យោងតាមសេចក្តីថ្លែងការណ៍របស់បណ្តារដ្ឋមន្ត្រីរបស់ក្រុមប្រទេស G7 បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងមីយ៉ាហ្សាគី (Miyazaki) នៅភាគនិរតីនៃប្រទេសជប៉ុនកាលពីថ្ងៃទី២២-២៣ ខែមេសាថា បណ្តារដ្ឋមន្ត្រីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកក្រុមប្រទេស G7 បានសម្តែងការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ពួកគេចំពោះការអនុវត្ត ការបន្ត និងការពង្រីកកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ។
បណ្តារដ្ឋមន្ត្រីទាំងនោះក៏បានបង្ហាញពីការត្រៀមខ្លួនរបស់ក្រុមប្រទេស G7 ផងដែរក្នុងការជួយដល់ប្រទេសអ៊ុយក្រែនក្នុងការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធកសិកម្មរបស់ខ្លួន រួមទាំងប្រព័ន្ធធារាសាស្រ្ត កន្លែងកែច្នៃស្បៀងអាហារ និងកន្លែងស្តុកទុក ក៏ដូចជាការផ្តល់ជំនួយហិរញ្ញវត្ថុដល់កសិករអ៊ុយក្រែនផងដែរ។
លើសពីនេះទៀត ក្រុមប្រទេស G7 បានបង្ហាញចេតនាជួយដល់អាជ្ញាធរអ៊ុយក្រែនក្នុងការឈូសឆាយដីកសិកម្មនៅក្នុងប្រទេសអ៊ុយក្រែនតាមរយៈការសម្អាតគ្រាប់មីន។
រដ្ឋមន្ត្រីទាំងអស់បានសន្យាជួយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍឱ្យមានភាពប្រសើរឡើងនូវនិរន្តរភាព និងស្ថិរភាពនៃឧស្សាហកម្មកសិកម្ម និងម្ហូបអាហាររបស់ពួកគេ។
បណ្តាប្រទេសនៃសមាជិកក្រុមប្រទេស G7 ក៏បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ចាំបាច់ត្រូវងាកទៅរកនវានុវត្តន៍ថ្មីដើម្បីជាប្រយោជន៍ដល់និរន្តរភាពក្នុងវិស័យកសិកម្ម និងស្បៀងអាហារពិភពលោក។
រដ្ឋមន្ត្រីក្រុមប្រទេស G7 បានកត់សម្គាល់ថា ការណែនាំអំពីបច្ចេកវិទ្យាកសិឧស្សាហកម្មថ្មីនឹងមានប្រយោជន៍សម្រាប់ប្រជាជនដែលរស់នៅក្នុងបណ្តាប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។ ពួកគេក៏បានបញ្ជាក់ផងដែរថា ការប្រើប្រាស់នវានុវត្តន៍នឹងជួយបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្តល់ឱកាសប្រាក់ចំណូលសមរម្យ។
ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រុមប្រទេស G7 បានព្រមព្រៀងគ្នាទៅលើផែនការបង្កើតប្រព័ន្ធកសិកម្មដែលមានភាពធន់ជាងមុន សំដៅកាត់បន្ថយការបំពុល និងការខាតបង់ស្បៀងអាហារ៕
ប្រភព៖ ក្រសួងព័ត៌មាន