ឯកឧត្តម ប៉ាន សូរស័ក្តិ៖ មន្ត្រីពាណិជ្ជកម្ម និង ក.ប.ប. ទាំងអស់ ត្រូវមានម្ចាស់ការលើការងារខ្លួន ដើម្បីធ្វើការងារឱ្យមានប្រសិទ្ធភាព ផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តប៉ៃលិន ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវចេះម្ចាស់ការដោយខ្លួនឯង ដើម្បីធ្វើឱ្យមានទំនុកចិត្តជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការនាំចេញផ្លែមៀនប៉ៃលិន ដោយផ្ទាល់ទៅកាន់ទីផ្សារចិន កូរ៉េ និងទីផ្សារអន្តរជាតិផ្សេងៗទៀត ក្រោមប្រព័ន្ធអនុគ្រោះពន្ធដែលកម្ពុជាសម្រេចបាន នាពេលថ្មីៗនេះ រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ និង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗមួយចំនួន ដែលគោលការណ៍ណែនាំទាំងនោះរួមមាន៖
ទី១- មន្ត្រីទាំងអស់ត្រូវបន្តខិតខំពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស រួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព នៅលើទីផ្សារឱ្យកាន់តែស្វាហាប់ ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ ។
ទី២- ត្រូវចេះប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និងបណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ។
ទី៣- មន្រ្តីទាំងអស់ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម ។
ទី៤- បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពី អាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗ ។
ទី៥- ត្រូវបន្តជំរុញពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ ដោយបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង ១៨ ព្រមទាំងឧបត្ថម្ភទុន ផ្តល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម។
ទី៦- ពេលចុះអនុវត្តន៍ការងារក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សាគម្លាតសង្គម ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំឆ្លងឯកសារសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ។
ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តសេនីយ៍ ប៉ោ ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍ដកស្រង់សង្ខេប ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា នៅក្នុងឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចូលរួមធ្វើឱ្យសម្រេចនូវសមិទ្ធផលគោលនយោបាយ និងសង្គមជាច្រើន ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ដែលបានផ្ដល់ជារបាយការណ៍មូលដ្ឋាន សម្រាប់ក្រុមការងារបូកសរុបធ្វើជារបាយការណ៍រួម។
សូមជម្រាបជូនផងដែរថា ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ ដោយឡែក នៅថ្ងៃទី២៣ ខែកុម្ភៈ ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីបិទសន្និបាតរបស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕