វាគ្មិន៖ លោកសាស្រ្តាចារ្យបណ្ឌិត កៅ សុវណ្ណតារា សាស្រ្តាចារ្យបណ្ឌិត
ផ្នែកចិត្តសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ការតានតឹងចិត្ត គឺពាក់ព័ន្ធទៅនឹងប្រតិកម្មផ្លូវអារម្មណ៍ និងផ្លូវកាយទៅលើព្រឹត្តិការណ៍អ្វីមួយក្នុងជីវិតប្រចាំថ្ងៃ។ ហើយការតានតឹងចិត្តនេះកើតឡើងលុះត្រាតែ ព្រឹត្តិការណ៍នោះពិបាកក្នុងការដោះស្រាយ។ លើសពីនេះ មិនថានៅក្នុងបរិបទប្រទេសកម្ពុជាឬនៅក្នុងប្រទេសណាក៏ដោយ ការតានតឹងចិត្តមិនមានប្រភពច្បាស់លាស់នោះទេ។ វាអាចកើតឡើងនៅក្នុងគ្រប់ស្ថានភាពទាំងអស់។ មនុស្សគ្រប់រូបសុទ្ធតែមានការតានតឹងចិត្ត ដោយយើងតែងតែទទួលឥទ្ធិពលមកពីអ្វីៗជុំវិញខ្លួនយើង អ្វីដែលយើងឮ អ្វីដែលយើងឃើញ និងអ្វីដែលយើងទទួល។ ដើម្បីយល់ដឹងពីវិធីសាស្រ្តក្នុងការរក្សាតុល្យភាពនៃការតានតឹងចិត្តក្នុងជីវិតប្រចាំថ្ងៃ យើងត្រូវស្វែងយល់ពីរោគសញ្ញារបស់វាសិន។ បន្ទាប់ពីពិនិត្យឃើញនូវរោគសញ្ញាមួយចំនួននៃការតានតឹងចិត្ត យើងត្រូវរកដំណោះស្រាយដោយគ្រប់គ្រងការតានតឹងចិត្តរបស់យើងតាមរយៈ ការថែទាំសុខភាព ផ្តោតអារម្មណ៍ ផ្តោតលើគុណតម្លៃរបស់យើង និងធ្វលចិត្តឱ្យទូលាយ។ បញ្ហាតានតឹងចិត្តជាចំណងដើមដំបូងដែលអាចធ្វើឱ្យមានជំងឺផ្លូវចិត្ត។ យើងត្រូវគិតថា វាជាផ្នែកមួយនៃជីវិតរបស់យើង។ ប៉ុន្តែបើយើងមានហើយមិនបានដោះស្រាយ វានឹងវិវត្តទៅជាបញ្ហាផ្លូវចិត្តធំមួយ។ យើងត្រូវចងចាំថា ការតានតឹងចិត្តមិនអាចបាត់ទៅដោយខ្លួនឯងបាននោះទេដោយរូបភាពតានតឹងនោះស្ថិតនៅក្នុងខួរក្បាលរបស់យើងមិនលុបបាត់ទេ។ ដូចនេះ យើងត្រូវហ៊ានប្រឈមនឹងការតានតឹងចិត្ត ហើយដោះស្រាយជាមួយវា។
សំណួរទី ១៖ ជាកិច្ចចាប់ផ្តើម តើអ្នកជំនាញផ្នែកចិត្តកំណត់និយមន័យនៃ “ភាពតានតឹង” យ៉ាងណាដែរ?
ការតានតឹងចិត្ត គឺពាក់ព័ន្ធទៅនឹងប្រតិកម្មផ្លូវអារម្មណ៍ និងផ្លូវកាយទៅលើព្រឹត្តិការណ៍អ្វីមួយក្នុងជីវិតប្រចាំថ្ងៃ។ ហើយការតានតឹងចិត្តនេះកើតឡើងលុះត្រាតែ ព្រឹត្តិការណ៍នោះពិបាកក្នុងការដោះស្រាយ។ ដោយហេតុនេះ ការតានតឹងចិត្តគឺជាផ្នែកមួយនៃជីវិតរបស់យើង។ ដូចនេះ មនុស្សគ្រប់រូបសុទ្ធតែមានការតានតឹងចិត្ត ដោយយើងតែងតែទទួលឥទ្ធិពលមកពីអ្វីៗជុំវិញខ្លួនយើង អ្វីដែលយើងឮ អ្វីដែលយើងឃើញ និងអ្វីដែលយើងទទួល។ មិនថានៅពេលដែលអ្នកធ្វើការទទួលបានបន្ទុកការងារច្រើនពេក និស្សិតទទួលបានបន្ទុកការងារសាលាច្រើនពេក អ្នករកស៊ីប្រឈមនឹងការខាតបង់ ឬនៅពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ ឬក៏នៅពេលយើងផ្លាស់ប្តូរទីកន្លែងដែលយើងរស់នៅ សុទ្ធតែក្លាយជាដំណឹងចិត្ត ឬការតានតឹងចិត្ត។
សំណួរទី ២៖ តើនៅក្នុងបរិបទប្រទេសកម្ពុជា ភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃមានប្រភពធំៗមកពីណាខ្លះ?
មិនថានៅក្នុងបរិបទប្រទេសកម្ពុជាឬនៅក្នុងប្រទេសណាក៏ដោយ ការតានតឹងចិត្តមិនមានប្រភពច្បាស់លាស់នោះទេ។ វាអាចកើតឡើងនៅក្នុងគ្រប់ស្ថានភាពទាំងអស់។ ចំពោះបុគ្គលក្នុងគ្រួសារ ប្រសិនបើទំនាក់ទំនងក្នុងរង្វង់គ្រួសារមិនល្អ ចំពោះយុវវ័យ ប្រសិនបើទំនាក់ទំនងរវាងដៃគូរមិនល្អ ចំពោះអ្នករកស៊ីលក់ដូរ ប្រសិនបើគាត់មិនរកបានប្រាក់ចំណេញបានដូចមុន ចំពោះអ្នកធ្វើការ ប្រសិនបើគាត់ទទួលបានបន្ទុកការងារច្រើនពេក ទាំងអស់នេះសុទ្ធតែអាចបង្កើតឱ្យមានមានការតានតឹងចិត្ត។ ដូចនេះ មនុស្សគ្រប់រូបសុទ្ធតែមានការតានតឹងចិត្ត ដោយយើងតែងតែទទួលឥទ្ធិពលមកពីអ្វីៗជុំវិញខ្លួនយើង អ្វីដែលយើងឮ អ្វីដែលយើងឃើញ និងអ្វីដែលយើងទទួល។
សំណួរទី ៣៖ តើលោកបណ្ឌិតអាចជួយណែនាំបច្ចេកទេស ឬវិធីសាស្រ្តមួយចំនួនក្នុងការរក្សាតុល្យភាពនៃការតានតឹងក្នុងជីវិតប្រចាំថ្ងៃ?
ដើម្បីយល់ដឹងពីវិធីសាស្រ្តក្នុងការរក្សាតុល្យភាពនៃការតានតឹងចិត្តក្នុងជីវិតប្រចាំថ្ងៃ យើងត្រូវស្វែងយល់ពីរោគសញ្ញារបស់វាសិន។ យោងតាមអង្គការសុខភាពពិភពលោក នៅពេលដែលមានការតានតឹងចិត្តខ្លាំង បុគ្គលនឹងមានអារម្មណ៍សោកសៅ អស់កម្លាំង យុំសោក ថប់អារម្មណ៍ ធុនថប់ក្នុងចិត្ត ឆាប់ខឹង មិនចង់ទំនាក់ទំនងជាមួយអ្នកដទែ។ល។ លើសពីនេះ យើងក៏ឃើញនូវរោគសញ្ញាផ្លូវកាយផងដែរដូចជាការឈឺក្បាល ឬសាច់ដុំ
ផ្សេងៗដោយមិនមានមូលហេតុច្បាស់លាស់។ ហើយថ្មីៗនេះថែមទៀត មានការរកឃើញថាការតានតឹងចិត្តអាចធ្វើឱ្យឡើងដុំពកនៅកន្លែងបំពងកថែមទៀតផង។ ចំពោះស្រ្តីវិញ នៅពេលដែលមានការតានតឹងចិត្ត ស្បែកនឹងអាចការប៉ះពាល់ផ្សេងៗដូចជា ការឡើងមុនច្រើនខុសធម្មតា វដ្តរដូវមានការប្រែប្រួល។ល។ ទាំងនេះសុទ្ធតែជារោគសញ្ញាមួយចំនួនធំ។
បន្ទាប់ពីពិនិត្យឃើញនូវរោគសញ្ញាមួយចំនួននៃការតានតឹងចិត្ត យើងត្រូវរកដំណោះស្រាយដោយគ្រប់គ្រងការតានតឹងចិត្តរបស់យើង។ យើងអាចធ្វើទៅបានតាម
រយៈ៖
- ទី ១៖ យើងត្រូវថែទាំសុខភាពរាងកាយរបស់យើងឡើងវិញ។ កាលណាតានតឹងចិត្ត ការបរិភោគនឹងមានការថយចុះ។ ដូចនេះ យើងត្រូវបរិភោគឱ្យមានការទៀងទាត់ឡើងវិញ ហើយគេងឱ្យបានគ្រប់គ្រាន់ដោយការគេងនឹងជួយឱ្យខួរក្បាលរបស់យើងបានសំរាក។
- ទី ២៖ យើងត្រូវផ្តោតអារម្មណ៍មកវិញ។ យើងត្រូវធ្វើការយកចិត្តទុកដាក់ឡើងវិញមិនថាឡើយចំពោះការងារ ឬទំនាក់ទំនងក្នុងរង្វង់គ្រួសារ។
- ទី ៣៖ យើងត្រូវផ្តោតលើគុណតម្លៃរបស់យើង។ នាពេលដែលយើងមានការតានតឹងចិត្ត យើងអាចបាត់អារម្មណ៍ក្នុងការធ្វើការងារផ្សេងៗ ដូចនេះយើងត្រូវផ្តោតឡើងវិញនូវគុណតម្លៃរបស់យើងក្នុងនាមជាបុគ្គលិក ឬបុគ្គលរៀងៗខ្លួន។
- ទី ៤៖ យើងត្រូវធ្វើចិត្តឱ្យទូលាយសម្រាប់ខ្លួនឯង។ នាពេលដែលយើងមានការតានតឹងចិត្ត យើងមិនត្រូវលាក់បាំងម្នាក់ឯងនោះទេ យើងត្រូវជជែកជាមួយមិត្តភក្តិដែលយើងអាចទុកចិត្តបានដើម្បីទទួលបានគំនិតនិងយោបល់ឱ្យធូរក្នុងចិត្ត។
ក្រៅពី ៤ ចំណុចខាងលើ យើងក៏ត្រូវហាត់ប្រាណឱ្យបានទៀងទាត់ផងដែរ ដោយការហាត់ប្រាណអាចជួយសម្រួលដល់សាច់ដុំរបស់យើង។ លើសពីនេះ យើងក៏ត្រូវពិនិត្យមើលសុខភាពរបស់យើងឱ្យបានទៀងទាត់ បូករួមទាំងចូលរួមក្នុងការងារសង្គម និងកម្មវិធីសាសនាដើម្បីជួបមនុស្សដទៃក្នុងសង្គម។ មួយទៀតវិញ យើងត្រូវជៀសវាងជាដាច់ខាតនូវគ្រឿងស្រវឹង ឬការជក់បារី ដោយគ្រឿងទាំងនេះអាចនាំឱ្យប៉ះពាល់ក្នុងរាងកាយយើង។ ប្រសិនបើវិធីខាងលើមិនមានប្រសិទ្ធិភាព យើងត្រូវជួបជាមួួយនឹងអ្នកជំនាញខាងចិត្តសាស្រ្តដើម្បីជួយគាំទ្រ ជួយលើកទឹកចិត្ត និងរកប្រភពនៃការតានតឹងចិត្តនោះដោយធ្វើការពិភាក្សានិងពិគ្រោះជាមួួយយើងក្នុងការវិធីសាស្រ្តព្យាបាល។
គួរបញ្ជាក់ថា ទោះបីស្ថានភាពតែមួយកើតឡើង មនុស្សពីរនាក់មិនប្រាដកថា មានការតានតឹងចិត្តនោះទេ។ ការតានតឹងកើតឡើងអាស្រ័យនឹងកត្តា ២៖ កត្តាខាងក្នុង និងកត្តាខាងក្រៅ។ កត្តាខាងក្រៅសំដៅថា តើគាត់បានជួបនឹងស្ថានភាពតានតឹងចិត្តដែរឫទេ? រីឯកត្តាខាងក្នុងសំដៅទៅ ជំនឿនិងការគិត។ ប្រសិនបើគាត់គិតថា វាជារឿងធម្មតា នោះការតានតឹងក៏មិនកើតឡើងណាស់ណាពេកដែរ។ ប្រសិនបើគាត់គិតថា វាជារឿងពិបាក នោះការតានតឹងក៏កើតឡើងដែរ។
សំណួរទី ៤៖ ប្រសិនបើបុគ្គលម្នាក់មិនបានគ្រប់គ្រងភាពតានតឹងបាន នាថ្ងៃអនាគត ការតានតឹងចិត្តអាចវិវិត្តទៅជាជំងឺផ្លូវចិត្តយ៉ាងណាដែរ?
ជាធម្មតា រឿងតូចមួយក៏អាចក្លាយជារឿងធំបាន។ ប្រសិនបើយើងជួបបញ្ហាតានតឹងមួយហើយមិនបានដោះស្រាយវា នាពេលដែលមានបញ្ហាបន្ថែមទៀត វានឹងបង្កឱ្យការពិបាកខ្លាំង ប្រៀបបីដូចជា កែវទឹកត្រូវបានដាក់ទឹកលើសចំណុះរបស់វា។ ការតានតឹងចិត្តនឹងក្លាយជាការតានតឹងចិត្តរាំរ៉ៃជាមិនខាន។ បើសិនយើងមិនបានយកចិត្តទុកដាក់នឹងការតានតឹងចិត្តនេះទៀត វានឹងវិវត្តទៅជា ជំងឺផ្លូវចិត្ត។ ការតានតឹងចិត្តធ្វើឱ្យយើងបាត់បង់ការយកចិត្តទុកដាក់ធ្វើឱ្យការងារយើងមានការអន់ថយហើយយើងឆាប់ខឹងអ្នកនៅជុំវិញខ្លួនយើងធ្វើឱ្យមានបញ្ហាទំនាក់ទំនង។ នាពេលនោះ យើងនឹងមានអារម្មណ៍ឯកោម្នាក់ឯង។ ការឯកោនេះនឹងវិវត្តទៅជា បញ្ហាជំងឺផ្លូវចិត្ត។ កាលណាដែលយើងមិនបានដោះស្រាយបញ្ហានេះ វានឹងក្លាយជាជំងឺ ថប់អារម្មណ៍ដោយយើងមានការព្រួយបារម្ភខ្លាំងក្នុងការមិនអាចបំពេញការងារបាន។
ជារួមមក បញ្ហាតានតឹងចិត្តជាចំណងដើមដំបូងដែលអាចធ្វើឱ្យមានជំងឺផ្លូវចិត្ត។ យើងត្រូវគិតថា វាជាផ្នែកមួយនៃជីវិតរបស់យើង។ ប៉ុន្តែបើយើងមានហើយមិនបានដោះស្រាយ វានឹងវិវត្តទៅជាបញ្ហាផ្លូវចិត្តធំមួយ។ យើងត្រូវចងចាំថា ការតានតឹងចិត្តមិនអាចបាត់ទៅដោយខ្លួនឯងបាននោះទេដោយរូបភាពតានតឹងនោះស្ថិតនៅក្នុងខួរក្បាលរបស់យើងមិនលុបបាត់ទេ។ ដូចនេះ យើងត្រូវហ៊ានប្រឈមនឹងការតានតឹងចិត្ត ហើយដោះស្រាយជាមួយវា។