ទស្សនកិច្ចរបស់លោកបណ្ឌិតយុន យ៉ុងហូ ទៅកាន់វិទ្យាស្ថានចក្ខុវិស័យអាស៊ី

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ លោកបណ្ឌិត យុន យ៉ុងហូ អគ្គនាយកស្នាក់ការកណ្តាលអន្តរជាតិនៃសហព័ន្ធសន្តិភាពសកល ប្រធានមូលនិធិវប្បធម៌ខ្យុងជុង និងជាបេសកជនពិសេសរបស់លោកជំទាវបណ្ឌិត ហាក់ ចា ហាន់មូន មាតានៃសន្តិភាព បានអញ្ជើញធ្វើទស្សនកិច្ចមកលេខាធិការដ្ឋាននៃស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានទីតាំងនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីប្រគល់នូវទឹកប្រាក់ឧបត្ថម្ភចំនួន ១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងន័យជួយគាំទ្ររាល់សកម្មភាពនានា ដែលស្ថិតនៅក្រោមលេខាធិការដ្ឋាននៃស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ផងដែរថា លេខាធិការដ្ឋាននៃស្ថាប័នស្រាវជ្រាវឆ្នាំ២០២២ ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងនៅក្នុងឱកាសនៃកម្មវិធី «មហាសន្និបាតនៃក្តីសង្ឃឹម ក្រុមប្រឹក្សាយោបល់២០២២» កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងសំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ និងបេសកកម្មរបស់សហព័ន្ធសន្តិភាពសកល(UPF) តាមរយៈការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសន្តិភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លេខាធិការដ្ឋាននេះមានគោលបំណងធ្វើការតភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ចំណេះដឹង និងសកម្មភាពនានា ពាក់ព័ន្ធនឹងការកសាងសន្តិភាព និងការផ្សះផ្សាជាតិ ដោយផ្តោតសំខាន់លើតំបន់មេគង្គ និងឧបទ្វីបកូរ៉េ។

ភារកិច្ចអាទិភាពទាំង ៥ របស់លេខាធិការដ្ឋាននេះ រួមមាន៖

•ផ្តល់ជាវេទិកាសម្រាប់កិច្ចសន្ទនា និងបណ្តាញទំនាក់ទំនង

•សិក្សាស្រាវជ្រាវ និងផ្តល់ជាអនុសាសន៍គោលនយោបាយ

•ជំរុញទំនាក់ទំនង និងកិច្ចសម្របសម្រួលលើវិស័យគោលនយោបាយ

•លើកកម្ពស់ការកសាងសមត្ថភាពស្តីពី ភាពជាអ្នកដឹកនាំដើម្បីសន្តិភាព និង

•លើកកម្ពស់ភាពជាក់ស្តែង និងឥទ្ធិពលនៃសហព័ន្ធសន្តិភាពសកលនៅក្នុងតំបន់៕

Share.

Comments are closed.