វាគ្មិន៖ លោក ជី សុផាត អ្នករៀបចំបារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល
បច្ចុប្បន្ននេះ ការបង្កើតមាតិកាមានភាពងាយស្រួលណាស់ដោយវាទាមទារតែគណនីក្នុងបណ្តាញណាមួយជាមួយនឹងឧបករណ៍ដែលអាចថតបាន។ ប្រសិនបើបុគ្គលណាថតហើយបានបង្ហោះ យើងអាចហៅគាត់ថា ជាអ្នកបង្កើតមាតិកា។ នាពេលសព្វថ្ងៃ មានព័ត៌មាននិងមាតិកាយ៉ាងសម្បូរបែបណាស់ ខ្លះនិយាយពីផ្នែកអប់រំ ខ្លះផលិតផ្នែកព័ត៌មាន។ នេះធ្វើឱ្យមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមាននោះគឺវាធ្វើឱ្យយើងទទួលបានព័ត៌មានកាន់តែច្រើន។ ប៉ុន្តែព័ត៌មានច្រើននោះក៏អាចធ្វើជាផលអវិជ្ជមានផង
ដែរ។ ប៉៉ុន្តែកត្តាអវិជ្ជមានដែលបានកើតឡើងក៏ដោយសារអ្នកផលិតដែរ។ អ្នកផលិតមាតិកាខ្លះគឺពឹងផ្អែកទៅលើសក្តានុពលនៃអ្នកគាំទ្ររបស់គាត់។ នេះបានធ្វើឱ្យគាត់គិតតែផលចំណេញផ្ទាល់ខ្លួនដោយមិនបានគិតពីចំណេះវិជ្ជាជីវៈរបស់គាត់ទេ។ ដូចនេះ ខ្លះបានរំលោភបំពានលើច្បាប់កម្មសិទ្ធិបញ្ញាឬសិទ្ធិឯកជនដោយទាំងនេះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ព្រោះអ្នកទស្សនាបានទទួលឥទ្ធិពលពីមាតិកាទាំងនោះ។ សាទរសម្រាប់អ្នកដែលផលិតកាន់តែច្រើនប៉ុន្តែគ្រាន់ថាយើងត្រូវតែអនុលោមទៅតាមក្រមសីលធម៌ វិជ្ជាជីវៈក៏ដូចជាសុជីវធម៌នៅក្នុងប្រទេសរបស់យើងផងដែរ ព្រោះខ្ញុំគិតថាការអភិវឌ្ឍដែលមានការផលិតទិន្នន័យកាន់តែច្រើនប៉ុន្តែប្រសិនបើអត់មានក្រមសីលធម៌ទាំងអស់នោះ វានឹងធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចអសីលធម៌។
សំណួរទី ១៖ តើអ្នកបង្កើតមាតិកាក្នុងសម័យឌីជីថលមានទំនួលខុសត្រូវយ៉ាងណាដែរ?
បច្ចុប្បន្ននេះ ការបង្កើតមាតិកាមានភាពងាយស្រួលណាស់ដោយវាទាមទារតែគណនីក្នុងបណ្តាញណាមួយជាមួយនឹងឧបករណ៍ដែលអាចថតបាន។ ប្រសិនបើបុគ្គលណាថតហើយបានបង្ហោះ យើងអាចហៅគាត់ថា ជាអ្នកបង្កើតមាតិកា។ ប៉ុន្តែសព្វថ្ងៃ មិនមានការកំណត់ជាក្រុមឬចំណាត់ថ្នាក់នៃអ្នកផលិតនោះទេ។ ក្រុមហ៊ុនមួយចំនួនបានកំណត់អ្នកផលិតមាតិកាតាមចំនួនអ្នកគាំទ្រដូចជា ១ ពាន់, ២ ពាន់នាក់ជាដើម។ និយាយពីក្រមសីលធម៌វិញ អ្នកផលិតមាតិកាដំបូងត្រូវតែមានក្រមសីលធម៌ដើម្បីឱ្យមានអ្នកតាមដានច្រើន។ ប្រសិនបើគាត់មិនមានគុណតម្លៃ គាត់នឹងក្លាយជាអ្នកផលិតមួយដែលមិនមានគុណតម្លៃ ក្រមសីលធម៌ និងវិជ្ជាជីវៈ។
សំណួរទី ២៖ ដោយសារតែព័ត៌មានមានភាពកាន់តែសម្បូបែបឡើង តើការបង្កើតមាតិកាប្រកបដោយភាពត្រឹមត្រូវនឹងមានភាពងាយស្រួល ឬស្មុកស្មាញយ៉ាងណាខ្លះដែរ?
ជាការពិតណាស់ នាពេលសព្វថ្ងៃ មានព័ត៌មាននិងមាតិកាយ៉ាងសម្បូរបែបណាស់ ខ្លះនិយាយពីផ្នែកអប់រំ ខ្លះផលិតផ្នែកព័ត៌មាន។ នេះធ្វើឱ្យមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ ផលវិជ្ជមាននោះគឺវាធ្វើឱ្យយើងទទួលបានព័ត៌មានកាន់តែច្រើន។ ប៉ុន្តែព័ត៌មានច្រើននោះក៏អាចធ្វើជាផលអវិជ្ជមានផងដែរ។ ខ្ញុំគិតថា នេះគឺជារឿងធម្មតាក្នុងសង្គមរបស់យើងទោះបីយើងមិនបានប្រឡូកក្នុងបណ្តាញសង្គមក៏ដោយ។ ប៉ុន្តែក្នុងនាមយើងជាអ្នកទទួលយក យើងត្រូវចេះវាយតម្លៃពីក្រមសីលធម៌របស់មាតិកានិងអ្នកផលិតមាតិកានោះ។ អ្នកណាគួរតាមដាន អ្នកណាមិនគួរ អ្នកណាប្រកបដោយក្រមសីលធម៌ ទាំងអស់នេះជាសិទ្ធិរបស់អ្នកតាមដាន។ យើងត្រូវចេះវាយតម្លៃពីព័ត៌មានមួយចំនួនព្រោះវាអាចជះឥទ្ធិពលអវិជ្ជមានមកលើយើង។ ម្យ៉ាងវិញទៀត ព័ត៌មានអវិជ្ជមានមួយចំនួនកើតឡើងក៏ដោយសាររបៀបនៃរចនាសម័្ពន្ធឬរបៀបដំណើរការលើប្រព័ន្ធសង្គមក្នុងប្រព័ន្ធឌីជីថលយើងផងដែរ។
ប៉៉ុន្តែកត្តាអវិជ្ជមានដែលបានកើតឡើងក៏ដោយសារអ្នកផលិតដែរ។ អ្នកផលិតអាចមាន ២ ប្រភេទ៖ (១) គាត់មិនដឹងថាអ្វីដែលគាត់ធ្វើនេះបានបំពាននូវក្រមសីលធម៌ទេ (២) គាត់ដឹងពីក្រមសីលធម៌ហើយគាត់នៅតែធ្វើ។ នេះគឺជាអ្វីដែលអាចកើតមាន។ ជារួមមក ប្រសិនបើយើងជាអ្នកតាមដាន យើងត្រូវចេះវាយតម្លៃទៅលើសីលធម៌និងវិជ្ជាជីវៈឱ្យបានច្បាស់លាស់ដើម្បីទាញផលប្រយោជន៍សម្រាប់ខ្លួនឯង។ ចំពោះអ្នកផលិតវិញ គាត់ក៏ត្រូវស្វែងយល់ពីក្រមសីលធម៌ឱ្យបានច្បាស់លាស់ផងដែរ។
សំណួរទី ៣៖ តើការដែលមិនមានក្រមសីលធម៌ក្នុងការផ្សព្វផ្សាយមាតិកាអាចធ្វើឱ្យមានផលប៉ះពាល់យ៉ាងណាខ្លះ?
ប្រាកដណាស់! វានឹងមានផលប៉ះពាល់ខ្លាំង។ អ្នកផលិតមាតិកាខ្លះគឺពឹងផ្អែកទៅលើសក្តានុពលនៃអ្នកគាំទ្ររបស់គាត់។ នេះបានធ្វើឱ្យគាត់គិតតែផលចំណេញផ្ទាល់ខ្លួនដោយមិនបានគិតពីចំណេះវិជ្ជាជីវៈរបស់គាត់ទេ។ ដូចនេះ ខ្លះបានរំលោភបំពានលើច្បាប់កម្មសិទ្ធិបញ្ញាឬសិទ្ធិឯកជនដោយទាំងនេះអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ព្រោះអ្នក
ទស្សនាបានទទួលឥទ្ធិពលពីមាតិកាទាំងនោះ។
ដោយប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍ផ្នែកឌីជីថល ដូចនេះមូលដ្ឋានឌីជីថលរបស់អ្នកប្រើប្រាស់មួយចំនួនមិនទាន់មាននៅឡើយទេ។ ប្រជាជនយើងភាគច្រើនជាពិសេសនៅតាមជនបទមិនទាន់ចេះវាយតម្លៃនិងវិភាគវានោះទេ។ ដូចនេះ ប្រសិនបើអ្នកផលិតមាតិកាមិនមានក្រមសីលធម៌ វានឹងធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកតាមដានរបស់គាត់។
សំណួរទី ៤៖ ចំពោះអ្នកទទួលយកមាតិកាវិញ ក្នុងនាមជាអ្នកទស្សនា តើពួកគាត់ត្រូវមានក្រមសីលធម៌យ៉ាងណាដែរ?
ជាធម្មតាទេ រាល់មាតិកាតែងតែមានការឆ្លើយតបមកវិញ ដូចនេះអ្នកផលិតនិងអ្នកទស្សនាត្រូវមានក្រមសីលធម៌ជាមួួយគ្នាទៅវិញទៅមកដូចក្នុងការរស់នៅប្រចាំថ្ងៃដែរ។ ប្រសិនបើអ្នកផលិតនិងអ្នកទស្សនាមិនមានក្រមសីលធម៌ដូចគ្នា នោះវានឹងបង្កឱ្យមានបរិយាកាសមិនល្អ។ ក្នុងករណីមួយទៀត ប្រសិនបើអ្នកផលិតមានក្រមសីលធម៌ប៉ុន្តែអ្នកទស្សនាមិនមានក្រមសីលធម៌ វានឹងបង្កឱ្យមានទិដ្ឋភាពមិនល្អ។ លើសពីនេះទៅទៀត វាក៌អាចជះឥទ្ធិពលក្មេងៗជំនាន់ក្រោយផងដែរ។ ការឆ្លើយតបមិនល្អឬការប្រើពាក្យមិនត្រឹមត្រូវសុទ្ធតែជាការជះឥទ្ធិពលអវិជ្ជមានដល់បណ្តាញសាធារណៈ។ ប្រសិនបើករណីនេះកាន់តែកើនឡើង នោះបណ្តាញសង្គមយើងនឹងពោរពេញទៅដោយពាក្យមិនល្អ។ នេះហើយគឺជាការបង្កើតឱ្យមានទិដ្ឋភាពមិនល្អ។
សំណួរទី ៥៖ នៅក្នុងសម័យឌីជីថល តើអ្នកផលិតមាតិកានឹងអាចដើរតួួយ៉ាងណាដែរក្នុង ឆ្នាំ ២០៥០?
ដោយយើងដឹងហើយថា សេដ្ឋកិច្ចមហាអំណាចធំៗត្រូវមានអំណាចច្រើន។ អំណាចដែលខ្ញុំគិតថាធំធេងបំផុតនាពេលបច្ចុប្បន្នគឺអំណាចទិន្នន័យ។ ប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍។ ដូចនេះ ការផលិតមាតិកាគឺជាចំណុចមួយដែលជាទិន្នន័យសម្រាប់ប្រទេសយើងក្នុងការអភិវឌ្ឍប្រព័ន្ធឌីជីថល។ យើងត្រូវការអ្នកផលិតមាតិកាឱ្យកាន់តែច្រើនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចឌីជីថល។
ទន្ទឹមនឹងនេះ ចក្ខុវិស័យរបស់ខ្ញុំគឺចង់ឲ្យមានការផលិតកាន់តែច្រើនប៉ុន្តែស្របជាមួយនឹងក្រមសីលធម៌និងនីតិវិធីច្បាប់នៅក្នុងប្រទេសយើង។ លើសពីនេះ យើងក៏ចង់ឱ្យមានអ្នកដែលផលិតមាតិកាក្រៅប្រទេស ប៉ុន្ដែប្រើប្រាស់ភាសាខ្មែរដើម្បីឱ្យអ្នកប្រើប្រាស់ក្នុងប្រទេសទទួលបានព័ត៌មានទាំងអស់នោះ។ ខ្ញុំសាទរសម្រាប់អ្នកដែលផលិតកាន់តែច្រើនប៉ុន្តែគ្រាន់ថាយើងត្រូវតែអនុលោមទៅតាមក្រមសីលធម៌ វិជ្ជាជីវៈក៏ដូចជាសុជីវធម៌នៅក្នុងប្រទេសរបស់យើងផងដែរ ព្រោះខ្ញុំគិតថាការអភិវឌ្ឍដែលមានការផលិតទិន្នន័យកាន់តែច្រើនប៉ុន្តែប្រសិនបើអត់មានក្រមសីលធម៌ទាំងអស់នោះ វានឹងធ្វើឱ្យប្រទេសមានសេដ្ឋកិច្ចអសីលធម៌។ ដូចនេះ យើងត្រូវរួមគ្នា អ្នកផលិតនិងអ្នកដែលចែកចាយគឺត្រូវមានក្រមសីលធម៌ដើម្បីឱ្យប្រព័ន្ធឌីជីថលរបស់យើងប្រកបដោយភាពស្រស់បំព្រង ការរាប់អានគ្នា ហើយមានសន្តិភាពទាំងអស់គ្នា។