សំណួរទី ១៖ អ្វីទៅជា សេដ្ឋកិច្ចឌីជីថល? ហើយវាមានលក្ខណៈខុសពីសេដ្ឋកិច្ចបែបប្រពៃណីយ៉ាងណាដែរ?
មុននឹងឈានដល់ថាតើអ្វីជាសេដ្ឋកិច្ចឌីជីថល នាងខ្ញុំសូមបញ្ជាក់ថា ពាក្យ ”សេដ្ឋកិច្ចឌីជីថល” នេះ មិនមែនជាពាក្យថ្មីនោះឡើយ។ តាមការពិតទៅពាក្យនេះ ត្រូវបានបង្កើតឡើងដោយលោក Don Tapscott តាំងពីឆ្នាំ ១៩៩៥ មកម៉្លេះ។ ចំពោះនិយមន័យនៃពាក្យ “សេដ្ឋកិច្ចឌីជីថល” នេះ គឺមិនមាននិយមន័យជារួមឡើយ។ ការឱ្យនិយមន័យនៃពាក្យនេះមានភាពខុសគ្នាទៅតាមប្រទេស ឬស្ថាប័ននីមួយៗ។ ឧទាហរណ៍៖ យោងតាមអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ ឬហៅកាត់ជាភាសាអង់គ្លេសថា OECD, បានឱ្យនិយមន័យនៃពាក្យ “សេដ្ឋកិច្ចឌីជីថល” ថាជាសកម្មភាពសេដ្ឋកិច្ចទាំងអស់ដែលពឹងផ្អែកលើ ឬអាចធ្វើឱ្យប្រសើរឡើង តាមរយៈការប្រើប្រាស់ធាតុចូលឌីជីថល ដែលរួមមានដូចជា៖ បច្ចេកវិទ្យាឌីជីថល, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល, សេវាឌីជីថល និងទិន្នន័យ ជាដើម។ ហើយពាក្យនេះក៏សំដៅដល់ទាំងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងរដ្ឋាភិបាល ដែលបាន និងកំពុងប្រើប្រាស់ធាតុចូលឌីជីថលដែលបានរៀបរាប់ខាងលើ នៅក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគេ។ យើងមកមើលការឱ្យនិយមន័យនៃពាក្យ “សេដ្ឋកិច្ចឌីជីថល” នៅក្នុងបរិបទប្រទេសកម្ពុជាវិញ។ យោងតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥, ក្នុងន័យទូលំទូលាយ សេដ្ឋកិច្ចឌីជីថលសំដៅទៅដល់ប្រព័ន្ធទំនាក់ទំនងសេដ្ឋកិច្ច សង្គម និង វប្បធម៌ ដែលពឹងផ្អែកលើការប្រើប្រាស់ប្រព័ន្ធ ICT និង ឌីជីថល។ ក្នុងន័យចង្អៀត សេដ្ឋកិច្ចឌីជីថលគឺជាទីផ្សារដែលពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថលក្នុងការសម្រួលដល់ការដោះដូរទំនិញ និង ការផ្តល់សេវា តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬម្យ៉ាងទៀត គឺជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ផ្អែកលើអ៊ីនធឺណិត នៅក្នុងដំណើរការផលិតកម្ម និង ការដោះដូរទំនិញ និង សេវា។
សេដ្ឋកិច្ចឌីជីថលមានលក្ខណៈខុសគ្នាពី សេដ្ឋកិច្ចបែបប្រពៃណីដោយផ្អែកលើចំណុចចំនួន ៤ ដែលរួមមាន៖ ១) ការមិនផ្តោតខ្លាំងលើទីតាំងភូមិសាស្រ្ត, ២) តួរនាទីរបស់ថ្នាល (Platform) (បណ្តាញផ្សព្វផ្សាយសង្គម ឬថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម), ៣) ឥទ្ធិពលនៃបណ្តាញ និង ៤) ការប្រើប្រាស់ទិន្នន័យធំ (Big Data)។ នាងខ្ញុំសូមលើកឧទាហរណ៍ដែលទាក់ទងនឹងការលក់ដូរផលិតផលយកមកពន្យល់ ពីចំណុចលើចំណុចទាំង៤ ដែលបានលើកឡើងខាងលើ។ នៅក្នុងសេដ្ឋកិច្ចបែបប្រពៃណី, ម្ចាស់អាជីវកម្មត្រូវមានហាងនៅទីតាំងណាមួយជាក់លាក់ ដើម្បីអាំចភ្ញៀវទៅទិញផលិតផលបានដោយផ្ទាល់។ ចំពោះកេរ្តិ៍ឈ្មោះរបស់ហាងពួកគាត់ គឺត្រូវពឹងលើការផ្តល់ព័ត៌មានពីអតិថិជនរបស់ហាងទៅដល់អ្នកដែលស្គាល់គ្នា (បើនិយាយ
ឱ្យសាមញ្ញគឺការពឹងពីមាត់មួយទៅមាត់មួយ)។ ចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មវិញ, នៅក្នុងសេដ្ឋកិច្ចបែបប្រពៃណី, ម្ចាស់អាជីវកម្មខ្លះចែកជាខិត្តប័ណ្ណ ឬដាក់បញ្ជរផ្សព្វផ្សាយតាមដងផ្លូវ ឬតាមមជ្ឈណ្ឌលពាណិជ្ជកម្ម ជាដើម។ ប៉ុន្តែនៅក្នុងសេដ្ឋកិច្ចឌីជីថល, ម្ចាស់អាជីវកម្មគាត់មិនចាំបាច់មានទីតាំងហាងជាក់លាក់នោះទេ។ គាត់អាចលក់ផលិតផលនៅតាមថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ដូចជា Facebook ឬ IG ជាដើម) ដែលអតិថិជនអាចទិញផលិតផលតាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងទូទាត់ប្រាក់សងប្រាក់ឌីជីថលបាន តាម
រយៈការស្កេនឃ្យូអរកូដ ឬវេរលុយតាមលេខកុងធនាគារ ឬលេខទូរស័ព្ទចល័ត។ ចំពោះកេរ្តិ៍ឈ្មោះរបស់ហាងវិញ, ម្ចាស់អាជីវកម្មមិនសូវជាត្រូវពឹងផ្អែកលើការប្រាប់គ្នាពីមាត់មួយទៅមាត់មួយទេ។ ពួកគាត់អាចពឹងផ្អែកលើស្ទើរតែទាំងស្រុងលើការវាយតម្លៃ និងផ្តល់ពិន្ទុ ឬផ្កាយនៅលើទំនិញ ឬ
សេវាកម្មពីអតិថិជនរបស់គាត់នៅលើគេហទំព័រតាមបណ្តាញអ៊ីនធឺណិតបាន។ នៅពេលដែលអតិថិជនកាន់តែច្រើនបានចូលរួមធ្វើការវាយតម្លៃ និងការផ្តល់ពិន្ទុ ឬផ្កាយលើលើទំនិញ ឬសេវាកម្មរបស់ពួកគាត់កាន់តែច្រើន, ទំនុកចិត្ត និងការជឿជាក់ដល់អ្នកដទៃទៀតដែលមិនទាន់ក្លាយជាអតិថិជនក៏កាន់តែកើនឡើងដែរ ដែលអាចនាំឱ្យពួកគាត់មកទិញទំនិញ ឬប្រើប្រាស់សេវាកម្មរបស់ពួកគាត់។ ចំណុចនេះគឺជាចំណុចដែលខ្ញុំបានលើកឡើងខាងលើ ដែលទាកទងនឹងឥទ្ធិពលនៃបណ្តាញ។ នៅក្នុងសេដ្ឋកិច្ចឌីជីថល, ម្ចាស់អាជីវកម្មអាចប្រើបផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់ពួកគាត់ដល់អតិជនគោលដៅ ដោយមិនចាំបាច់បោះខិត្តប័ណ្ណផ្សព្វផ្សាយ ឬមានការតាំងជាស្តង់ឡើយ តាមរយៈការប្រើប្រាស់ថ្នាលឌីជីថល ដែលក្នុងនោះរួមមាន Facebook ជាដើម។ ទស្សនិកជនដែលប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនប្រហែលជាសង្កេតឃើញថា នៅក្នុងគេហទំព័រ Facebook របស់ពួកគាត់មានការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលការផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួនហាក់ដូចជាត្រូវនឹងអ្វីដែលគាត់ធ្លាប់ស្វែងរកនៅក្នុងគេហទំព័រ Facebook ។ ត្រង់កន្លែងនេះហើយដែល Facebook បានប្រើប្រាស់ទិន្នន័យរបស់យើង ដើម្បីឱ្យម្ចាស់អាជីវកម្មដែលអាចធ្វើការផ្សព្វផ្សាយដល់អតិថិជនគោលដៅរបស់គាត់។
ដើម្បីជៀសវាងទស្សនិកជនមានការយល់ច្រឡំ នាងខ្ញុំសូមបញ្ជាក់ផងដែរថា ទោះបីជាចំណុចដែលបានបង្ហាញខាងលើបានបង្ហាញលក្ខណៈផ្សេងគ្នារវាងសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបែបប្រពៃណីក៏ពិតមែន, តែសេដ្ឋកិច្ចទាំង ២ នេះ អាចកើតឡើងនៅពេលជាមួយគ្នា និងមានការពឹងផ្អែកគ្នាទៅវិញទៅមក។ ឧទាហរណ៍៖ ការលក់ទំនិញនៅតាមហាង អាចប្រើប្រាស់ឃ្យូអរកូដ ដើម្បីអាចឱ្យអតិថិជនអាចទូទាត់ប្រាក់បានងាយស្រួល។ ការទិញទំនិញរូបវ័ន្ត (ដូចជា សម្លៀកបំពាក់, ម្ហូបអាហារ ។ល។) តាមប្រព័ន្ធអេឡិចត្រូនិក ត្រូវពឹងផ្អែកលើការហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ) និងមធ្យោបាយដឹកជញ្ជូនដូចជារម៉កកង់បី ដើម្បីដឹកជញ្ជូនដល់អតិថិជន។
សំណួរទី ២៖ នៅក្នុងប្រទេសកម្ពុជា តើមានវិស័យអ្វីខ្លះដែលនាំមុខគេក្នុងសេដ្ឋកិច្ចឌីជីថល?
នៅក្នុងប្រទេសកម្ពុជា វិស័យដែលនាំមុខគេក្នុងសេដ្ឋកិច្ចឌីជីថលមានចំនួន ៥ រួមមាន៖១)ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬដែលហៅជាភាសាអង់គ្លេសថា e-commerce, ការដឹកជញ្ជូន និងអាហារ, ការកក់សេវាធ្វើដំណើរតាមអនឡាញ, ការផ្សព្វផ្សាយតាមអនឡាញ និងសេវាហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ, យើងក៏សង្កេតឃើញវិស័យដែលទើបនឹងបង្កើតឡើង និងមានសក្តានុពលនាពេលអនាគត ដែលរួមមាន៖ បច្ចេកវិទ្យាសុខាភិបាល (ដូចជា ពេទ្យយើង និង PillTech ជាដើម), បច្ចេកវិទ្យាអប់រំ (ដូចជា Sala. Co, តេស្ត១២ និងសង្កប្ប ជាដើម),កម្មវិធីជាសេវាកម្ម (ដូចជា Microsoft Office 365 និង Dropbox, banhji និង Localizes ជាដើម) និង វែប ៣ (ដូចជា verify.gov.kh, CamDL និង Selendra)។
សំណួរទី ៣៖ តើសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្នបានដើរដល់កម្រិតណាដែរ? ហើយតើមានបញ្ហាប្រឈមអ្វីខ្លះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជា?
ប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងមានសន្ទុះខ្លាំងគួរឱ្យកត់សម្គាល់ ដោយសារយើងមានប្រជាជនដែលមានវ័យក្មេងច្រើន និង ការកើនឡើងនៃវិសាលភាគ្រប់ដណ្តប់នៃអ៊ីនធឺណិតល្បឿនលឿន និងការកើនឡើងនូវការប្រើប្រាស់បណ្តាញសង្គម និងការប្រើប្រាស់សេវាធនាគារចល័ត (Mobile Banking) សម្រាប់ការទូទាត់សងប្រាក់ឌីជីថល ជាដើម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើមនៅឡើយ ដោយសារបញ្ហាប្រឈមមួយចំនួន ដូចជា គុណភាពធនធានមនុស្ស, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការចាប់យកឌីជីថលនៅមានកម្រិត ។ បញ្ហាប្រឈមទី ១ គឺគុណភាពធនធានមនុស្សនៅប្រទសយើងនៅមានកម្រិតនៅឡើយ។ យើងដឹងហើយថា មិនថាការអភិវឌ្ឍក្នុងវិស័យណាទេ ទាមទារនូវធនធានមនុស្សដែលមានគុណភាពខ្ពស់។ នៅក្នុងប្រទេសកម្ពុជា ថ្វីត្បិតតែគុណភាពធនធានមនុស្សមានការប្រសើរឡើងគួរឱ្យកត់សម្គាល់, ប៉ុន្តេធនធានមនុស្សដែលទាក់ទងនឹងបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណតែ ៣០% ប៉ុណ្ណោះ មានជំនាញឌីជីថលកម្រិតមូលដ្ឋាន និង ធនធានមនុស្សដែលមានទេពកោសល្យឌីជីថលប្រមាណតែ ៥០ ០០០ នាក់ ប៉ុណ្ណោះ។ ថ្វីត្បិតតែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅកម្ពុជាមានភាពរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ពិតមែន, ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះនៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយ។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថល, ខ្ញុំសូមលើកពីការប្រើប្រាស់អ៊ីនធឺណិត។ យើងសង្កេតឃើញថាការប្រើប្រាស់សេវាអ៊ីនធឺណិតមានការកើនឡើងជាលំដាប់។ ប៉ុន្តែ សេវាគ្របដណ្តប់ និងការប្រើប្រាស់ភាគច្រើនប្រមូលផ្តុំតែនៅក្នុងទីក្រុង និងទីប្រជុំជនតែប៉ុណ្ណោះ ដែលទាមទារនូវការពង្រឹងបន្ថែម ដើម្បីធានាឱ្យនូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន (បានថាប្រជាជនគ្រប់រូបអាចទទួលបានផលប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ក៏ដូចជាសេដ្ឋកិច្ចឌីជីថល)។ ការចាប់យកឌីជីថលក្នុងចំណោមតួអង្គសំខាន់ៗ នៅមានកម្រិតទាបនៅឡើយ។ ខ្ញុំសូមលើកយើងលទ្ធផលនៃការស្រាវជ្រាវស្តីពី ““ការវាយតម្លៃតម្រូវការឌីជីថលូបនីយ-កម្មសហគ្រាសក្នុងប្រទេសកម្ពុជា” របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៣។ ការស្រាវជ្រាវនេះបានរកឃើញថា ក្នុងចំណោមសហគ្រាសចំនួន ១០៨០ ដែលយើងបានសម្ភាសន៍, មានសគ្រាសចំនួនប្រហែល ១៦% មិនមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ប្រហែល ៨០% មានការចាប់យកឌីជីថលក្នុងកម្រិតទាប, និងមានសហគ្រាសចំនួនតែ ៤% ប៉ុណ្ណោះដែលការសិក្សានេះចាត់ទុកថាស្ថិតនៅក្នុងការចាប់យកឌីជីថលក្នុងកម្រិតមធ្យម។ ក្នុងនោះ, មិនទាន់មានសហគ្រាសណាមួយចាប់យកឌីជីថលក្នុងកម្រិតខ្ពស់នៅឡើយទេ។
សំណួរទី ៤៖ ដើម្បីឱ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០
តើសេដ្ឋកិច្ចឌីជីថលនឹងដើរតួសំខាន់យ៉ាងណាដែរ?
សេដ្ឋកិច្ចឌីជីថល ត្រូវបានគេទទួលស្គាល់ថាជាចន្ទល់សេដ្ឋកិច្ចថ្មី មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ តែប្រទេសដទៃទៀតក្នុងសកលលោកផងដែរ។ ចំពោះថាតើសេដ្ឋកិច្ចឌីជីថលនឹងជួយកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០ ដោយរបៀបណា, នាងខ្ញុំសូមលើកយក កក្តានុពល ៣ យ៉ាងដែលសេដ្ឋកិច្ចឌីជថលនឹងជួយដល់កំណើនសេដ្ឋកិច្ច៖ ១) ការចូលទៅកាន់ទីផ្សារក្នុងតំបន់ និងសកលោក, ២) ការជំរុញសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ច និង ៣) ការបង្កើតការងារ និងទាក់ទាញវិនិយោគទុន។ សម្រាប់ការចូលទៅកាន់ទីផ្សារក្នុងតំបន់ និងសកលោក, ផលិតផលក្នុងស្រុកនឹងមានទីផ្សារកាន់តែធំ ដែលផលិតផលទាំងអស់នោះនឹងមិនលក់បានត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ តែផលិតផលទំាងអស់នោះក៏អាចលក់ដល់ប្រទេសនានាផងដែរ តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ដូចជា Alibaba and AliExpress ជាដើម)។ ម៉្យាងទៀត សកម្មភាពពាណិជ្ជកម្ម និងធុរកិច្ចក៏នឹងមានភាពប្រសើរជាងមុនតាមរយៈការកើនឡើងនៃប្រសិទ្ធភាពនៃប្រតិបត្តិការទិញ-លក់ទំនិញ និងសេវា ដោយសារការទូទាត់កាន់តែងាយស្រួល និងរហ័ស ដោយបច្ចេកវិទ្យាហិរញ្ញវត្ថុ បូកផ្សំជាមួយនឹងភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្ម និងផលិតកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សេដ្ឋកិច្ចឌីជីថល នឹងជួយបង្កើតការងារថ្មីៗ ជាច្រើនជាពិសេសការងារដែលទាក់ទងនឹងបច្ចេកវិទ្យា ក៏ដូចជាការងារដទៃទៀតដូចជា ការងារដែលទាក់ទងនឹងការដឹកជញ្ជូន និងឡូជីស្ទីកជាដើម។ បន្ថែមលើនេះ សេដ្ឋកិច្ចឌីជីថលនឹងជួយលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍ ដែលការណ៍នេះនឹងរួមចំណែកដល់ការបង្កើតធុរកិច្ចថ្មី នឹងទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក។