ជាធម្មតា ឥទ្ធិពលនៃបណ្តាញសង្គមតែងតែមានផលល្អ និងផលអាក្រក់របស់វា។ បើនិយាយពីផលល្អ ការសិក្សាស្រាវជ្រាវបានរកឃើញថា យ៉ាងហើចណាស់បណ្តាញសង្គមអាចឱ្យអ្នកប្រើប្រាស់មានឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ មិនថាវ័យណាក៏ដោយ។ លើសពីនេះ គាត់ក៏អាចធ្វើការទាក់ទងទៅបងប្អូនសាច់ញាតិបានថែមទៀតផង។ មួយវិញទៀត យើងអាចផ្តោតទៅលើការចែករំលែក ឬក៏ផ្សារភ្ជាប់ជាមួយសុខភាពផ្លូវចិត្តដែលអាចជាឱកាសមួយឱ្យអ្នកដទៃយល់ពីអារម្មណ៍របស់ខ្លួន។ បើយើងនិយាយពីផលអាក្រក់វិញ បណ្តាញសង្គមក៏មានផលប៉ះពាល់ច្រើនផងដែរ។ ជាធម្មតា យើងតែងសង្កេតឃើញនូវមាតិកាឬការចែករំលែកមួយចំនួនដែលផ្តល់ជាផលអវិជ្ជមានមកដល់អារម្មណ៍ផ្លូវចិត្តរបស់យើងដោយមិនដឹងខ្លួន ដូចជារូបភាពឈាម រូបភាពគ្រោះថ្នាក់ជាដើម។ វាជាការព្រួយបារម្ភមួយរបស់អ្នកជំនាញ។ បើយោងទៅតាមការស្រាវជ្រាវថ្មីៗនេះ គេបានរកឃើញថា មានជំងឺផ្លូវចិត្ត ២ ធំៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមហួសហេតុពេក។ ជំងឺទី ១ មានឈ្មោះថា ជំងឺធ្លាក់ទឹកចិត្តនេះ។ រីឯជំងឺមួយទៀតនោះគឺ ជំងឺថប់អារម្មណ៍។ ការសិក្សាស្រាវជ្រាវបានបង្ហាញថា យុវវ័យ ចន្លោះ ១៣ ឬ ១៤ ឆ្នាំរហូតដល់ ១៦ ឬ ១៧ ឆ្នាំគឺជាវ័យដែលបានប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមខ្លាំងជាងគេ ជាពិសេស Facebook និង Tik Tok។ ដូចនេះ យុវជនត្រូវធ្វើយ៉ាងណាឱ្យការប្រើប្រាស់
បណ្តាញសង្គមផ្តល់ជាផលវិជ្ជមាន រីឯរដ្ឋាភិបាលត្រូវចាត់ទុកយុវជនជាធនធានដ៏ចាំបាច់។
សំណួរទី ១៖ តើការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមអាចជះឥទ្ធិពលដល់សុខុមាលភាពផ្លូវចិត្តដូចម្តេចដែរ?
មុននឹងយើងនិយាយពីឥទ្ធិពលនៃបណ្តាញសង្គម យើងត្រូវនិយាយពីបណ្តាញសង្គមដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងគេសិន។ ជាទូទៅ យើងឃើញថា Facebook, Tik Tok Twitter, និង Instagram ប៉ុន្តែ Facebook និង Tik Tok ដូចជាមានការប្រើប្រាស់ច្រើនជាងគេនៅក្នុងបរិបទកម្ពុជា។
ជាធម្មតា ឥទ្ធិពលតែងតែមានផលល្អ និងផលអាក្រក់របស់វា។ បើនិយាយពីផលល្អ ការសិក្សាស្រាវជ្រាវបានរកឃើញថា យ៉ាងហើចណាស់បណ្តាញសង្គមអាចឱ្យអ្នកប្រើប្រាស់មានឱកាសក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ មិនថាវ័យណាក៏ដោយ។ លើសពីនេះ គាត់ក៏អាចធ្វើការទាក់ទងទៅបងប្អូនសាច់ញាតិបានថែមទៀតផង។ មួយវិញទៀត យើងអាចផ្តោតទៅលើការចែករំលែក ឬក៏ផ្សារភ្ជាប់ជាមួយសុខភាពផ្លូវចិត្តដែលអាចជា
ឱកាសមួយឱ្យអ្នកដទៃយល់ពីអារម្មណ៍របស់ខ្លួន។ លើសពីនេះទៀត អ្នកប្រើប្រាស់ក៏អាចស្វែងយល់ពីវប្បធម៌ក្នុងបរិបទផ្សេងៗខុសផ្លែកពីប្រទេសកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ក៏ដូចជាអ្នកផលិតឬចែករំលែកសុទ្ធតែអាចទាញផលប្រយោជន៍ពីមាតិកានៅតាម
បណ្តាញសង្គម។
បើយើងនិយាយពីផលអាក្រក់វិញ បណ្តាញសង្គមក៏មានផលប៉ះពាល់ច្រើនផងដែរ។ ជាធម្មតា យើងតែងសង្កេតឃើញនូវមាតិកាឬការចែករំលែកមួយចំនួនដែលផ្តល់ជាផលអវិជ្ជមានមកដល់អារម្មណ៍ផ្លូវចិត្តរបស់យើងដោយមិនដឹងខ្លួន ដូចជារូបភាពឈាមរូបភាពគ្រោះថ្នាក់ជាដើម។ លើសពីនេះទៀត រូបភាពទាំងនេះក៏អាចរំលឹកទៅដល់បទពិសោធន៍របស់អ្នកប្រើប្រាស់ដែលគាត់អាចជួបហេតុការណ៍ដែលគាត់ធ្លាប់ជួបពីមុនមក។ ទន្ទឹមនឹងនេះ ការប្រើពេលវេលាច្រើនពេកនៅលើបណ្តាញសង្គមអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចការងារផ្សេងទៀតដូចជា ការសិក្សា ឬក៏ធ្វើការទំនាក់ទំនងក្នុងសង្គមខាងក្រៅ។ ទាំងនេះសុទ្ធតែជាផលល្អ និងផលអាក្រក់នៃឥទ្ធិពលពីបណ្តាញសង្គម។
សំណួរទី ២៖ តើការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមហួសហេតុពេកអាចមានទំនាក់ទំនងនឹងអាត្រាជំងឺផ្លូវចិត្តដែរឬទេ?
វាជាការព្រួយបារម្ភមួយរបស់អ្នកជំនាញ។ ជាធម្មតា បើយើងសង្កេតមើលការផ្សព្វផ្សាយឬក៏ការចែករំលែកមួយចំនួន យើងនឹងឃើញករណីច្រើនពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់។ បើយោងទៅតាមការស្រាវជ្រាវថ្មីៗនេះ គេបានរកឃើញថា មានជំងឺផ្លូវចិត្ត ២ ធំៗដែលពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមហួសហេតុពេក។ ជំងឺទី ១ មានឈ្មោះថា ជំងឺធ្លាក់ទឹកចិត្ត ដែលយើងប្រាកដជាបានឃើញការផ្សព្វផ្សាយឬក៏ការចែករំលែកជាច្រើនទាក់ទងជំងឺនេះ។ រីឯជំងឺមួយទៀតនោះគឺ ជំងឺថប់អារម្មណ៍ដែលមានភាពខុសគ្នានឹងជំងឺធ្លាក់ទឹកចិត្ត។ ជារួមមក ជំងឺទាំងពីរនេះបូករួមទាំងជំងឺប្រភេទផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមហួសហេតុ។
លើសពីនេះ ការសិក្សាបានបញ្ចាក់ទៀតថា ប្រសិនបើយើងកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គម ជំងឺខាងលើក៏មានការអន់ថយផងដែរ។ ទោះបីការសិក្សាស្រាវជ្រាវខាងលើបានធ្វើឡើងនៅក្នុងបរិបទប្រទេសអឺរ៉ុបក៏ដោយ វាគឺជាការបង្ហាញមួយដែលយើងគួរតែធ្វើការសិក្សាបន្តទៀតនៅក្នុងប្រទេសកម្ពុជា។
សំណួរទី ៣៖ តើក្រុមអាយុជាក់លាក់មួយណាដែលងាយទទួលរងផលប៉ះពាល់នៃការប្រើប្រាស់ប្រព័ន្ធបណ្តាញផ្សព្វផ្សាយសង្គមខ្លាំងជាងគេ?
ចំពោះក្រុមអាយុ ការសិក្សាស្រាវជ្រាវបានបង្ហាញថា យុវវ័យ ចន្លោះ ១៣ ឬ ១៤ ឆ្នាំរហូតដល់ ១៦ ឬ ១៧ ឆ្នាំគឺជាវ័យដែលបានប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមខ្លាំងជាងគេ ជាពិសេស Facebook និង Tik Tok។ ដោយយុវវ័យឬយុវជនមានការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមច្រើន អ្នកប៉ះពាល់ពីបណ្តាញផ្សព្វផ្សាយសង្គមច្រើនក៏មកពីវ័យនេះដែរ។ លើសពីនេះទៀត រវាងយុវជន និងយុវនារី មានការទទួលផលប៉ះពាល់កម្រិតប្រហាក់ប្រហែលគ្នាគ្រាន់តែនារីត្រូវប៉ះពាល់ច្រើនជាងបុរសបន្តិច។
សំណួរទី ៤៖ តើយុវវ័យអាចទាញយកផលប្រយោជន៍ពីបណ្តាញសង្គមយ៉ាងណាខ្លះដែរ?
ដើម្បីផ្តោតទៅលើផលវិជ្ជមាន យុវវ័យអាចផ្តោតទៅលើចំណុចមួយចំនួនសំខាន់ៗ។ ចំណុចទី ១ គឺយុវវ័យត្រូវផ្តោតទៅលើមាតិកាណាដែលជាចំណេះដឹង ជាផលប្រយោជន៍ ជាជំនាញ ជាបទពិសោធន៍ឬបំណិនក្នុងការរស់នៅផ្សេងៗ។ បន្ថែមពីនេះ ចំណុចទី ២ គឺយុវវ័យត្រូវរៀនវាយតម្លៃគុណភាពមាតិកាឬក៏ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមបូករួមទាំងប្រភពនៃមាតិកាទាំងនោះផងដែរ។ មួយវិញទៀត យើងក៏អាចពិនិត្យមើលរយៈពេលនៃការប្រើប្រាស់បណ្តាញសង្គម។ ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ប្រសិនបើយើងអាចកាត់បន្ថយការប្រើប្រាស់បណ្តាញសង្គមត្រឹមតែ ៣០ នាទីក្នុង ១ ថ្ងៃ នោះវានឹងអាចជួយសម្រួលដល់ផ្លូវចិត្តរបស់យើងបានដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការធប់អារម្មណ៍។ ទន្ទឹមនឹងនេះ យើងត្រូវជៀសវាងការប្រើប្រាស់វានាពេលដែលយើងទទួលដំណេរ ដោយមាតិកាបណ្តាញសង្គម និងពន្លឺ Blue Light ពីទូរស័ព្ទ អាចធ្វើឱ្យប៉ះពាល់ទៅដល់ទម្លាប់នៃការគេងជាប្រចាំរបស់យើង។ មួយចំណុចទៀតនោះគឺយើងត្រូវយកចិត្តទុកដាក់ទៅជនវ័យក្មេងដោយតាមការសិក្សាស្រាវជ្រាវ ក្មេងវ័យកាន់តែតិច ការប៉ះពាល់កាន់តែងាយ។ ឪពុកម្តាយ ឬក៏អាណាព្យាបាល ត្រូវចាប់អារម្មណ៍ ពិនិត្យមើលទៅលើមាតិកានៅ
តាមបណ្តាញសង្គមហើយជជែកជាមួយគ្រួសារថា ប៉ះពាល់ដែរឬទេ?
ជារួមមក ទាំងនេះជាការណែនាំមួយចំនួនពីអ្នកជំនាញក្នុងការប្រើប្រាស់បណ្តាញសង្គមឱ្យផ្តល់ផលវិជ្ជមានមកឱ្យយើង។
សំណួរទី ៥៖ តើលោកមានយោបល់យ៉ាងណាដែរ ចំពោះតួនាទីរបស់រដ្ឋាភិបាលក្នុងការថែនាំសុខុមាលភាពផ្លូវចិត្តរបស់ប្រជាជននៅថ្ងៃអនាគត?
ខ្ញុំជឿរជាក់ថា សុខុមាលភាពផ្លូវចិត្ត មានការផ្សព្វផ្សាយជាច្រើនមកហើយសម្រាប់ឱ្យប្រជាពលរដ្ឋ ឬក៏យុវវ័យរបស់យើងបានដឹង។ ដូចនេះ យុវវ័យត្រូវប្រើប្រាស់វាក្នុងការជួយដល់ការវិវត្តទាំងផ្លូវកាយ និងផ្លូវចិត្ត។ រដ្ឋាភិបាលត្រូវគិតថា យុវជនជាធនធានមួយដែលត្រូវធ្វើយ៉ាងណាឱ្យមានគុណភាពល្អនិងសុខភាពល្អ។ ប្រសិនបើប្រទេសមួយមានធនធានល្អ ការចូលរួមគ្រប់វិស័យក៏មានភាពល្អផងដែរ៕