ថ្លែងក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២៩ នៅសាលប្រជុំបូកគោ ខេត្តកំពត ចំនួន៥៨១រូប ថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ អ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត អគ្គស្នងការរងសមាគមកាយឫទ្ធិនារីកម្កុជា បានលើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំដ៏មានភាពប៉ិនប្រសប់ប្រកបដោយបទពិសោធន៍ និងគោលដៅជាក់លាក់ របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ បានពង្រីកសាខាសមគមចំនួន៤ មានដូចជាខេត្តសៀមរាប កំពត បាត់ដំបង និងខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមដោយការស្ម័គ្រចិត្តពិកុមារី យុវតី ស្ត្រី នៅរាជធានីភ្នំពេញ និងស្រុកល្វែឯម ខេត្តកណ្តាលផងដែរ ដោយបានប្រារពពិធីបញ្ចូលសមាជិកថ្មីបន្ថែមចំនួន៨លើកនៅតាមបណ្តារាជធានីខេត្ត ដែលមានសមាជិកសរុបទូទាំងប្រទេសចំនួន ៤៤៦២រូប។
អ្នកម្នាងអគ្គស្នងការរងបានបញ្ជាក់ថា សមាគមមិនត្រឹមតែផ្តល់ឱកាសឲ្យសមាជិកថ្មីបានស្វែងយល់ពី សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ សមាជិកថ្មីមានឱកាសចូលរួមក្នុងសកម្មភាពផ្សេងៗជាមួយសមាគម និងសកម្មភាពនានាដែលមានប្រយោជន៍ដល់សង្គមជាតិ និងភាពជាអ្នកដឹកនាំទៅថ្ងៃអនាគតផងដែរ។ អ្នកម្នាងបានលើកទឹកចិត្តដល់ សមាជិកថ្មី បន្តយកចិត្តទុកដាក់ ខិតខំរៀនសូត្រ និងអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែប្រសើរ ក្នុងនាមជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសនោះ អ្នកម្នាងក៏បានសម្តែងនូវកិច្ចកតញ្ញូតាធម៌ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះនរោត្តម មុនីនាថ ស៊ីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូ និងសុភមង្គល នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកគង់ជាព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ហើយព្រះអង្គតែងតែយកព្រះរាជហរទ័យទុកដាក់ ទំនុកបម្រុងគាំទ្រ ចង្អុលបង្ហាញ បំភ្លឺសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើឲ្យសមាគមមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងទទួលបានការទទួលស្គាល់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះដែរ លោកជំទាវ ហ៊ុន ចាន់ធី ប្រធានក្រុមប្រឹក្សាសមាគមកាយឬទ្ធិនារីកម្កុជាសាខាខេត្តកំពត បានលើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជាក្រោមការដឹកនាំដ៏មានភាពប៉ិនប្រសប់ប្រកបដោយបទពិសោធន៍ និងគោលដៅជាក់លាក់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា អាណត្តិថ្មីឆ្នាំ២០២១-២០២៤, សមាគមសម្រេចបាននូវវឌ្ឍនភាពការងារ និងសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេលដ៏ខ្លីទាំងលើការអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់សមាគម និងទិសដៅការងារទៅលើគម្រោងធំៗ ទាំង៥របស់សមាគមកាយឫទ្ធិនារីកម្ពុជា នៅតាមបណ្តារាជធានី-ខេត្តគោលដៅ និងជាពិសេសការបញ្ចូលសមាជិកថ្មីៗបន្ថែម ទៅក្នុងគ្រួសារសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីចូលរួមចំណែកក្នុងបុព្វហេតុ និងបេសកកម្មរបស់សមាគមក្នុងការជួយអភិវឌ្ឍថាមពលកុមារី និងយុវតីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យក្លាយទៅជាពលរដ្ឋល្អ ដែលមានការទទួលខុសត្រូវ ចំពោះខ្លួនផង គ្រួសារ សមាគម និងប្រទេសជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន