វាគ្មិន៖ លោក ជី សុ ផាត អ្នករៀបចំបារខែមកម្ពុជា និងជាអ្នកនិពន្ធមាតិកាឌីជីថល
បើយើងមើលទៅលើទិន្នន័យ យើងឃើញថាកំណើននៃទូរស័ព្ទដៃមានការកើនឡើងយ៉ាងខ្លាំង។ អ្នកប្រើប្រាស់បណ្តាញសង្គមមានច្រើនដែលអាចជះឥទ្ធិពលជាខ្លាំងមកលើប្រពៃណី វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ការចែកចាញព័ត៌មានក៏មានការផ្លាស់ប្តូរដែរ។ ពាក្យថា “វប្បធម៌” មានអត្ថន័យធំទូលាយណាស់ ដូចនេះ ខ្ញុំនឹងនិយាយបែកចេញជា ២ ដំណាក់កាល។ ទី ១ ខ្ញុំនិយាយពីតួនាទីនៃបណ្តាញសង្គមដែលវាជាឧបករណ៍ដើម្បីផ្សព្វផ្សាយនិងទំនាក់ទំនងដូចជា ប្រព័ន្ធ Facebook ជា
ដើម។ ទី ២ បើយើងនិយាយពីវប្បធម៌នៃការរស់នៅ និងការសិក្សាពីវប្បធម៌បរទេសក៏ជាផ្នែកមួយនៃទំនាក់ទំនងនេះដែរ។ យើងអាចសិក្សានិងផ្សព្វផ្សាយវប្បធម៌កម្ពុជា ហើយយើងក៏អាចសិក្សាពីវប្បធម៌របស់គេបានដែរ។ ដូចនេះ ខ្ញុំលើកទឹកចិត្តទៅយុវជនរបស់យើងឱ្យចំណាយពេលដើម្បីស្វែងយល់ពីអត្តសញ្ញាណជាតិរបស់យើងបន្ថែមទៀត។
សំណួរទី ១៖ តើបណ្តាញសង្គមក្នុងបរិបទកម្ពុជា មានការប្រែប្រួលយ៉ាងណាដែរ?ហើយវាមានឥទ្ធិពលមកលើសង្គមយ៉ាងណាដែរ?
បើយើងមើលទៅលើទិន្នន័យ យើងឃើញថាកំណើននៃទូរស័ព្ទដៃមានការកើនឡើងយ៉ាងខ្លាំងបូករួមទាំងប្រព័ន្ធអុីនធឺណែនមានប្រមាណជាង ១១ លាន។ ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមមានច្រើនដែលអាចជះឥទ្ធិពលជាខ្លាំងមកលើប្រពៃណី វប្បធម៌ នយោបាយ និងសេដ្ឋកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងនៅតាមទីជនបទ
ប្រជាជនក៏មានទូរស័ព្ទដៃដែរ។ នេះគឺជា ការបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាយើង។
សំណួរទី ២៖ តើមាតិកានៅលើបណ្តាញសង្គមអាចផ្តល់ជាផលវិជ្ជមានយ៉ាងណាដែរមកដល់សង្គម?
បើយើងគិតអំពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជាទូរទស្សន៍និងវិទ្យុពីមុនមក ព័ត៌មាន ផ្សាយទៅបានតែមួយម្ខាងទេ ប៉ុន្តែបើការផ្សព្វផ្សាយតាមប្រព័ន្ធអុីធឺណិតវិញ មាតិការមានទំនាក់ទំនងទៅវិញទៅមករវាងអ្នកបង្កើត និងអ្នកទទួល។ ដូចនេះ ការចែកចាញព័ត៌មានក៏មានការផ្លាស់ប្តូរដែរ។ ជាក់ស្តែង គោលដៅនៃ E-Governance គឺដើម្បីចែកចាញដំណឹងនឹងព័ត៌មាននៅតាមបណ្តាញសង្គមភ្លាមៗ មុននឹងការដាក់ប្រកាសនៅតាមសាលាខេត្ត សាលាក្រុង។ ការប្រើប្រាស់បែបនេះជាផលវិជ្ជមានមួយបូករួមទាំងការចែកចាញក្នុងប្រព័ន្ធផ្សេងៗទៀតដូចជា ប្រព័ន្ធអប់រំ ជាដើម។ ជាពិសេសនោះគឺ វិស័យទេសចរណ៍ ដោយសារតែបណ្តាញសង្គម តំបន់ដែលមិនមានអ្នកទេសចរក៏អាចប្រែក្លាយជាទិដ្ឋភាពដែលអាចទាក់ទាញភ្ញៀវទេសចរបាន។
សំណួរទី ៣៖ តើបណ្តាញសង្គមនិងវប្បធម៌កម្ពុជាយើង មានទំនាក់ទំនងយ៉ាងណាដែរ?
ពាក្យថា “វប្បធម៌” មានអត្ថន័យធំទូលាយណាស់ ដូចនេះ ខ្ញុំនឹងនិយាយបែកចេញជា ២ ដំណាក់កាល។ ទី ១ ខ្ញុំនិយាយពីតួនាទីនៃបណ្តាញសង្គមដែលវាជាឧបករណ៍ដើម្បីផ្សព្វផ្សាយនិងធ្វើការទំនាក់ទំនងដូចជា ប្រព័ន្ធ Facebook ជាដើម។ ជាការពិតណាស់ ប្រសិនបើយើងមានប្រពៃណីដ៏ល្អមួយ Facebook ជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្អសម្រាប់ប្រពៃណីនោះ។ ជាក់ស្ដែង ប្រាសាទកោះកេរថ្មីៗបានដាក់ចូលបញ្ជីបេតិកភណ្ឌពិភពលោក ហើយប្រជាជនកម្ពុជាមានការអបអរសាទរយ៉ាងខ្លាំង។ បណ្តាញសង្គមជាកន្លែងដែលប្រទេសយើងអាចផ្សព្វផ្សាយតំបន់ផ្សេងៗទៀតដើម្បីឱ្យពិភពលោកបានស្គាល់។ សម្រាប់ខ្ញុំ បណ្តាញសង្គមមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយនិងជាប្រភពអាចស្វែងយល់បន្ថែមពីវប្បធម៌ ប្រពៃណីជាតិយើង។ ទី ២ បើយើងនិយាយពីវប្បធម៌នៃការរស់នៅ និងការសិក្សាពីវប្បធម៌បរទេស ទាំងពីរក៏ជាផ្នែកមួយនៃទំនាក់ទំនងនេះដែរ។ យើងអាចសិក្សានិងផ្សព្វផ្សាយវប្បធម៌កម្ពុជា ហើយយើងក៏អាចសិក្សាពីវប្បធម៌របស់គេបានដែរ។ យើងមាន
បណ្តាញសង្គមហើយ យើងគួរចេះបង្ហាញពីអត្តសញ្ញាណរបស់យើង។ ជារួមមក វប្បធម៌ជារឿងមួយដ៏សំខាន់ ហើយបណ្តាញសង្គមជាឧបករណ៍ដ៏ល្អក្នុងការផ្សព្វផ្សាយអ្វីដែលយើងមាន។
សំណួរទី ៤៖ តើលោកគិតថា ការហូរចូលនៃវប្បធម៌បរទេសអាចផ្ដល់ជាគុណសម្បត្តិ និងគុណវិបត្តិយ៉ាងណាដែរមកដល់សង្គមកម្ពុជាយើង?
ជាធម្មតាទេ យើងចង់ផ្សព្វផ្សាយវប្បធម៌របស់យើងទៅប្រទេសដទៃ ហើយប្រទេសទាំងនោះគេក៏ចង់ផ្សព្វផ្សាយជះឥទ្ធិពលមកលើយើងវិញដែរ។ ចំពោះខ្ញុំ មានតែបុគ្គលខ្លួនឯងទេ។ បុគ្គលត្រូវយល់ពីវប្បធម៌របស់ខ្លួនឯងឱ្យច្បាស់ដើម្បីអភិរក្ស និងអភិវឌ្ឍទៅមុនទៀត។ វាជាផលវជ្ជមានក្នុងការផ្សព្វផ្សាយដល់ជាតិសាស្រ្តដទៃ។ រីឯការទទួលឥទ្ធិពលពីបរទេសវិញ ខ្ញុំគិតថាវាជាឱកាសមួយក្នុងការសិក្សា។ តែអំឡុងពេលក្នុងការរៀនសូត្រនោះ យើងត្រូវពីវប្បធម៌ប្រពែណីរបស់យើង កុំឱ្យឥទ្ធិពលគេកាត់បន្ថយប្រពៃណីនិង
អត្តសញ្ញាណរបស់យើង។ ក្រមសីលធម៌ សុជីវធម៌ និងអត្តសញ្ញណជាតិ យើងត្រូវបង្ហាញដោយភាពទន់ភ្លន់ ប៉ុន្តែរឹងមាំ។ បើគេជះឥទ្ធិពលមកលើយើង ហេតុអ្វីបានជាយើងមិនជះឥទ្ធិពលទៅលើគេវិញ?
សំណួរទី ៥៖ តើលោកមានពាក្យចុងក្រោយយ៉ាងណាដែរសម្រាប់ប្រជាជនកម្ពុជាយើងដើម្បីលើកម្ពស់វប្បធម៌ សីលធម៌ សុជីវធម៌កម្ពុជាយើងនៅតាមបណ្តាញសង្គម?
ខ្ញុំលើកទឹកចិត្តឱ្យយុវជនរបស់យើងចំណាយពេលដើម្បីស្វែងយល់ពីអត្តសញ្ញាណជាតិរបស់យើង។ យើងតែងនិយាយថា “ត្រូវស្គាល់ខ្លួនឯង” ប៉ុន្តែយើងក៏ត្រូវស្គាល់ពីជាតិសាស្រ្តខ្លួនឯងតាមពាក្យដែលគេតែងនិយាយមក “មោទនភាពសម្រាប់ដូនតា” ប៉ុន្តែពេលនេះជាពេលមួយសម្រាប់ឱ្យយើងធ្វើអ្វីយ៉ាងដើម្បីឱ្យដូនតារបស់យើងមានមោទនភាពសម្រាប់យើង។ សម័យឌីជីថលផ្តល់ឱកាសដ៏ល្អសម្រាប់ឱ្យយើងរួបរួមគ្នាក្នុងការផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ភាពទន់ភ្លន់ រួសរាយរបស់យើងតែមិនទន់ជ្រាយទៅកាន់ពិភពលោក។