ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក Lavan Thiru នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Infrastructure Asia របស់សិង្ហបុរី
កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយលោក Lavan Thiru នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Infrastructure Asia នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដោយបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើចំនុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ក្របខ័ណ្ឌច្បាប់និងបទដ្ឋានគតិយុត្តរបស់កម្ពុជាពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) (២) ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់វិស័យឯកជន និង (៣) ការចែករំលែកព័ត៌មានអំពីគម្រោងនានាដែល Infrastructure Asia បាននិងកំពុងប្រតិបត្តិក្នុងប្រទេសកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ចំពោះវត្តមានរបស់នាយកប្រតិបត្តិ និងប្រតិភូក្រុមហ៊ុន Infrastructure Asia និងបានគូសបញ្ជាក់អំពីសារៈសំខាន់ និងការអភិវឌ្ឍក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធ
អេឡិចត្រូនិកនៅកម្ពុជា ទាំងក្របខ័ណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងនៅក្នុងវិស័យឯកជន ព្រមទាំងលើកឡើងអំពីការយកចិត្តទុកដាក់ និងគំនិតផ្តួចផ្តើមថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសតាមរយៈការដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ យន្តការនិងគោលនយោបាយលើកទឹកចិត្តផ្សេងៗក្រោមក្របខណ្ឌគតិយុត្តដែលមានស្រាប់ និងក្របខណ្ឌច្បាប់វិនិយោគថ្មីដែលទើបនឹងចូលជាធរមាន និងកិច្ចសម្រួលពាណិជ្ជកម្មផ្សេងៗទៀត។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ជាថ្មីអំពីការគាំទ្ររបស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការសហការជាមួយក្រុមហ៊ុន Infrastructure Asia និងរដ្ឋាភិបាលនៃប្រទេសសិង្ហបុរី ព្រមទាំងសម្តែងការស្វាគមន៍ និងលើកទឹកចិត្តឱ្យមានវិនិយោគិនសឹង្ហបុរីបន្ថែមទៀត សំដៅជំរុញអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាលើកកម្ពស់វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានកាន់តែប្រសើរឡើង៕
រុស្សីបាញ់កាំភ្លើងធំកម្ទេចមូលដ្ឋានយោធាមួយនៅ Okhtyrka ភាគខាងជើងឆៀងខាងកើត
យ៉ាងហោចណាស់ទាហានអ៊ុយក្រែន 70 នាក់ត្រូវបានស្លាប់
ក្រុមមន្ត្រីអ៊ុយក្រែន នៅថ្ងៃអង្គារនេះបានទទួលស្គាល់ថាកងទ័ពរបស់ខ្លួនយ៉ាងហោច ៧០នាក់ ត្រូវបានសម្លាប់នៅក្នុងវាយប្រហារដោយ កាំភ្លើងធំរបស់កងទ័ពរុស្ស៊ី លើបន្ទាយរបស់ពួកគេកាលពីថ្ងៃអាទិត្យ។ ការវាយប្រហារនេះបានកើតឡើងនៅ Okhtyrka ក្នុងតំបន់ Sumy ដែលបច្ចុប្បន្នស្ថិតនៅក្រោមការឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី។ កាលពីថ្ងៃចន្ទ ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់នៅតែរុះរើគំនរបាក់បែកដោយព្យាយាមស្វែងរកអ្នកនៅរស់រានមានជីវិត។
សភាអ៊ុយក្រែនទើបតែបានបង្ហោះសារគោរពវិញ្ញាណក្ខន្ធទាហាន ចំពោះវីរបុរសអ៊ុយក្រែន។ សភាបាននិយាយបន្តទៀតថា ពួកគេត្រូវបានសម្លាប់ដោយមីស៊ីល Grad ។