សមិទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រី្តការបរទេសចិនមកកាន់កម្ពុជា

ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន វ៉ាង យី បានធើ្វដំណើរទស្សនកិច្ចផ្លូវការ មកកាន់ព្រះរាជាណាចក្រកម្ពុជាចាប់ពី ថ្ងៃទី១២ ដល់១៣ ខែកញ្ញា ឆ្នាំ២០២១។ អំឡុងពេលនៃទស្សនកិច្ចនេះ លោកបានចូលសម្តែងការគួរសមជាមួយ សម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន និងជំនួបអាហារពេលព្រឹកជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

លើសពីនេះទៅទៀត លោកក៏ជួបប្រជុំ ជាមួយឯកឧត្ដមឧបនាយករដ្ឋមន្រី្ត ប្រាក់ សុខុន ដើម្បីពិភាក្សាពីទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខ និងការពារជាតិ។

លើសពីនេះទៅទៀត រដ្ឋាភិបាលចិន បានប្តេជ្ញានិងនាំយកផលិតផលកសិកម្មរបស់កម្ពុជាបន្ថែមទៀតចូលទៅកាន់ទីផ្សារប្រទេសរបស់ខ្លួន។ ហើយបើនិយាយអំពីសន្តិសុខសុខភាពសាធារណៈវិញ រដ្ឋាភិបាលចិនក៏បានសន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣ លានដូសបន្តែមទៀត សម្រាប់ជាដូសជម្រុញដល់ប្រជាជនកម្ពុជា។ លើសពីនេះ កម្ពុជានិងចិន ក៏បានប្តេជ្ញាពង្រឹងមិត្តភាពទ្វេភាគី ឲ្យកាន់តែប្រសើរឡើងថែមទៀត។

នៅក្នុងពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាសមិទ្ធផលថ្មីមួយ ដែលកើតចេញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។

បន្ទាប់ពីពិធីប្រគល់-ទទួល ពហុកីឡដ្ឋានជាតិមរតកតេជោរួចមក ការចុះហត្ថលេខារវាងភាគីកម្ពុជា និងភាគីចិន ត្រូវបានធ្វើឡើង អំឡុងពេលនៃកិច្ចប្រជុំនៅវិមានសន្តិភាពរាជធានីភ្នំពេញ ហើយឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៦ ដែលត្រូវបានចុះហត្ថលេខា រួមមាន៖

  1. លិខិតប្រគល់-ទទួលសម្ភារមនុស្សធម៌ក្នុងវិស័យបោសសម្អាតមីន
  2. កិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការគាំទ្រមន្ទីពេទ្យដែគូរ រវាងគណៈកម្មាធិការសុខាភិបាលជាតិនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  3. លិខិតប្រគល់-ទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  4. កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
  5. លិខិតប្រគល់ជំនួយ សម្រាប់ការងារគម្រោងបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា
  6. កិច្ចព្រមព្រៀងស្តីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាង

ជាចុងក្រោយដំណើរទស្សនកិច្ចផ្លូវការ របស់ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមាណិតចិន  លោកវ៉ាង យី មកកាន់ព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់ទៅដោយជោគជ័យ និងប្រកបដោយផ្លែផ្កា ព្រមទាំងបានពង្រឹងទំនាក់ទំនងទ្វេភាគី រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពស្អិតរមួតជាងមុន។

Share.

2 មតិ

Leave A Reply