ឯកឧត្តម Felipe De La Morena Casado ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអេស្ប៉ាញប្រចាំកម្ពុជាបានស្នើដល់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។
សំណើនេះត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ។
ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម Felipe De La Morena Casado បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និងអេស្ប៉ាញ។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេស្ប៉ាញបន្ថែមទៀត។
ឯកឧត្តម ក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសអេស្ប៉ាញ កាលពីខែមិថុនាកន្លងទៅផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនភ្ញៀវអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេស្ប៉ាញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនាមួយខាងមុខផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន