ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធករណីសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ។កិច្ចប្រជុំនេះបានធ្វើឡើង ខណៈដែលនៅថ្ងៃទី២០ ខែឧសភា ខាងមុខ គឺជាទិវានៃចងចាំ ចំពោះរបបប្រល័យពូជសាសន៍ប៉ុលពត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់បានបង្ហាញពីចក្ខុវិស័យថាយើងត្រូវកំណត់ឱ្យបានជាក់លាក់នូវសំណង់ស្ថិតនៅជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្រ្តនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ។ត្រូវគិតគូរពិចារណាវែងឆ្ងាយពីព្រោះការសម្រេចចិត្តនាពេលនេះ នឹងក្លាយជាលំនាំសម្រាប់ករណីផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថារាល់សំណង់ជុំវិញបរិវេណតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងត្រូវអនុវត្តទៅតាមប្លង់គោលស្របតាមបទដ្ឋាន និងបទបញ្ញត្តិត្រឹមត្រូវ។ លើសពីនេះ គឺត្រូវធ្វើការយ៉ាងស្អិតរមួត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំប្លង់គោលទូទាំងប្រទេស ព្រមទាំងរៀបចំការងារស្ថាបត្យកម្មសំណង់ឱ្យកាន់តែល្អប្រសើរឡើង ដើម្បីការពារតំបន់អភិរក្សបេតិកភណ្ឌប្រវត្តិសាស្ត្រនៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងតំបន់អភិរក្សដទៃទៀតនៅទូទាំងប្រទេស។
ជាការកត់សម្គាល់បច្ចុប្បន្ននៅជុំវិញសារមន្ទីរប្រវត្តិសាស្រ្តនេះជាលំនៅឋាន ប្រជាពលរដ្ឋ។ស្មារតីនៃការចងចាំពិភពលោករបស់អង្គការយូណេស្កូ បានបញ្ចូលបណ្ណសារសារមន្ទីរទួលស្លែងទៅក្នុងបញ្ជីររបស់ខ្លួន នាខែកក្កដា ឆ្នាំ២០០៩ ដើម្បីទទួលស្គាល់អំពីសារសំខាន់ផ្នែកប្រវត្តិសាស្ត្ររបស់ឯកសារទាំងនោះ។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង គឺជា គុកមួយក្នុងចំណោមគុកចំនួន១៩៦ នៅទូទាំងកម្ពុជា ក្នុងកម្ពុជាប្រជាធិបតេយ្យ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។តាមរយៈសាវតាសង្ខេបរបស់គុកទួលស្លែង នៅក្នុងរបបខ្មែរក្រហម មានមនុស្សយ៉ាងហោចណាស់ ២០ ០០០នាក់ រាប់ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ត្រូវបានពួកខ្មែរក្រហមសម្លាប់យ៉ាងសាហាវជាទីបំផុត។
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាបូជនីយដ្ឋាននៃការចងចាំពីព្រឹត្តិការណ៍ដែលកើតឡើងក្នុងអតីត “មន្ទីរសន្ដិសុខ២១ ឬស-២១” ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ(សម័យខ្មែរក្រហម)។ អតីតមន្ទីរឃុំឃាំងនេះ ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញដែលស្ងាត់ជ្រងំ ក្រោយខ្មែរក្រហមជម្លៀសប្រជាជនទាំងអស់ចេញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។
មន្ទីរស‑២១ ជាមណ្ឌលកណ្តាលដ៏ធំមួយនៃប្រព័ន្ធគុកនៅទូទាំងប្រទេស ហើយគុកនេះក៏ជាកន្លែងសម្ងាត់សម្រាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងកម្ទេចអ្នកដែលត្រូវចាត់ទុកថាជា “អ្នកទោសនយោបាយ” របស់របបនេះ។ ខ្មែរក្រហមចាប់យកអ្នកទោសមកឃុំឃាំងទាំងក្រុមគ្រួសារ ដោយផ្អែកលើគោលនយោបាយដាក់កំហុសជាប្រព័ន្ធ។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុងចំណោមនោះមានតែជនរងគ្រោះ១២នាក់តែប៉ុណ្ណោះដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។
មន្ទីរឃុំឃាំងស-២១ មានបុគ្គលិកបម្រើការផ្ទាល់និងប្រយោលប្រមាណ១.៧២០នាក់។ បុគ្គលិកភាគច្រើន ជាកម្មករបម្រើការងារទូទៅដោយរាប់បញ្ចូលទាំងអ្នកដាំស្ល រីឯបុគ្គលិកមួយចំនួនទៀត បម្រើការផ្ទាល់នៅផ្នែករដ្ឋបាល យាមកាម និងសួរចម្លើយអ្នកទោស៕
ប្រភព៖ ក្រសួងព័ត៌មាន