វាគ្មិនកិត្តិយស៖ កញ្ញា ស៊ុន ម៉ូលីកា អនុប្រធាននៃមជ្ឍមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាសុី (AVI)
……………………………………………………………………………………………………………………………………..
សូមគោរព និងជម្រាបសួរទូរទស្សនិកជនជាទីគោរព និងសូមស្វាគមន៍ម្តងទៀតមកកាន់កិច្ចសម្ភាសន៍នៃ កម្មវិធី ស្ថានភាពផ្ទៃក្នុងកម្ពុជា និងទីផ្សារធុរកិច្ច។ កម្មវិធីរបស់យើងនឹងលើកយកប្រធានបទមួយពាក់ព័ន្ធទៅនឹង «ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ»។ ហើយថ្ងៃនេះ យើងមានកិតិ្តយសដែលមានការអញ្ជើញចូលរួមពីវាគ្មិនយើងមួយរូបដើម្បីបកស្រាយ និងចែករំលែកចំណេះដឹងទាក់ទងទៅនឹងប្រធានបទខាងលើគឺ កញ្ញា ស៊ុន មលី្លកា អនុប្រធាននៃមជ្ឍមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាសុី (AVI)។
ចា៎ សូមជម្រាបសួរ កញ្ញា។ សូមស្វាគមន៍មកកាន់កិច្ចសម្ភាសន៍នៅក្នុងថ្ងៃនេះ។
បើយើងគិតចាប់ពីឆ្នាំ ២០១៣ មករហូតដល់បច្ចុប្បន្នគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនមួយនេះមានរយៈពេល ១០ ឆ្នាំមកហើយ។ កាលពីថ្ងៃទី១៩ ខែតុលាកន្លងទៅនេះ យើងឃើញថា មានប្រមាណជាង ១០០ ប្រទេសចូលរួមក្នុងវេទិកាស្តីពីគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាលើកទី៣ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ សូមគូសបញ្ជាក់ផងដែរថា កម្ពុជាបានចូលជាសមាជិកនៃគំនិតផ្តួចផ្តើមនេះតាំងពីឆ្នាំ ២០១៤ មក ហើយក៏មានការគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះផងដែរ ដោយហេតុថាវាមានសារៈសំខាន់ចំពោះប្រទេសកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគ និង ទេសចរណ៍ ជាពិសេសឱកាសម្រាប់ជម្រុញសន្ទុះសេដ្ឋកិច្ចជាតិតាមរយៈគម្រោងរបស់គំនិតផ្តួចផ្តើមនេះ។
សំណួរទី១៖ ជាដំបូង តើកញ្ញាអាចរៀបរាប់បានទេថា តើកម្ពុជាសម្រេចបាននូវគម្រោងធំៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ? ហើយតើកម្ពុជាទទួលបាននូវផលប្រយោជន៍អ្វីខ្លះពីគំនិតផ្តួចផ្តើមនេះ?
វាគ្មិន៖ ចំពោះគម្រោងគំនិត BRI នេះ យើងបានដឹងហើយថាវាចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចថាយើងអ៊ីចឹងបងសូមលើកឡើងនូវសមិទ្ធផលធំធំប្រាំដែលតំណាងឲ្យសមិទ្ធផលទៅលើផ្លូវកំពង់ផែព្រលានយន្តហោះហើរជាមួយនឹងតំបន់សេដ្ឋកិច្ចពិសេស។
សមិទ្ធផលធំទី១៖ ផ្លូវល្បឿនលឿនដែលភ្ជាប់ទីក្រុងភ្នំពេញទៅដល់ខេត្តព្រះសីហនុ។ ផ្លូវល្បឿនលឿននេះគឺវាចូលរួមចំណែកដល់សេដ្ឋកិច្ចរបស់យើងពីររូបភាព។ រូបភាពទីមួយនោះគឺគេកាត់បន្ថយករយៈពេលធ្វើដំណើរពីភ្នំពេញទៅក្រុងព្រះសីហនុជាមួយយើងធ្វើដំណើរតាមផ្លូវធម្មតាយើងចំណាយពេលយ៉ាងណាក៏បួនទៅប្រាំម៉ោងដែរ។ ប៉ុន្តែជាមួយនឹងផ្លូវល្ប៖នល៖ន យើងកាត់បន្ថយស្ទើតែពាក់កណ្តាលគឺពី ២ ទៅ ២ ម៉ោងកន្លះ។ ចំពោះ វិស័យដឹកជញ្ជូនគឺគាត់ចំណេញ ព្រោះគាត់មិនសូវចំណាយប្រាក់ច្រើននៅលើការធ្វើដំណើររយៈពេលវែង។ រូបភាពទី២ នោះ គឺផ្លូវល្បឿនលឿនជួយកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍។ នៅពេលដែលមានផ្លូវគន្លងធំ និងជាផ្លូវឯកទិសនោះ អត្រា ឬការកើតមានគ្រោះថ្នាក់ចរាចរណ៍វាមានតិចជាងមុន។ ដូច្នេះ វាអាចរក្សាអាយុជីវិតរបស់ប្រជាជនយើងដែលជាធនធានមនុស្ស។
សមិទ្ធផលធំទី២៖ គឺជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានតួនាទីជម្រុញពាណិជ្ជកម្មទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀតជុំវិញពិភពលោក។ បើជាតួលេខនៅឆ្នាំ២០២០ ចំនួននៃទំនិញដែលឆ្លងកាត់កំពង់ផែមួយនេះបានកើនឡើងដល់ទៅជាង ៦លាន ៦សែន ដុល្លារ ដែលជាការកើនឡើងមួយគួរឱ្យកត់សម្គាល់។
សមិទ្ធផលធំទី៣៖ គឺជាតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។ វាគឺជាតំបន់សេដ្ឋកិច្ចមួយធំជាងគេនៅក្នុងប្រទេសកម្ពុជា។ ហើយតួនាទីចម្បងរបស់តំបន់សេដ្ឋកិច្ចពិសេសនេះគឺ ការតភ្ជាប់នូវសង្វាក់ផលិតកម្មរវាងប្រទេសកម្ពុជា ប្រទេសក្នុងតំបន់ និងពិភពលោក។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ គឺមានរោងចក្រច្រើនរហូតដល់ទៅ ១៧៥ ក្រុមហ៊ុន ឬរោងចក្រដែលមកពីបណ្តាប្រទេសជុំវិញពិភពលោក។ វាបានជួយបង្កើតការងារជូនប្រជាជនយើងដល់ទៅប្រមាណ ៣០ ០០០ កន្លែង។ ដូច្នេះ វាចូលរួមចំណែកកាត់បន្ថយដល់ការធ្វើចំណាកស្រុករបស់ប្រជាជនយើង កុំឱ្យមានការធ្វើចំណាកស្រុក ដែលពេលខ្លះមានការធ្វើចំណាកស្រុកដែលមិនស្របច្បាប់ទៀតដែលអាចធ្វើឱ្យគាត់ធ្លាក់ចូលទៅក្នុងការជួញដូរមនុស្សខុសច្បាប់។
សមិទ្ធផលធំទី៤៖ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ ដែលទើបនឹងដាក់ដំណើរការសាកល្បងកាលពីថ្មីៗនេះ។ នៅក្នុងការបើកដំណើរការព្រលានយន្តហោះនេះ គឺវាចូលរួមចំណែកជួយដល់វិស័យសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ បើយើងមើលតាមតួលេខ តាំងពីការចាប់បើកដំណើរការសាកល្បងមក ចំនួនភ្ញៀវទេសចរដែលគាត់ធ្វើដំណើរមកដល់ព្រលានយន្តហោះនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ប្រមាណជាង ២៦០០ នាក់ក្នុងមួយថ្ងៃ។ ដូច្នេះ ផលចំណេញយើងឃើញត្រង់ថា នៅពេលដែលមានភ្ញៀវទេសចរច្រើន បងប្អូនដែលគាត់ប្រកបរបរអាជីវកម្មគាត់ទទួលបានប្រាក់ចំណូលច្រើនជាងមុន។
សមិទ្ធផលធំទី៥៖ គម្រោងព្រែកជីកហ្វូណនតេជោ យើងប្រើពាក្យថាគម្រោងព្រោះវាមិនទាន់មានការសាងសង់ទេ។ ប៉ុន្តែអ្វីដែលជាភាពវិជ្ជមាននោះ គឺនៅពេលដែលសម្តេចធីបតីអញ្ជើញទៅទស្សនកិច្ចនៅក្នុងវេទិការខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ នៅប៉េកាំង។ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងក្រុមហ៊ុនចិន ដើម្បីធ្វើការសិក្សាពីលទ្ធភាពក្នុងការសាងសង់ ហើយបើសិនជាជោគជ័យប្រហែលជា ៤ ទៅ ៥ ឆ្នាំខាងមុខយើងនឹងទទួលបានព្រែកជីកមួយនេះ។ ហើយវាមានសារសំខាន់ដោយសារតែព្រែកជីកនេះ មានប្រវែងប្រហែល ១៨០ គីឡូម៉ែត្រ ដែលភ្ជាប់បីទន្លេបាសាក់ទៅក្រុងកែប ហើយផ្លូវទឹកមួយនេះនឹងឆ្លងកាត់ខេត្តបីដែលមានខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពតដែលសុទ្ធសឹងតែជាខេត្តមានសាក្តានុពលសេដ្ឋកិច្ចខ្លាំង។ គម្រោងព្រែកជីកហ្វូណនតេជោ មានសារសំខាន់ដោយសារតែវាចូលរួមចំណែកការកាត់បន្ថយការដឹកជញ្ជូន ព្រោះកាលណាយើងដឹកជញ្ជូនតាមផ្លូវទឹកវាមានតម្លៃថោកជាងការដឹកជញ្ជូនតាមផ្លូវគោក។
សំណួរទី២៖ កាលពីថ្ងៃទី១៩ ខែតុលាកន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានចូលរួមវេទិកាស្តីពី គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣។ ទន្ទឹមនឹងនេះ លោក និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានចុះអនុស្សរណៈ និងកិច្ចព្រមព្រៀងទៅលើឯកសារសំខាន់ៗចំនួន ១០ ផងដែរ។ ដូច្នេះ តើឯកសារសំខាន់ៗទាំងនោះផ្តោតសំខាន់លើអ្វីខ្លះ? ហើយតើកម្ពុជារំពឹងអ្វីពីការចុះអនុស្សរណៈនោះ?
វាគ្មិន៖ ខ្ញុំគិតថានេះគឺជាសមិទ្ធផលថ្មីដែលលោកបានទៅទស្សនកិច្ចនៅក្នុងប្រទេសចិនថ្មីៗនេះ។ យើងបានចុះកិច្ចព្រៀមព្រៀង ក៏ដូចជាអនុស្សរណៈយោគយល់ចំនួន ១០ ប៉ុន្តែបងសូមផ្តោតទៅលើឯកសារមួយចំនួន។ ទី១ ទៅលើវិស័យឌីជីថល, ទី២ វិស័យថាមពល, ទី៣ វិស័យអភិវឌ្ឍបៃតង និងទី៤ វិស័យសន្តិសុខ។
ទី១ ទៅលើវិស័យឌីជីថល៖ រដ្ឋាភិបាលលោកតែងតែលើកឡើងជារឿយៗថា វិស័យឌីជីថលនេះ ឬសេដ្ឋកិច្ចឌីជីថលនេះ វាគឺជាប្រភពថ្មីនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសយើងក៏ដូចជាប្រទេសផ្សេងៗនៅជុំវិញពិភពលោកដែរ។ ប៉ុន្តែដើម្បីឱ្យកម្ពុជាមានលទ្ធភាពទាញយកប្រយោជន៍ពីវិស័យឌីជីថលនេះបានទាល់តែកម្ពុជាខ្លួនឯងមានគោលនយោបាយ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសមស្រប មាននូវការការពារ ឬការបង្កើតច្បាប់ការពារកម្មសិទ្ធិបញ្ញា និងមានការបង្កើននូវអក្ខរកម្មឌីជីថល។ ដូច្នេះ នៅពេលដែលមានការចុះកិច្ចព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនទៅលើវិស័យឌីជីថលនេះ យើងរំពឹងថា នឹងទទួលបាននូវមូលនិធិ និងការគាំទ្រផ្សេងៗទៅលើការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធឌីជីថល។ ឧទាហរណ៍ដូចជាការបង្កើតមជ្ឈមណ្ឌលដើម្បីស្តុកទុកទិន្នន័យជាដើម។
ទី២ វិស័យថាមពល៖ ដូចដែលយើងបានដឹងហលយថានៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺលោកបានផ្តោតសំខាន់ទៅលើការជម្រុញ ការផលិត និងប្រើប្រាស់ថាមពលដែលកកើតឡើងវិញ។ ដូច្នេះសួរថា តើថាមពលកកើតឡើងវិញនោះមានអ្វីខ្លះ? បើយើងមើលទៅលើទិន្នន័យនៅក្នុងឆ្នាំ២០២១ ថាមពលដែលកកើតឡើងវិញដែលប្រទេសកម្ពុជាយើងប្រើច្រើនគឺថាមពលវារីអគ្គិសនី និងមួយទៀតថាមពលបានមកពីពន្លឺព្រះអាទិត្យ ដែលហៅថាថាមពលសូឡា។ ប៉ុន្តែនៅក្នុងចំណោមថាមពលទាំងពីរនេះ ថាមពលវារីអគ្គិសនីមានច្រើនហើយដែលលើសពី ៥០ ភាគរយ។ ថាមពលសូឡាមានចំនួនតិចទេត្រឹមតែ ៦ ភាគរយប៉ុណ្ណោះ តែរាជរដ្ឋាភិបាល លោកមានបំណងបង្កើននូវតួលេខនេះឱ្យបានប្រហែល ២០ ភាគរយ នៅក្នុងឆ្នាំបន្ទាប់។ ដូច្នេះ កិច្ចសហប្រតិបត្តិការទៅលើថាមពលសូឡានេះ គឺជាកិច្ចសហប្រតិបត្តិការដ៏មានសាក្តានុពលមួយដែលកម្ពុជា និងចិនអាចបន្តស្វែងរក និងសហការជាមួយគ្នាបាន។ នៅក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងទៅលើវិស័យថាមពលនោះ គឺជាការចុះហត្ថលេខាទៅលើមជ្ឈមណ្ឌលស្តុកទុកថាមពលវារីអគ្គិសនីនៅតំបន់តាតៃខាងលើ ដែលវានឹងជួយធានាដល់សន្តិសុខថាមពលនៅក្នុងប្រទេសយើង។
ទី៣ វិស័យអភិវឌ្ឍបៃតង៖ ខ្ញុំសូមលើកឡើុងនូវគំនិតផ្តួចផ្តើមពីរ៖ ទី១ គឺច្រករបៀងអភិវឌ្ឍឧស្សាហកម្ម ដែលមានគោលបំណងក្នុងការកែប្រែ ផ្លាស់ប្តូរក្រុងព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសដែលមានពហុមុខងារ ដែលចូលរួមចំណែកទៅដល់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅក្នុងប្រទេសយើងឱ្យមានការរីកចម្រើនទៅមុខ និងប្រកបដោយចីរភាព។ ទី២ គឺ ច្រករបៀងត្រី និងស្រូវ ដែលមានគោលបំណងក្នុងការអភិវឌ្ឍកសិកម្មបែបអេកូឡូសុី មានភាពទំនើប និងប្រកបដោយចីរភាពនូវតំបន់ជុំវិញបឹងទន្លេសាប។
ទី៤ វិស័យសន្តិសុខ៖ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នានៅក្នុងការរឹតបន្តឹងច្បាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋឆ្លងដែន។ ឧទាហរណ៍ទៅលើការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធឌីជីថលជាដើម។ ដូច្នេះ ការសហការគ្នាទៅលើវិស័យនេះ នឹងជួយធានាដល់សន្តិសុខមិនត្រឹមតែប្រទេសកម្ពុជាទេ ប៉ុន្តែក៏ដល់សន្តិសុខប្រទេសចិនផងដែរ។
សំណួរទី៣៖ បើតាមទស្សនៈរបស់កញ្ញា តើយើងត្រូវធ្វើយ៉ាងណាដើម្បីរក្សាកាលានុវត្តភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា?
វាគ្មិន៖ សូមអរគុណនូវសំណួរដ៏ល្អមួយនេះ ព្រោះវាមិនត្រឹមតែឆ្លុះបញ្ចាំងតថាភាពទៅក្នុងសង្គមយើងនៅពេលបច្ចុប្បន្ននេះទេ ប៉ុន្តែថែមទាំងនៅពេលអនាគតផងដែរ។ ខ្ញុំគិតថា មានចំនុចបីដែលរដ្ឋាភិបាលគួរតែបន្តយកចិត្តទុកដាក់។ ទី១ គឺការអភិវឌ្ឍន៍ធនធានមនុស្ស, ទី២ ការធ្វើពិពិដកម្មសេដ្ឋកិច្ច, ទី៣ ការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច។ ទី១ គឺការអភិវឌ្ឍន៍ធនធានមនុស្ស វាមិនមែនជារឿងថ្មីទេដោយសារតែរដ្ឋាភិបាលទាំងអាណត្តិមុន និងអាណត្តិថ្មីនេះ គឺគាត់យកចិត្តទុកដាក់ខ្លាំងទៅលើការអភិវឌ្ឍន៍ធនធានមនុស្ស។ ប៉ុន្តែអ្វីដែលរដ្ឋាភិបាលគួរតែយកចិត្តទុកដាក់បន្ថែម គឺការបង្កើននូវចំនួនអ្នកបច្ចេកទេស ដូចជាវិស្វករ។ បើសិនជាយើងមិនមានអ្នកបច្ចេកទេស ឬវិស្វករដែលមានលទ្ធភាពក្នុងការរៀនសូត្រ និងទទួលយកបច្ចេកវិទ្យាថ្មីៗទេ គឺយើងប្រហែលជាដើរថយក្រោយនៅក្នុងយុគសម័យបច្ចេកវិទ្យានេះ។ ពីដើមឡើយ សេដ្ឋកិច្ចរបស់កម្ពុជាយើង ជាសេដ្ឋកិច្ចដែលផ្តោតសំខាន់ទៅលើវិស័យកសិកម្ម។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានប្រែក្លាយសេដ្ឋកិច្ចរបស់យើងពីវិស័យកសិកម្ម មកជាសេដ្ឋកិច្ចដែលពឹងផ្អែកលើការផលិត និងការនាំចេញ។ ជំហ៊ានបន្ទាប់ យើងនឹងអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងដោយផ្តោតទៅលើវិស័យបច្ចេកវិទ្យា និងនវានុវត្តឌីជីថលជាដើម។ ដូច្នេះ ដើម្បីឱ្យយើងមានលទ្ធភាពក្នុងការតាមទាន់យុគសម័យឌីជីថលនេះ គឺយើងទាល់តែបង្កើននូវចំនួនអ្នកបច្ចេកទេស ជាពិសេសគឺវិស្វករដែលគាត់មានជំនាញទៅលើវិស័យស្រាវជ្រាវ ឌីជីថល និងបច្ចេកវិទ្យានេះ។ ទី២ ការធ្វើពិពិដកម្មសេដ្ឋកិច្ចនេះ ខ្ញុំគិតថាយើងគួរតែបន្តបង្កើនប្រទេសដែលជាដៃគូរពាណិជ្ជកម្ម និងវិនិយោគ។ ខ្ញុំគិតថារដ្ឋាភិបាលកំពុងតែដើរលើផ្លូវនេះហើយព្រោះថា លោកកំពុងតែបន្តអនុវត្តនូវអភិក្រមគោលនយោបាយការបរទេស គឺការរក្សាមិត្តចាស់ និងបង្កើនមិត្តថ្មីដោយឈរលើគោលការណ៍ឯករាជ្យភាពជាតិ។ ដូច្នេះ យើងស្វាគមន៍ទាំងអស់ប្រទេសណាក៏ដោយ ឱ្យតែគាត់មានគោលបំណងធ្ចើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយយើង ដោយមិនមានទំនោរប្រឆាំងនឹងប្រទេសណាមួយ និងដោយគោរពនូវមជ្ឈភាពអាស៊ាន។ ទី៣ ការអនុវត្តនយោបាយការទូតសេដ្ឋកិច្ច។ ដូចដែលយើងបានដឹងហើយថា ក្រសួងការបរទេសកាលពីឆ្នាំ២០២១ គាត់បានដាក់ឱ្យប្រើប្រាស់នូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរយៈពេលបីឆ្នាំចាប់ពី ២០២១ ដល់ ២០២៣ ដើម្បីជម្រុញ និងទាក់ទាញអ្នកវិនិយោគបរទេស។ ខ្ញុំគិតថា វាគឺជាគោលនយោបាយដ៏ត្រឹមត្រូវ ហើយខ្ញុំសង្ឃឹមថា គោលនយោបាយនេះ នឹងនៅតែបន្តមាននូវឆ្នាំក្រោយៗទៀត ដើម្បីចូលរួមជម្រុញផលប្រយោជន៍ប្រទេសយើងតាមរយៈមិនថាពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគបរទេស វិស័យទេសចរណ៍ ឬក៏ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា និងបណ្តាប្រទេសជាមិត្តទេ។
ចា៎ សូមអរគុណច្រើនកញ្ញា។ ទូរទស្សនិកជនជាទីគោរព កិច្ចសម្ភាសន៍របស់យើងក៏បានឈានមកដល់ទីបញ្ចប់ នាងខ្ញុំក៏សូមថ្លែងអំណរគុណសារជាថ្មីដល់ កញ្ញា ស៊ុន មល្លិកា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមបកស្រាយទាក់ទងទៅនឹងប្រធានបទ «ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជា ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» នៅក្នុងថ្ងៃនេះ។
សូមអរគុណ និងសូមគោរពលា ជួបគ្នាម្តងទៀតនៅពេលក្រោយ!