មនុស្សគ្រប់រូបបានចាប់អារម្មណ៍ជាយូរណាស់មកហើយជាមួយនឹងការអានចិត្ត ឬគំនិតរបស់់យើង។ ឥឡូវនេះ អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេបានបង្កើតប្រព័ន្ធដែលរួមបញ្ចូលគ្នារវាងម៉ាស៊ីន និងចំណុចប្រទាក់ខួរក្បាលនិងកុំព្យូទ័រ ដើម្បីធ្វើការសរសេរដោយប្រើតែខួរក្បាលជាជាងការសរសេរដោយប្រើដៃ។
អ្នកវិទ្យាសាស្ត្រមួយក្រុមពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិកបានធ្វើការពិសោធន៍ជាមួយបុរសអាយុ 65 ឆ្នាំម្នាក់ដែលត្រូវបានពិការពីកចុះក្រោម។ ដោយប្រើប្រាស់ឧបករណ៍ចាប់សញ្ញាចំនួនពីរដែលដាក់ក្នុងខួរក្បាលរបស់គាត់ សកម្មភាពសរសៃប្រសាទដែលភ្ជាប់ទៅនឹងការសរសេរដោយដៃត្រូវបានរក។ សកម្មភាពប្រសាទនោះត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធដោះស្រាយបញ្ញារបស់ម៉ាស៊ីនដែលបកប្រែគំនិតសរសេរនោះតាមពេលវេលាជាក់ស្តែង ទៅជាអត្ថបទដែលបង្ហាញនៅលើអេក្រង់។ ប្រព័ន្ធពិសោធន៍នេះមានពាក់ព័ន្ធនឹងបច្ចេកវិទ្យាជឿនលឿនជាច្រើនក៏ពិតមែន ប៉ុន្តែវាងាយស្រួលយល់ទេ។
ប្រព័ន្ធនេះបានរួមបញ្ចូលគ្នារវាង machine learning និងបច្ចេកវិទ្យាប្រព័ន្ធចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ ឬ BCI ដើម្បីអានការសរសេរដោយដៃដែលកើតឡើងនៅក្នុងខួរក្បាលជាជាងនៅលើក្រដាស។ អ្នកវិទ្យាសាស្ត្របានសុំឲបុរសនោះស្រមៃកាន់ប៊ិចមួយ រួចសរសេរអក្សរនៅលើក្រដាស។ អក្សរក៏បានសរសេរនៅលើអេក្រង់។ អ្នកវិទ្យាសាស្ត្របានឱ្យឈ្មោះវិធីនេះថា “គំនិតពីខួរក្បាលទៅអត្ថបទ’’ ឬ “ការសរសេរគំនិត”។ បុរសនោះអាចសរសេរបាន 90 តួអក្សរ (ប្រហែលជាង 18 ពាក្យ) ក្នុងមួយនាទីប្រាំពាក្យយឺតជាងមនុស្សធម្មតាដែលសរសេរសារនៅលើទូរស័ព្ទដៃ។ សាស្ត្រាចារ្យ Jaimie Henderson អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford សង្ឃឹមថា ការស្រាវជ្រាវនេះអាចជួយមនុស្សពិការរាប់លាននាក់ និងអ្នកដែលបាត់បង់សមត្ថភាពនិយាយ អាចសរសេរឡើងវិញបាន។ គាត់បាននិយាយថា “គោលដៅគឺដើម្បីស្តារសមត្ថភាពរបស់ពួកគេក្នុងការទាក់ទងគ្នាតាមអត្ថបទវិញ” ។
ព័ត៌មានលម្អិតនៃការពិសោធន៍នេះ ត្រូវបានដាក់ចេញនៅក្នុងរបាយការណ៍មួយនៅក្នុងទស្សនាវដ្តី Nature បច្ចុប្បន្ន។ សហអ្នកនិពន្ធការសិក្សា Krishna Shenoy ដែលជាអ្នកស៊ើបអង្កេតវិទ្យាស្ថានវេជ្ជសាស្ត្រ Howard Hughes នៅសាកលវិទ្យាល័យ Stanford និយាយថា វិធីសាស្ត្រនេះហាក់ដូចជាមានសក្តានុពលខ្លាំងជាងការសិក្សាផ្សេងទៀត ដែលបានព្យាយាមបកប្រែការនិយាយជាជាងការសរសេរដោយដៃ។
ជារួមមក អ្នកវិទ្យាសាស្ត្រសង្ឃឹមថា បច្ចេកវិទ្យានេះប្រហែលជាថ្ងៃណាមួយអាចជួយមនុស្សឱ្យមានការសរសេរមានល្បឿនលឿនដូចការគិត។ ទៅថ្ងៃមុខ ក្រុមអ្នកវិទ្យាសាស្ត្រមានគោលបំណងធ្វើការជាមួយអ្នកដែលបាត់បង់ការនិយាយទទួលរងពីជំងឺខូចសរសៃប្រសាទដើម្បីឲបច្ចេកវិទ្យានេះកាន់តែរីកចម្រើនថែមទៅមុនទៀត។
Reference list
BreakingNewsEnglish.com. (2021). Brain implant lets man write using thoughts. Retrieved March 10, 2022, from www.breakingnewsenglish.com website: https://breakingnewsenglish.com/2105/210516-brain-implants.html.
Mack, E. (2021, May 14). Brain implants let paralyzed man write on a screen using thoughts alone. Retrieved March 10, 2022, from CNET website: https://www.cnet.com/news/brain-implants-let-paralyzed-man-write-on-a-screen-using-thoughts-alone/.