេញពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន សមាគម ជាពិសេសពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្លួនឯង ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍ បង្កើតប្រព័ន្ធអេកូឡូស៊ី និងភាពធន់នឹងវិបត្តិជាសកល។
ប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តជាតិ ត្រូវមានការពិនិត្យតាមដាន និងដោះស្រាយ ជាប់ជាប្រចាំ ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ ពិនិត្យលើអាទិភាពចំនួន១៥ប្រភេទដែលបានកំណត់អំពីវិស័យនិងប្រភេទអាជីវកម្មមុខរបរ ដែលក្នុងនោះ ជំហានដំបូង រាជរដ្ឋាភិបាលបានគិតគូរកំណត់នូវតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចមានក្នុងតារាងទី៣នៃឧបសម្ព័ន្ធទី១នៃ យុទ្ធសាស្ត្រជាតិ ដែលបានបែងចែកជា៣តំបន់ ដូចខាងក្រោម៖
ទី១/ តំបន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖(Informal Economy) សំដៅដល់គ្រប់សកម្មភាពអាជីវកម្ម មុខរបរ និងការងារ ដែលមិនមានការបំពេញបែបបទរដ្ឋបាល (១) មិនមានសកម្មភាពខុសច្បាប់ និង (២) ដែលនាំមានការលំបាកក្នុងការកំណត់អត្តសញ្ញាណ។
ទី២/ តំបន់នៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ លទ្ធភាពរបស់អ្នកប្រកបមុខរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមានកម្រិត និងមិនអាចបំពេញបែបបទពេញលេញដើម្បីចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធបាន ដូច្នេះត្រូវមានការបង្កើតតំបន់នេះឡើង ដោយមានការតម្រូវឱ្យមានការបំពេញបែបបទរដ្ឋបាលគោលខ្លះ ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ ហើយទទួលបាននូវការថែបំប៉ន ដើម្បីឈានចូលទៅក្នុងតំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ។
ទី៣/ តំបន់នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ៖ សកម្មភាពនៅក្នុងតំបន់នេះ មានលក្ខណៈ ២ដែរ គឺ៖ មិនមែន (១) សកម្មភាពខុសច្បាប់ និងបំពេញបែបបទរដ្ឋបាលបានពេញលេញដែលងាយស្រួលកំណត់អត្តសញ្ញាណ ប៉ុន្តែត្រូវមានការ រ៉ាប់រងបន្ទុកលើការបំពេញអនុលោមភាព (compliance burden)៕
ប្រភព៖ ក្រសួងព័ត៌មាន