តើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានឹងទៅជាយ៉ាងណា នាឆ្នាំខាងមុខនេះ?
កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២១ តាមរយៈសុន្ទរកថា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យោងតាមការព្យាករណ៍ចុងក្រោយរបស់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ បានបង្ហាញឱ្យឃើញថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា នឹងរំពឹងថាងើបឡើងវិញនាឆ្នាំក្រោយខាងមុខនេះ និងមានអត្រាកំណើនប្រមាណ ៦,៩% នៅក្នុងឆ្នាំ ២០២៥។
ប្រសាសន៍របស់ ឯកឧត្តម ស៊ុយ សែម បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីថាមពលអាស៊ីបូព៌ា លើកទី១៥ ក្រោមប្រធានបទ “ផែនការ គោលនយោបាយ បញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែង អន្តរកាលថាមពលរបស់កម្ពុជា ឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកាបូន” តាមរយៈប្រព័ន្ធអនឡាញ។
លោកបានបន្តលើកឡើងថាបើការព្យាកររបស់មូលនិធិហិរញ្ញវត្ថុពិភពលោកនេះពិតត្រឹមត្រូវមែន នោះយើងរំពឹងថាតម្រូវការថាមពលរបស់កម្ពុជានឹងមានការកើនឡើងខ្ពស់ ក្នុងអត្រាមួយប្រហាក់ប្រហែលទៅនឹងកម្រិតមុនពេល កូវីដ-១៩ ឬខ្ពស់ជាងនេះ។
លោកបានបន្តលើកទឹកចិត្តឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្មបន្ថែមទៀតពីបណ្ដាប្រទេសអាស៊ានទាំងអស់ ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការថាមពលអាស៊ានឆ្នាំ ២០២១-២០២៥ ឱ្យបានជោគជ័យ៕