អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោក ចូសេប បូរែល (Josep Borrell) បាននិយាយថា លោកមិនមានសុទិដ្ឋិនិយមចំពោះស្ថានភាពនៅអ៊ុយក្រែនទេ ហើយលោកជឿជាក់ថា រុស្ស៊ីនឹងមិនចរចាទេរហូតដល់ខ្លួនឈ្នះនៅក្នុងជម្លោះអ៊ុយក្រែន។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងវេទិកាអ្នកជំនាញនៅទីក្រុងបាសេឡូណារបស់ប្រទេសអេស្ប៉ាញថា «ខ្ញុំឃើញឆន្ទៈច្បាស់លាស់របស់រុស្ស៊ីក្នុងការឈ្នះនៅក្នុងសង្គ្រាម។ រុស្ស៊ីនឹងមិនចរចាទេរហូតទាល់តែឈ្នះ»។ លោកបាននិយាយថា «ខ្ញុំមិនមានសុទិដ្ឋិនិយមក្នុងការរំពឹងទុករបស់ខ្ញុំអំពីរបៀបដែលជម្លោះនេះអាចមានការវិវត្តន៍នៅរដូវក្តៅនោះទេ។
សហភាពអឺរ៉ុបគួរតែបន្តការបង្កើតជំនួយយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន»។
លោក បូរែល បាននិយាយកាលពីមុននៅទីក្រុងព្រុចសែលថា ខណៈដែលលោកបន្តសម្របសម្រួលជំនួយយោធាដល់អ៊ុយក្រែនពីសហភាពអឺរ៉ុបនោះ លោកមិនមានអារម្មណ៍ថាខ្លួនលោកជាអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបនោះទេ ប៉ុន្តែជារដ្ឋមន្ត្រីការពារជាតិនៃសហភាពអឺរ៉ុប៕
ប្រភព៖ ក្រសួងព័ត៌មាន