តើកម្ពុជាត្រូវធ្វើដូចម្ដេច ដើម្បីជៀសផុតពីឥទ្ធិពលនៃការប្រកួតប្រជែងរវាងមហាអំណាចពីរនៅក្នុងតំបន់?
កម្ពុជាយើងព្យាយាមហុចដៃទៅសហរដ្ឋអាមេរិកហើយ ប៉ុន្តែតើគាត់ចង់ចាប់ដៃរបស់យើង ឬ អត់ជារឿងរបស់គាត់។ បើយើងព្យាយាមហើយគាត់នៅមិនចង់ចាប់ នេះជាបញ្ហាមួយដែលកម្ពុជាពុំមានជម្រើស ក្រៅពីនៅតែរក្សាទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែអ្វីដែលនយោបាយការបរទេសកម្ពុជាមានការខុសប្លែកពីសម័យមុន សព្វថ្ងៃយើងមាននយោបាយការបរទេសជាមួយបណ្ដាប្រទេសអាស៊ាន និងជាសមាជិកអាស៊ាន។ មានន័យថា កម្ពុជាមាននយោបាយពហុភាគីនិយម មិនមែនមានន័យថាកម្ពុជាមានតែចិន ឬក៏រាប់អានតែសហរដ្ឋអាមេរិកទេ មានន័យថាកម្ពុជាបាននិងកំពុងរាប់អានបណ្ដាប្រទេសផ្សេងទៀតជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ាន។ ដូច្នេះទើបកម្ពុជាទទួលបានសន្តិសុខ នៅពេលកម្ពុជានៅតែប្រកាន់យកនយោបាយពហុភាគីនិយម។ ទោះបីជាសហរដ្ឋអាមេរិកមិនសប្បាយចិត្ដ ឬមួយមិនចង់ចាប់យកកម្ពុជាក៏ដោយ ក៏កម្ពុជាគួរតែបន្តការអនុវត្តនយោបាយការបរទេសពហុភាគី ដោយចាប់យកអាស៊ានធ្វើជាស្នូល។ បញ្ជាក់ឲ្យឃើញថា កម្ពុជានៅតែប្រកាន់ជំហររឹងមាំថា កម្ពុជាមិនមែនជាប្រទេសចំណុះឲ្យប្រទេសមហាអំណាចណាមួយនោះទេ។
វាគ្មិន៖ លោកបណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
ប្រធានផលិតកម្មវិធី និងជាអ្នកសម្របសម្រួល៖ អ្នកនាង ឡាក់ លីលី
អ្នករៀបចំអត្ថបទ៖ លោក ប្រុស គីមសាំង