វាគ្មិន៖ លោក យាន់ វណ្ណៈ សហស្ថាបនិក និងនាយកប្រតិបត្តិ Peace Yoga
ពន្លឺនៃកញ្ចក់អេក្រង់អាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនទៅលើកុមារ។ ទី ១ នោះគឺវាអាចធ្វើឱ្យមានការប៉ះពាល់ដល់ភ្នែករបស់កុមារដែលវាធ្វើឱ្យមានការឆាប់នឿយហត និងប៉ះពាល់ដល់សុខភាពភ្នែកនាថ្ងៃអនាគត។ មួយវិញទៀត ពន្លឺដែលចេញពីទូរស័ព្ទរបស់យើងឬក៏យើងហៅថា Blue Light អាចប៉ះពាល់ដល់ខួរក្បាលរបស់កុមារផងដែរ។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍ឌីជីថល និងអាកប្បកិរិយារបស់កុមារពិតជាមានទំនាក់ទំនងគ្នាទៅវិញទៅមក។ សព្វថ្ងៃ ក្មេងចូលចិត្តលេង Game ក៏ដូចជាបណ្តាញសង្គមផ្សេងដូចជា Tik Tok, Facebook ជាដើម។ ទាំងអស់នេះសុទ្ធតែមានឥទ្ធិពលទៅលើកុមារ។ ការបណ្តាយឱ្យប្រើប្រាស់បែបនេះនឹងបណ្តាលឱ្យមានផលប៉ះពាល់ច្រើនដោយក្នុងបណ្តាញសង្គមមានព័ត៌មានជាច្រើនប្រភេទទាំងល្អ និងអាក្រក់។ មាតិកាខ្លះនិយាយពីអំពើហិង្សា ការសម្លាប់ ការបាញ់បោះដែលជាគ្រោះថ្នាក់មួយសម្រាប់កុមារ។ ហើយមាតិកាខ្លះទៀតអាចបង្កើតអារម្មណ៍មិនល្អសម្រាប់ក្មេងដូចជា ការភ័យខ្លាច សុទ្ធតែអាចប៉ះពាល់ដល់ក្មេង។ ជារួមមក ប្រសិនបើឪពុកម្តាយចង់ឱ្យកូនប្រើប្រាស់បណ្តាញសង្គម ពួកគាត់គួរតែចូលរួមមើលជាមួយកូនគាត់ដែរ។ ការធ្វើបែបនេះគឺជាការតម្រង់ទិសមួយ ដើម្បីទាញផលប្រយោជន៍សម្រាប់កុមារ។
សំណួរទី១៖ តើពន្លឺនៃកញ្ចក់អេក្រង់អាចជះឥទ្ធិពលយ៉ាងណាខ្លះទៅលើកុមារ?
ពន្លឺនៃកញ្ចក់អេក្រង់អាចជះឥទ្ធិពលអវិជ្ជមានមួយចំនួនទៅលើកុមារ។ ទី ១ នោះគឺវាអាចធ្វើឱ្យមានការប៉ះពាល់ដល់ភ្នែករបស់កុមារដែលវាធ្វើឱ្យមានការឆាប់នឿយហត និងប៉ះពាល់ដល់សុខភាពភ្នែកនាថ្ងៃអនាគត។ មួយវិញទៀត ពន្លឺដែលចេញពីទូរស័ព្ទរបស់យើងឬក៏យើងហៅថា Blue Light អាចប៉ះពាល់ដល់ខួរក្បាលរបស់កុមារផងដែរ។ នេះធ្វើឱ្យរំខាន់ដល់វដ្តនៃការគេងរបស់កុមារដោយវាធ្វើឱ្យប៉ះពាល់ដល់ការផលិតអរម៉ូនមួយឈ្មោះថា មេឡាតូនីន។ សារធាតុនេះជាសារធាតុដែលធ្វើឱ្យរាងកាយយើងសំរាកហើយទាមទារការគេង។ ពន្លឺនេះធ្វើឱ្យខួរក្បាលរបស់គាត់នៅតែដំណើរការ ខុសវដ្ត ខុសពេលវេលា។ ការគេងពិតជាមានសារៈសំខាន់ចំពោះក្មេងដោយកុមារទាមទារការគេងពី ៩ ទៅ ១៣ ម៉ោងហើយវាទាក់ទងនឹងអរម៉ូននៃការលូតលាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត។
ជារួមមក ពន្លឺនៃកញ្ចក់អេក្រង់ហួសកម្រិតនឹងផ្តល់លទ្ធផលអាក្រក់សម្រាប់ក្មេង។
សំណួរទី២៖ តើការប្រើប្រាស់ឧបករណ៍ឌីជីថលហួសកម្រិតអាចបង្កឱ្យមានឥទ្ធិពលទៅលើជំនាញទំនាក់ទំនងក្នុងសង្គម និងក្មេងដទៃទៀតដែរឬទេ?
ការប្រើប្រាស់ឧបករណ៍ឌីជីថល និងអាកប្បកិរិយារបស់កុមារពិតជាមានទំនាក់ទំនងគ្នាទៅវិញទៅមក។ សព្វថ្ងៃ ក្មេងចូលចិត្តលេង Game ក៏ដូចជាបណ្តាញសង្គមផ្សេងដូចជា Tik Tok, Facebook ជា
ដើម។ ទាំងអស់នេះសុទ្ធតែមានឥទ្ធិពលទៅលើកុមារ។
ទី ១ គឺវាអាចប៉ះពាល់ដល់ការលូតលាស់នៃភាសារបស់កុមារ។ ក្មេងនឹងមិនបានធ្វើការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនទេ។ កុមារមិនបានបញ្ចេញសំឡេងទេ ដោយខួរក្បាលរបស់គាត់បានជាប់ជាមួយអេក្រង់។ ទំនាក់ទំនងជាមួយគ្រួសារ ជាមួយក្មេង និងជាមួយសង្គមត្រូវបានកាត់បន្ថយ។ ដូចនេះ គាត់បាត់បង់ទាំងការលូតលាស់ទាំងភាសា និងការធ្វើការទំនាក់ទំនង។
ទី ២ គឺដោយយើងដឹងហើយថា ការប្រើប្រាស់បច្ចេកវិទ្យាច្រើនអាចធ្វើឱ្យការប្រើប្រាស់ចលនា
តិច។ ការប្រើប្រាស់បច្ចេកវិទ្យានេះគឺធ្វើឱ្យមានការបាត់បង់វិស័យកីឡាតាំងពីកុមារមក។ ការលេងជាមួយគ្នាក៏ដូចជាការលេងនៅខាងក្រៅរួមជាមួយការបង្កើតឡើងនៃទម្រង់សង្គមរវាងក្មេងនិងក្មេងត្រូវបានបាត់
បង់។ ប្រសិនបើកុមារលេងទូរស័ព្ទច្រើន ពួកគាត់នឹងបាត់បង់ទំនាក់ទំនងនេះ។
សំណួរទី៣៖ តើការបណ្តោយឱ្យមានការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដោយមិនមានការគ្រប់គ្រងពីអាណាព្យាបាលអាចនាំមកនូវផលប៉ះពាល់យ៉ាងណាខ្លះ?
ការបណ្តាយឱ្យប្រើប្រាស់បែបនេះនឹងបណ្តាលឱ្យមានផលប៉ះពាល់ច្រើន។ សព្វថ្ងៃនេះ ឪពុកមា្តយមួយចំនួនមានការយល់ច្រឡំថា ការបណ្តោយឱ្យកូនប្រើប្រាស់បច្ចេកវិទ្យានឹងធ្វើឱ្យកុមារមានចំណេះដឹងច្រើនលើបច្ចេកវិទ្យានិងមានភាពឆ្លាតវៃ។ ហើយនាពេលដែលកូនមានឧបករណ៍ទាំងនេះនឹងធ្វើឱ្យខ្លួនមានពេលទំនេរច្រើន។ ប៉ុន្តែនេះមិនមែនជាការត្រឹមត្រូវទេដោយក្នុងបណ្តាញសង្គមមានព័ត៌មានជាច្រើនប្រភេទទាំងល្អ និងអាក្រក់។ មាតិកាខ្លះនិយាយពីអំពើហិង្សា ការសម្លាប់ ការបាញ់បោះដែលជាគ្រោះថ្នាក់មួយសម្រាប់កុមារ។ ហើយមាតិកាខ្លះទៀតអាចបង្កើតអារម្មណ៍មិនល្អសម្រាប់ក្មេងដូចជា ការភ័យខ្លាច សុទ្ធតែអាចប៉ះពាល់ដល់ក្មេង។ ដូចនេះ ការដែលឪពុកមា្តយមិនបានកំណត់កម្មវិធីឱ្យកូនគឺជារឿងគ្រោះថ្នាក់ដ៏ធំ
មួយ។ ឪពុកម្តាយគួរតែមើលជាមួយកូន ដោយពេលនោះយើងដឹងថាកម្មវិធីណាខ្លះដែលល្អសម្រាប់កូន ហើយយើងអាចគ្រប់គ្រងបាន។
ជារួមមក ការបណ្តោយប្រៀបបីដូចជាការយករឿងមិនល្អជូនកុមារ។
សំណួរទី៤៖ តើការប្រើប្រាស់បច្ចេកវិទ្យាអាចប៉ះពាល់ដល់ទម្រង់នៃការគេងរបស់កុមារ? ហើយវាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយយ៉ាងណាដែរ?
ដូចបានរៀបរាប់ខាងលើ ការប្រើប្រាស់បច្ចេកវិទ្យាអាចនាំឱ្យមានការប៉ះពាល់ទម្រង់នៃការគេងរបស់កុមារ។ ហើយវាប៉ះពាល់ដល់កែវភ្នែក និងអរម៉ូនរបស់ក្មេងនាថ្ងៃអនាគតថែមទៀតផថ។ បច្ចេកវិទ្យានឹងជះឥទ្ធិពលទៅលើការគេង ធ្វើឱ្យគេងមិនស្កប់ គេងដោយយល់សប្តិ។ ការគេងនេះពិតជាមានសារៈសំខាន់ណាស់ចំពោះក្មេងដោយវាទាក់ទងនឹងអរម៉ូនលូតលាស់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ផ្ទុយទៅវិញ ប្រសិនបើក្មេងគេងមិនស្កប់ វាអាចប៉ះពាល់ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ ទី ១ វាអាចធ្វើឱ្យសុខភាពរបស់ក្មេងចុះខ្សោយ ឆាប់ទទួលរងនូវជំងឺដោយវាធ្វើឱ្យក្មេងនោះមិនសូវធ្វើចលនាហើយសកម្មភាពកីឡានឹងមានការថយចុះ។ មួយវិញទៀត វាពាក់ព័ន្ធនឹងការសិក្សាក៏ដូចជា ការយកចិត្តទុកដាក់របស់គាត់។ ម៉ោងរៀនបែបជាពិបាកក្នុងការរៀនដោយសារងងុយគេង
ពេក។ នេះក៏ដោយសារតែខួរក្បាលរបស់គាត់អស់កម្លាំងដែរ។ លើសពីនេះ វាក៏អាចប៉ះពាល់ដល់អារម្មណ៍គាត់ដោយធ្វើឱ្យគាត់ឆាប់ឆេវឆាវ ឆាប់ខឹង ឆាប់តូចចិត្តជាដើម។
ទាំងអស់នេះសុទ្ធតែជាឥទ្ធិពលនៃបច្ចេកវិទ្យាមកលើកុមារ។
សំណួរទី៥៖ តើលោកគ្រូមានមតិយោបល់យ៉ាងណាខ្លះជូនអាណាព្យាបាលក្នុងការគ្រប់គ្រងឥទ្ធិពលអវិជ្ជមាននៃបច្ចេកវិទ្យាមកលើកុមារ?
ខ្ញុំបាទសូមផ្តល់យោបល់ថា ប្រសិនបើមានកូនតូចតែចង់ឱ្យគាត់ប្រើប្រាស់បច្ចេកវិទ្យា សូមត្រូវកំណត់ពេលវេលាឱ្យបានច្បាស់លាស់ ប៉ុន្មានម៉ោងក្នុងមួយថ្ងៃ។ បន្ទាប់មក សូមជ្រើសរើសកម្មវិធីឱ្យបានច្បាស់លាស់។ កម្មវិធីកំសាន្តសម្រាប់ក្មេងគឺជារឿងល្អ ប៉ុន្តែកម្មវិធីមួយចំនួនដែលមិនសមគួរជាមួយក្មេងគឺមិនត្រូវឱ្យក្មេងមើលនោះទេ។ ប្រសិនបើឪពុកម្តាយចង់ឱ្យកូនប្រើប្រាស់បណ្តាញសង្គម ពួកគាត់គួរតែចូលរួមមើលជាមួយកូនគាត់ដែរ។ ការធ្វើបែបនេះគឺជាការតម្រង់ទិសមួយ ដើម្បីទាញផលប្រយោជន៍សម្រាប់កុមារ។