សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក
នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក មីកាមិ ម៉ាសាហ៉ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានតម្លៃប្រមាណ ២,៣៤០លានយេន ស្មើនឹងជាង ២០លានដុល្លារអាមេរិក។ គម្រោងនេះ សាងសង់ដោយក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈើ (Kubota-Metawater Joint Venture)។
សម្ដេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ដែលជាជំនួយឥតសំណងរបស់ប្រទេសជប៉ុនផ្ដល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីពិតជាមានមោទនភាពភាពចំពោះសមិទ្ធផលដែលចេញជាផ្លែផ្កាជាបន្តបន្ទាប់ រវាងមិត្តជប៉ុនមកដល់កម្ពុជា។ សម្តេចតេជោបានថ្លែងថា រយៈពេលប្រមាណតែមួយខែប៉ុណ្ណោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងនោះមានកំណាត់ផ្លូវជាតិលេខ៥ពីបាត់ដំបងទៅខេត្តបន្ទាយមានជ័យ, ការសម្ភោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧ នៅខេត្តក្រចេះ និងខេត្តព្រៃវែង និងការបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការជាមួយអង្គការចៃការបស់ជប៉ុន ក្នុងការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនេះ។ វត្តមានស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាពេលនេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ដែលឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប ៧០ឆ្នាំនៃទំនាក់ទំនងនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាពរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការចូលរួមចំណែករបស់ប្រទេសជាមិត្តនោះទេ រួមទាំងប្រទេសជប៉ុនផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូតជប៉ុន, នាយករដ្ឋមន្ត្រី , រដ្ឋមន្ត្រីការបរទេស , រដ្ឋមន្ត្រីការពារជាតិ, អគ្គមេបញ្ជាកងទ័ពរបស់ជប៉ុន ដែលបានស្វាគមន៍ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចនៅប្រទេសជប៉ុន។ សម្តេចតេជោបានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន គឺពិតជារវល់ណាស់ មិនងាយនឹងទទួលប្រតិភូណាមួយនោះទេ ដូច្នេះការទទួលស្វាគមន៍ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការបង្ហាញឱ្យឃើញទំនាក់ទំនងពិសេសរវាងកម្ពុជា-ជប៉ុន។ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់អោយជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកចាប់ពីពេលនេះតទៅ៕
សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះក្នុងការសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត
មន្ត្រីអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកកំពុងសម្របសម្រួលជាមួយសម្ព័ន្ធមិត្ត ហើយនឹងប្រកាសដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងម៉ូស្គូបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីអ៊ុយក្រែនជា តំបន់ឯករាជ្យ និងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅទីនោះ ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីល្ងាចថ្ងៃចន្ទថា “ថ្ងៃស្អែក សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីសម្រាប់ការរំលោភយ៉ាងច្បាស់លើច្បាប់អន្តរជាតិ និងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន” ។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទបានទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីចេញពីអ៊ុយក្រែនជាតំបន់ឯករាជ្យ ហើយបានប្រាប់ក្រសួងការពារជាតិរបស់រុស្ស៊ីឱ្យដាក់ពង្រាយកងទ័ពចូលទៅក្នុងតំបន់ទាំងពីរដើម្បី “រក្សាសន្តិភាព” ដែលបង្កើនភាពតានតឹងជាមួយលោកខាងលិចជុំវិញអ៊ុយក្រែន។ សហរដ្ឋអាមេរិកក៏នឹងប្រើប្រាស់ឧបករណ៍ដាក់ទណ្ឌកម្មដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនមួយចំនួនរបស់រុស្ស៊ីដោយដាក់ពួកគេនៅក្នុងបញ្ជីជាតិដែលបានកំណត់ជាពិសេស (SDN) ដោយមានប្រសិទ្ធភាពបណ្តេញពួកគេចេញពីប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិក ហាមឃាត់ការធ្វើពាណិជ្ជកម្មរបស់ពួកគេជាមួយជនជាតិអាមេរិក និងបង្កកទ្រព្យសម្បត្តិសហរដ្ឋអាមេរិករបស់ពួកគេ។ សហរដ្ឋអាមេរិក មិនទាន់អាចបញ្ជាក់បានថាតើសកម្មភាពបែបនេះរបស់រុស្ស៊ី ជាទង្វើឈ្លានពានដូចដែលខ្លួន និងសម្ពន្ធមិត្តលោកខាងលិចបាន ព្រមាននាពេលកន្លងមកនោះទេ។ ដ្បិត រុស្ស៊ីបានដាក់ពង្រាយកងទ័ព ក្នុងតំបន់នោះរួចស្រេចទៅហើយ។ តែទោះជាបែបនេះក្ដី លោក បៃដិន បានចុះហត្ថលេខាហើយលើបទបញ្ជាប្រតិបត្តិមួយដែលនឹងហាមពលរដ្ឋ ឬក្រុមហ៊ុនអាមេរិកក្នុងការវិនិយោគ, ធ្វើពាណិជ្ជកម្មនិងហិរញ្ញវត្ថុ ជាមួយសាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR) និងសាធារណរដ្ឋប្រជាមានិតលូហានក៍ (LNR)៕