វាគ្មិន៖ ចៅ សម្ជស្ស លោកគ្រូភាសាអង់គ្លេស ក្នុងវិទ្យាស្ថានភាសាបរទេស
និយាយាពីគុណសម្បត្តិនៃការសិក្សាតាមប្រព័ន្ធអុីធឺណិតអាចជួយយើងបាននៅពេលដែលយើងមិនអាចធ្វើដំណើរបាន។ ទោះបីសិស្សនោះនៅតាមខេត្តក៏ដោយ គាត់ក៏អាចទទួលបានការសិក្សាពីភ្នំពេញបានដែរ។ និស្សិតជាច្រើនទោះបីមាការរវល់យ៉ាងណាក៏ដោយក៏អាចទទួលបានចំណេះដឹងនៅពេលដែលគាត់មានឆន្ទៈ។ ការសិក្សាតាមប្រព័ន្ធ
អុីធឺណិតក៏មានគុណវិបត្តិធ្ងន់ធ្ងរដែរ ជាពិសេសសិស្សដែលមិនមានឱកាសដោយពេលខ្លះគាត់មានចិត្តចង់រៀនតែប្រព័ន្ធអុីធឺណិតមានសេវាខ្សោយ ឬក៏ទូរស័ព្ទនិងឧបករណ៍ចាស់មិនអាចប្រើប្រាស់កម្មវិធីសិក្សាទាំងនោះបាន។ បញ្ហានេះជាបញ្ហាប្រឈមដ៏ធំមួួយសម្រាប់និស្សិត សិស្សានុសិស្សគ្រប់រូប ដូចនេះសិស្សត្រូវរកទីតាំងណាដែលមានសេវាល្អនៅតាមហាងកាហ្វេជាដើម។ ហើយដោយការសិក្សាបែបនេះ និស្សិតហាក់បីដូចជាមិននិយាយស្តី មិនមានការទំនាក់ទំនងគ្នា គាត់ប្រើទូរស័ព្ទច្រើនជាងមុន។ ដើម្បីការលើកកម្ពស់ និងគាំទ្រការផ្សព្វផ្សាយការសិក្សាតាមប្រព័ន្ធអុីធឺណិតនៅក្នុងប្រទេសកម្ពុជា ខ្ញុំក៏សំណូមពរឱ្យគ្រប់ភាគីទាំងអស់ត្រូវចូលរួមដើម្បីឱ្យការសិក្សាតាមប្រព័ន្ធអុីធឺណិតទទួលបានជោគជ័យ។ សិស្សខ្លួនឯងនោះក៏ត្រូវមានឆន្ទៈក្នុងការសិក្សាផងដែរ មានឱកាសរៀនហើយ ត្រូវខិតខំឱ្យអស់ពីសម្ថភាព។
សំណួរទី ១៖ ក្នុងនាមជាលោកគ្រូដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់អុីធឺណិត តើលោកគ្រូគិតថា ការសិក្សាតាមប្រព័ន្ធអុីធឺណិតមានគុណសម្បត្តិជាងការសិក្សាក្នុងថ្នាក់យ៉ាងណាខ្លះដែរ?
មុននឹងនិយាយាពីគុណសម្បត្តិនៃការសិក្សាតាមប្រព័ន្ធអុីធឺណិត យើងត្រូវមើលទៅលើពិភពលោកមុននឹងសម័យកូវិដ-១៩ សិន។ នៅចុងឆ្នាំ ២០១៩ ជំងឺកូវិដ-១៩ បង្កឱ្យសាលារៀនបិទទាំងអស់គ្នាហើយបង្កឱ្យមានភាពតក់ស្លុតជាខ្លាំងដោយអ្នកគ្រប់គ្នាគិតតែការរក្សាជីវិតនិងរកវិធីយ៉ាងណាដើម្បីឱ្យសិស្សបានបន្តការសិក្សា។ ដូចនេះ មិនមានជម្រើសណាក្រៅពីការសិក្សាតាមប្រព័ន្ធអុីធឺណិតឡើយ។ ទន្ទឹមនឹងនោះដែរ ថ្នាក់ដឹកនាំតាមសាលាក៏ដូចជាក្រសួងអប់រំក៏មានការបារម្ភក្នុងការសិក្សាលក្ខណៈបែបនេះ។
បន្តបន្ទាប់មក បានជាយើងខិតខំប្រឹងប្រែងបង្រៀនតាមរយៈតាមប្រព័ន្ធអុីធឺណិត ទូរស័ព្ទ បូករួមទាំងបទពិសោធន៍របស់លោកគ្រូអ្នកគ្រូក្នុងការសិក្សាការរៀនពីចម្ងាយពីប្រទេសអាមេរិក ជប៉ុនក៏បានបង្កើតជាការសិក្សាតាម Google Meet, Zoom, Telegram, Facebook និងកម្មវិធីផ្សេងៗទៀត។
នាពេលនោះ ដោយលោកគ្រូក៏ថ្មី សិស្សក៏ថ្មី ដូចនេះលោកគ្រូអ្នកគ្រូត្រូវសិក្សាដើម្បីរៀបចំប្រព័ន្ធសិក្សាទាំងនេះ។ រហូតមកដល់ពេលនេះ យើងអាចនិយាយបានថាយើងបានជោគជ័យហើយ។ ត្រឡប់មកសំណួរប្អូនវិញ ការសិក្សាតាមប្រព័ន្ធអុីធឺណិតអាចជួយយើងបាននៅពេលដែលយើងមិនអាចធ្វើដំណើរបាន។ ទោះបីសិស្សនោះនៅតាមខេត្តក៏ដោយ គាត់ក៏អាចទទួលបានការសិក្សាពីភ្នំពេញបានដែរ។ បើប្រៀបធៀបនឹងថ្នាក់រៀន ទោះបីជាមិនបានដល់ថ្នាក់រៀនក៏ដោយ តែនៅពេលយើងមិនមានជម្រើស។ និស្សិតជាច្រើនទោះបីមាការរវល់យ៉ាងណាក៏ដោយក៏អាចទទួលបានចំណេះដឹងនៅពេលដែលគាត់មានឆន្ទៈ ។
សំណួរទី ២៖ ទន្ទឹងនឹងនេះដែរ តើការសិក្សាតាមប្រព័ន្ធអុីធឺណិតមានគុណវិបត្តិបែបណាខ្លះសម្រាប់សិស្សានុសិស្សទាំងអស់?
ការសិក្សាតាមប្រព័ន្ធអុីធឺណិតក៏មានគុណវិបត្តិធ្ងន់ធ្ងរដែរ ជាពិសេសសិស្សដែលមិនមានឱកាសដោយពេលខ្លះគាត់មានចិត្តចង់រៀនតែប្រព័ន្ធអុីធឺណិតមានសេវាខ្សោយ ឬក៏ទូរស័ព្ទនិងឧបករណ៍ចាស់មិនអាចប្រើប្រាស់កម្មវិធីសិក្សាទាំងនោះបាន។ បញ្ហានេះជាបញ្ហាប្រឈមដ៏ធំមួួយសម្រាប់និស្សិត សិស្សានុសិស្សគ្រប់រូប ដូចនេះសិស្សត្រូវរកទីតាំងណាដែលមានសេវាល្អនៅតាមហាងកាហ្វេជាដើម។ ពេលខ្លះនោះទៀត បានទៅដល់ហាងហើយមានករណីមិនមានអគី្គសនីទៀត។ នេះជាបញ្ហាដ៏ធំដែលពិបាកដោះស្រាយជាខ្លាំងដោយខ្ញុំក៏មិនមានដំណោះស្រាយដែរ។
ប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ ២០០៤ មក តាមដំបូលសន្តិភាព រាជរដ្ឋាភិបាលបានបង្កឱ្យមានភាពងាយស្រួលជាច្រើនហើយ។ ប្រព័ន្ធអុីធឺណិតមិនយូរមិនឆាប់នឹងមានរីកចម្រើនទៅថ្ងៃអនាគត។
សំណួរទី ៣៖ តាមសង្កេតឃើញរបស់លោកគ្រូ តើលោកគ្រូបានសង្កតឃើញថា
អាកប្បកិរិយារបស់សិស្សមានការប្រែប្រួលយ៉ាងណាដែរដោយការសិក្សាតាមប្រព័ន្ធ
អុីធឺណិតមានការរីកផ្សព្វផ្សាយខ្លាំង?
ប្រធានបទនេះត្រូវបានគេសិក្សាច្រើនមកហើយ។ តាមការសង្កេតរបស់ខ្ញុំ នៅ
វិទ្យាស្ថានភាសាបរទេស អត្តចរិតរបស់និស្សិតមានការប្រែប្រួលខ្លាំង។ និស្សិតហាក់បីដូចជាមិននិយាយស្តី មិនមានការទំនាក់ទំនងគ្នា គាត់ប្រើទូរស័ព្ទច្រើនជាងមុន។ នាពេលដែលគាត់និយាយជាមួយយើង គាត់ដូចជាមានបញ្ហាក្នុងការទំនាក់ទំនាងជាមួយលោកគ្រូអ្នកគ្រូ ខ្វះភាពស្និទ្ធស្នាលដូចនេះ គាត់មិនសូវមានភាពស្និទ្ធស្នាលដូចមុនកូវិដ។
សំណួរទី ៤៖ តាមមតិយោបល់របស់លោកគ្រូ តើរដ្ឋាភិបាលមានតួនាទីយ៉ាងណាដែរក្នុងការលើកកម្ពស់ និងគាំទ្រការផ្សព្វផ្សាយការសិក្សាតាមប្រព័ន្ធអុីធឺណិតនៅក្នុងប្រទេស
កម្ពុជា?
តាមយោបល់របស់លោកគ្រូ ក្រសួងមានការរៀបចំល្អហើយដោយមានកម្មវិធីផង APP ផងបូករួមទាំងមានការរៀបចំផ្សេងៗផងដែរ។ ទន្ទឹងនឹងនេះដែរ ខ្ញុំក៏សូមឱ្យថ្នាក់ដឹកនាំមានការបង្រៀនលោកគ្រូអ្នកគ្រូទាំងអស់ឱ្យយល់ពីប្រព័ន្ធទាំងនេះបន្ថែមទៀតឱ្យចេះពីរបៀបក្នុងការចែករំលែក Screen, បង្កើត Google From, និងរបៀបក្នុងការប្រមូលពន្ទុផ្សេងៗទៀត។ មួយវិញទៀត ខ្ញុំក៏សំណូមពរឱ្យនៅពេលដែលសិស្សកំពុងរៀនតាមប្រព័ន្ធ
អុីធឺណិត កុំឱ្យមានសំឡេងរំខានដោយមានការជួបជុំគ្នាធ្វើឱ្យមានការឮសំឡេងខ្លាំង។ នាពេលករណីនេះ អជ្ញាធរដែនដីត្រូវមានការរហ័សរហួនក្នុងការការពារកុំមានការរំខានដោយសំឡេងខ្លាំងពេកព្រោះការសិក្សាតាមប្រព័ន្ធអុីធឺណិតជាចាំបាច់ត្រូវការសំឡេងស្ងប់ស្ងាត់ ប្រព័ន្ធអុីធឺណិតមានល្បឿនលឿន និងទីតាំងល្អ។ ដូចនេះ អ្វីដែលរដ្ឋាភិបាលធ្វើបានគឺជំរុញឱ្យអជ្ញាធរដែនដីជួយក្នុងការសម្រួលសំឡេងនេះ។ លើសពីនេះទៀត សហគមន៍ផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋ អាណាព្យាបាលត្រូវយល់ពីអត្ថប្រយោជន៍របស់ប្រព័ន្ធអុីធឺណិតនេះ។ បន្ថែមពីនេះទៀត បើយើងអាច យើងត្រូវរៀបចំឱ្យមានកន្លែងអានសៀវភៅឱ្យបានច្រើន មានបណ្ណាល័យសម្រាប់សិស្ស ហើយនៅតាមហាងកាហ្វេគួរតែមានដាក់សញ្ញាឱ្យរក្សាភាពស្ងាមស្ងាត់ដើម្បីឱ្យសិស្សរៀនបាន។
សរុបសេចក្តីមក គ្រប់ភាគីទាំងអស់ត្រូវចូលរួមដើម្បីឱ្យការសិក្សាតាមប្រព័ន្ធអុីធឺណិតទទួលបានជោគជ័យ។ សិស្សខ្លួនឯងនោះក៏ត្រូវមានឆន្ទៈក្នុងការសិក្សាផងដែរ មានឱកាសរៀនហើយត្រូវខិតខំឱ្យអស់ពីសម្ថភាព។