វាគ្មិន៖ លោក ចៅ សម្ជស្ស គ្រូឧទេសភាសាអង់គ្លេស ក្នុងវិទ្យាស្ថានភាសាបរទេស
សំណួរទី ១៖ មិនថាមុខជំនាញណានោះទេ តើការបន្តការសិក្សាដល់ថ្នាក់បរិញ្ញាបត្រមានសារៈសំខាន់យ៉ាងណាដែរ?
មុននឹងឆ្លើយតបទៅកាន់សំណួរនេះ ខ្ញុំបាទសូមលើកពីបទពិសោធន៍របស់ខ្ញុំបន្តិចក្រោយពេលបញ្ចប់ការសិក្សាថ្នាក់ទី ១២។ ក្រោយប្រឡងជាប់ ខ្ញុំមិនដឹងថា ទៅធ្វើអ្វីឡើយព្រោះខ្ញុំមិនមានជំនាញច្បាស់លាស់អ្វីមួយ។ សំណាងល្អដែរ ខ្ញុំចេះភាសាអង់គ្លេសក្នុងកម្រិតមួយល្អ ដូចនេះខ្ញុំក៏ប្រឡងជាប់ចូលក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសាអង់គ្លេស។ លោកគ្រូអ្នកគ្រូបានណែនាំខ្ញុំលើអ្វីគ្រប់យ៉ាងរហូតដល់ខ្ញុំមានគំនិតក្លាយជាលោកគ្រូម្នាក់។ នេះជាប្រយោជន៍មួយរបស់សកលវិទ្យាល័យ។
ដោយឡែកវិញ ក្នុងប្រទេសកម្ពុជា មានសកលច្រើនណាស់ ប៉ុន្តែសិស្សដែលរៀនចប់មិនគោលដៅច្បាស់លាស់នោះទេ។ ខ្លះយកមុខជំនាញតាមឪពុកម្តាយ មិត្តភក្តិ ឬតាមនិន្នាការសង្គម។ សិស្សានុសិស្សត្រូវសិក្សាពីខ្លួនឯងជាមុនសិន ថាខ្លួនឯងចង់ធ្វើអ្វី។ ការសិក្សាក្នុងមហាវិទ្យាល័យមិនមែនជាការរៀនឱ្យតែរួចនោះទេ។ ថ្នាក់បរិញ្ញាបត្រគឺជាជំហានមួយថ្មី ដើម្បីឱ្យសិស្សស្វែងរកខ្លួនឯង យកជំនាញមួយដែលខ្លួនឯងពេញស្រលាញ់ពេញចិត្តដើម្បីធ្វើអាជីពសម្រាប់ចិញ្ចឹមខ្លួនឯងក្រោយពេលដែលត្រូវលាចេញពីឪពុកម្តាយ។ក្រសួងការងារ ស្ថានទូត ឬសកលវិទ្យាល័យបានរៀបចំកម្មវិធីជាច្រើនដើម្បីឱ្យយល់ពីរឿងនេះដូចជាកម្មវិធីតម្រង់ទិសជាដើម។
ជារួមមក សារៈសំខាន់នៃការចូលរៀនថ្នាក់បរិញ្ញាបត្រគឺ លោកគ្រូនីមួយៗមានមុខជំនាញខុសៗគ្នា ហើយផោ្តតសំខាន់ទៅលើអ្វីផ្សេងៗគ្នា។ ហើយការបង្រៀនក្នុងសកលវិទ្យាល័យគឺជាបង្រៀនបែបឯកទេសផ្លូវការ មិនមែនជាការប្រើប្រាស់ធម្មតាទេ។ មួយជំនាញមួយត្រូវបានរៀបចំឱ្យត្រូវតាមស្ដង់ដារ បង្រួមជំនាញពីចំណេះដឹងទូទៅពីថ្នាក់ក្រោយមកឱ្យក្លាយជាការសិក្សាមួយមានការផ្តោតសំខាន់ច្បាស់លាស់ មានច្បាប់ត្រឹមត្រូវហើយអាចតម្រស់ទៅផ្លូវត្រូវបាន។ បូករួមទាំងការសិក្សាដោយខ្លួនឯង ថ្នាក់បរិញ្ញាបត្រនឹងធ្វើឱ្យនិស្សិតយល់ពីជំនាញនិងខ្លួនឯងឱ្យកាន់តែច្បាស់។
សំណួរទី ២៖ ក្រៅពីការផ្តល់ចំណេះដឹងផ្នែកមុខជំនាញ តើសកលវិទ្យាល័យមានតួនាទីក្នុងការរៀបចំចរិតលក្ខណៈ និងការគិតរបស់និស្សិតយ៉ាងណាខ្លះដែរ?
តាមរយៈបទពិសោធន៍ ២០ឆ្នាំរបស់លោកគ្រូក្នុងការបង្រៀនក្នុងសកលវិទ្យាល័យ លោកគ្រូសង្កេតថា និស្សិតចូលរៀនដំបូងមានចរិតដូចសិស្សថ្នាក់ក្រោយដែរគឺ គាត់រៀននេះ រៀននោះ មិនដឹងច្បាស់។ ប៉ុន្តែនាពេលដែលគាត់ចូលរៀនក្នុងសកលបន្តិច គាត់នឹងសង្កេតមើលមិត្តភក្តិ លោកគ្រូអ្នកគ្រូ និងបរិយាកាសជុំវិញខ្លួនគ្នាបូករួមទាំងការសិក្សាដោយខ្លួនឯងធ្វើឱ្យការបង្កើតនូវអ្វីមួយដែរថ្មី។ គាត់ចាប់ធ្វើការជាក្រុម សិក្សាលក្ខណៈផ្នែកជំនាញ រហូតគាត់នឹងក្លាយជាមនុស្សថ្មីមួយដែលសក្តានុពលយ៉ាងខ្លាំង។
សំណួរទី ៣៖ តើលោកគ្រូមានយោបល់យ៉ាងណាដែរក្នុងការណែនាំសិស្សដែលទើបតែរៀនចប់ ប៉ុន្តែមិនដឹងខ្លួនចង់យកជំនាញណា?
លោកគ្រូយល់ពីបរិបទពីសិស្សាថ្នាក់ក្រោយ និងសម្ពាធរបស់អាណាព្យាបាល ដូចនេះលោកគ្រូសូមផ្តល់យោបល់ថា សូមប្អូនចូលគិតពីមុខជំនាញ មិនចាំរហូតដល់រៀនចប់នោះទេ។ ប្អូនត្រូវរៀនមើលឱ្យហើយថា ខ្លួនមានទេពកោសល្យខាងណា ចូលចិត្តស្រលាញ់ខាងណា ចង់បានអ្វីពីជីវិតរបស់ខ្លួន។
មួយវិញទៀត ខ្ញុំបានមើលឃើញថា សកលសាលាបានខិតខំប្រឹងប្រែងដាក់កម្មវិធីជាច្រើនជាសិសេសទៅសាលារដ្ឋដើម្បីទាក់ទាញសិស្ស និងធ្វើពាណិជ្ជកម្ម។ ខ្ញុំគិតថា យើងមិនត្រូវឱ្យគេទាក់ទាញបាននោះទេ។ អ្វីដែលប្អូនត្រូវធ្វើគឺត្រូវមើលមកខ្លួនឯង ថាយើងស្រលាញ់អ្វីហើយសង្គមត្រូវការអ្វី។ ជាមួយគ្នានេះដែរ យើងក៏ត្រូវមើលទៅលើចំណូលរបស់គ្រួសារយើងដែរ។ ប្រសិនបើយើងចង់យកមុខជំនាញណាដែលត្រូវការចំណាយច្រើន យើងត្រូវប្តូរទិសដៅប៉ុន្តែយើងនូវតែរក្សាគោលដៅ។ យើងជ្រើសយកជំនាញណាមួយដើម្បីធ្វើជាទុនដើម្បីបន្តការសិក្សាតទៅទៀត។
ដូចគ្នានេះដែរ ខ្ញុំសំណូមពរឪពុកម្តាយកុំឱ្យដាក់សម្ពោធទៅលើកូន។ យើងមិនអាចចិញ្ជឹមគាត់មួយជីវិតបាននោះទេ។ យើងត្រូវផ្តល់សិទ្ធិសេរីភាពជូនគាត់ព្រោះកាលណាក្មេងស្រលាញ់អ្វីមួយ គាត់នឹងធ្វើវារហូតបានល្អ។ គាត់អាចជួយគ្នាបានកុំឱ្យតែបាក់ទឹកចិត្ត ប៉ុន្តែការជ្រើសរើសរកមុខជំនាញ សូមឱ្យគាត់ជ្រើសរើសដោយខ្លួនឯង។
សំណួរទី ៤៖ នាពេលដែលប្រទេសកម្ពុជាយើងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ តើសកលវិទ្យាល័យនឹងក្លាយជាទីតាំងមួយសម្រាប់ធ្វើការសន្ទនាគ្នាដើម្បីរកដំណោះស្រាយទៅនឹងបញ្ហាក្នុងសង្គមផ្សេងៗបានទេ?
ច្បាស់ណាស់ក្នុងឆ្នាំ ២០៥០ ប្រទេសយើងនឹងមានការរីកចម្រើនប៉ុន្តែបញ្ហាក៏អាចកើតមានដែរ។ យុវជ័យសព្វថ្ងៃនឹងក្លាយជាបុគ្គលពេញវ័ញដែលតម្រូវឱ្យចិញ្ចឹមគ្រួសារ។ អ្វីដែលខ្ញុំបារម្ភនោះគឺ និស្សិតមួយចំនួនរើសជំនាញខុស ឬមុខជំនាញដែលហួសសម័យ។ មុខវិជ្ជាមួយចំនួននឹងត្រូវបានជំនួសដោយបច្ចេកវិទ្យា។ ដូចនេះ ការដែលនិស្សិតធ្វើការជជែកគ្នា មានការរៀបចំវេទិកាដើម្បីនិយាយអ្វីដែលគួរធ្វើ អ្វីដែលត្រូវធ្វើឱ្យល្អជាមុន អ្វីដែលគួរចោល។ សកលវិទ្យាល័យក្នុងប្រទេសកម្ពុជាគួរតែបញ្ជៀបចំណេះដឹងទាំងនេះទៅតាមសាលាចំណេះដឹងទូទៅដើម្បីឱ្យគាត់យល់ដឹងហើយអ្វីដែលត្រូវចាប់យកនាថ្ងៃអនាគត។