វាគ្មិន៖ លោក អ៊ុក ភក្ដី អ្នកជំនាញផ្នែកហិរញ្ញវត្ថុ
ជាការពិតណាស់ ការសន្សំប្រាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងម្នាក់ៗ។ ហើយង។ ដើម្បីឲ្យយើងសន្សំបានគឺនៅពេលដែលយើងដឹងថា យើងយកវាទៅប្រើក្នុងគោលដៅអ្វីមួយពិតប្រាកដ។ វាពិតជាមានប្រយោជន៍សម្រាប់ជួយយើងក្នុងផ្នែកណាមួយហើយជួយលើកទឹកចិត្តឲ្យយើងដឹងថាយើងកំពុងដើរនៅលើផ្លូវណា។ ការរៀបចំគម្រោងថវិកា គឺជាផ្នែកមួយដ៏សំខាន់ដែលធ្វើឲ្យការសន្សំទទួលបានជោគជ័យ។ កាលណាយើងមានគម្រោងថវិកាច្បាស់លាស់មានន័យថាយើងអាចមើលឃើញប្រាក់ចំណូលដែលយើងអាចសន្សំបាន។ មួយផ្នែកទៀតគឺ កំហុសឆ្គងមួយចំនួនយើងត្រូវជៀសវាងដែរដូចជា ការមិនបានកំណត់គោលដៅច្បាស់លាស់។ ចំណេះដឹងផ្នែកហិរញ្ញាវត្ថុដូចនេះគួរតែត្រូវផ្សព្វផ្សាយ ហើយរដ្ឋាភិបាយក៏ដូចជាប្រជាពលរដ្ឋគួរតែជួយផ្សព្វផ្សាយ និងស្វែងយល់។
សំណួរទី ១៖ តើ ការសន្សំប្រាក់ មានសារៈសំខាន់យ៉ាងណាខ្លះ? ហើយយើងត្រូវធ្វើយ៉ាងណាដើម្បីសន្សំបាន?
ជាការពិតណាស់ ការសន្សំប្រាក់ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើង
ម្នាក់ៗ។ មុននឹងយើងទៅមុខទៀត ខ្ញុំសូមលើកពីរចំណុចសម្រាប់មនុស្សម្នាក់ៗដែលយើងជួបប្រទះនៅក្នុងជីវិតរបស់យើងហើយចៀសមិនផុត។ ទីមួយគេហៅថា ព្រឹត្តិការណ៍ជាតម្រូវការចាំបាច់នៅក្នុងជីវិត
យើង។ ខ្ញុំលើកឧទាហរណ៍ដូចជានៅពេលយើងចាប់ផ្តើមធំធាត់ យើងនឹងត្រូវទៅសាលារៀន យើងត្រូវស្វែងរកការងារធ្វើដើម្បីរកប្រាក់ចំណូល។ យើងចង់កសាងគ្រួសារ រៀបអាពាហ៍ពិពាហ៍។ ទាំងអស់សុទ្ធតែត្រូវការលុយហើយក៏ជាព្រឹត្តិការណ៍ដែលយើងដឹងមុន។ ដោយឡែកមានព្រឹត្តិការណ៍មួយទៀតដែលយើងហៅថា ព្រឹត្តិការណ៍ដែលយើងអត់ដឹងមុន។ ខ្ញុំសូមលើកយករឿងព្រឹត្តិការណ៍នេះមកបកស្រាយ បើសិនក្នុងករណីមានរឿងអ្វីកើតឡើង តើលុយសម្រាប់តម្រូវការដែលកើតឡើងចំពោះយើង តើយើងបានមកពីណា? នេះហើយជាមូលហេតុដែលការសន្សំប្រាក់មានសារៈសំខាន់ណាស់។ បើយើងមិនបានសន្សំ មិនបានត្រៀម យើងនឹងប្រឈមមុខនឹងបញ្ហាលុយកាកនៅពេលដែលតម្រូវការមានការកើតឡើង។ ដើម្បីឲ្យយើងសន្សំបានគឺនៅពេលដែលយើងដឹងថា យើងយកវាទៅប្រើក្នុងគោលដៅអ្វីមួយពិតប្រាកដ។ វាពិតជាមានប្រយោជន៍សម្រាប់ជួយយើងក្នុងផ្នែកណាមួយហើយជួយលើកទឹកចិត្តឲ្យយើងដឹងថាយើងកំពុងដើរនៅលើផ្លូវណា។ ស្ថានភាពបច្ចុប្បន្ននេះ យើងកំពុងនៅកន្លែងណា។ បើយើងត្រូវការទំហំលុយតូចឬធំ យើងមានលទ្ធភាពក្នុងការសន្សំបានដែរឬអត់? បើយើងសន្សំមិនបាន តើយើងគួរតែកាត់បន្ថយគោលដៅរបស់យើងពីចំនួនធំមកនៅត្រឹមចំនួន ណាមួយបានដែរឬអត់?មួយវិញទៀត យើងត្រូវដឹងពីរូបភាពនៃលំហូរនៃការចាយលុយរបស់យើង។ លុះត្រាតែយើងដឹងអំពីលំហូរនាំចេញនាំចូលរបស់យើងច្បាស់លាស់ ទើបយើងដឹងថា តើយើងគួរដកលុយប៉ុន្មានសម្រាប់ការសន្សំ?
សំណួរទី ២៖ តើការរៀបចំគម្រោងថវិកាមានសារៈសំខាន់យ៉ាងណាដែរក្នុងការធ្វើឱ្យការសន្សំប្រាក់ទទួលបានជោគជ័យ?
ជាការពិតទៅ ទាំងពីរនេះមានទំនាក់ទំនងគ្នា។ កាលណាយើងមានគម្រោងថវិកាច្បាស់លាស់មានន័យថាយើងអាចមើលឃើញប្រាក់ចំណូលដែលយើងអាចសន្សំបាន។ ប៉ុន្តែបើសិនជាយើងអត់ដឹងពីគម្រោងយើងច្បាស់ទេ។ យើងនឹងពិបាកក្នុងការបត់បែនក្នុងការសន្សំ។ ដូចនេះ ការរៀបចំគម្រោងថវិកាពិតជាសំខាន់។ កាលណាយើងអត់ដឹងថាយើងត្រូវចំណាយប៉ុន្មានក្នុងមួយខែ ក្នុងមួយឆ្នាំខែ? យើងនឹងពិបាកក្នុងការកំណត់ឥរិយាបថក្នុងការចាយលុយរបស់យើង។ ជារួមមក បើសិនជាយើងមានគម្រោងថវិកាច្បាស់លាស់ យើងនឹងដឹងពីលំហូររបស់យើង ចំណាយរបស់យើង ហើយយើងអាចសន្សំបានប៉ុន្មាន។ វាគឺជាមូលដ្នានគ្រឹះដែលយើងអាចសន្សំបាន។
សំណួរទី ៣៖ ដើម្បីឱ្យការសន្សំប្រាក់របស់យើ់ងធ្វើទៅបាន តើយើងគួរជៀសវាងកំហុសឆ្គងក្នុងការចំណាយយ៉ាងណាខ្លះ?
មុនយើងចាប់ក្នុងការសន្សំ យើងត្រូវដឹងពីតម្រូវការរបស់ខ្លួនឯងសិន។ ឧទាហរណ៍ថា បើសិនជាយើងត្រូវការលុយមួយពាន់ដុល្លាររយៈពេលមួយឆ្នាំទៅមុនទៀត យើងនឹងអាចដឹងថាចាប់ពីពេលនេះទៅ យើងត្រូវដកសន្សំប៉ុន្មានក្នុងមួយខែឬមួយថ្ងៃ។ កាលណាយើងមិនមានគោលដៅច្បាស់លាស់ទេ ប្រៀបដូចជាយើងធ្វើដំណើរនៅលើដងផ្លូវដែលអត់មានគោលដៅច្បាស់លាស់។ វាជាប្រភពមួយដើម្បីជំរុញឲ្យការសន្សំបានជោគជ័យ។ ផ្ទុយទៅវិញ ភាគច្រើនការសន្សំអត់មានគោលដៅច្បាស់លាស់។ ចាយសល់ប៉ុន្មាន សន្សំវាទៅ បើមិនមាន ក៏អត់ទៅ។ ដូចនេះ យើងកំពុងធ្វើដំណើរនៅលើដងផ្លូវដែលអត់មានគោលដៅច្បាស់លាស់។ បូករួមទាំងចំណង់និងតម្រូវការធ្វើការអូសទាញ ធ្វើឲ្យយើងប៉ោះបង់ចោលការព្យាយាម។ ចំណុចមួយទៀតគឺភាគច្រើនយើងអត់មានទម្លាប់ក្នុងការកត់ត្រា។ ការកត់ត្រាគឺជាការតាមដាន លំហូរលុយចេញយើង ក៏ដូចជាលំហូរលុយចូលរបស់យើង។ ការតក់ត្រាធ្វើឲ្យយើងដឹងថា យើងកំពុងតែស្ថិតនៅក្នុងឥរិយាបថនៃការចាយលុយមួយណា។ បើសិនជាចំណាយច្រើនជាងចំណូល យើងត្រូវសួរខ្លួនឯងថា យើងគួរតែបន្តឥរិយាបថបែបនេះឬអត់?សំខាន់ណាស់ ការតក់ត្រាគឺជាចំណែកមួយដែលអាចឲ្យយើងដាស់តឿនខ្លួនឯងបាន។ បើសិនជាយើងចង់គ្រប់គ្រងលុយបានល្អ លុះត្រាតែយើងមានចំណូលច្រើនជាងចំណាយ។ នេះគឺជាការរក្សាខ្លួនយើងឲ្យស្ថិតនៅក្នុងគោលដៅសន្សំឲ្យបានត្រឹមត្រូវ។ ហើយមួយទៀតវិញគឺយើងត្រូវប្រកាន់គោលការណ៍ដោយរៀបចំគម្រោងថវិកាឲ្យបានត្រឹមត្រូវ។ យើងត្រូវដឹងពីចំនួនការចំណាយរបស់យើង ពីព្រោះការសន្សំតែងតែប៉ះពាល់ការចំណាយរបស់យើង។ នេះគឺជាផ្នែកមួយដែលអាចឲ្យយើងថ្លឹងថ្លែងកុំឲ្យការសន្សំប៉ះពាល់ការចំណាយឬចំណូលរបស់យើងខ្លាំងពែក។
សំណួរទី ៤៖ ប្រសិនបើស្ថានភាពហិរញ្ញវត្ថុឬក៏តម្រូវការហិរញ្ញវត្ថុត្រូវបានផ្លាស់ប្តូរដូចជាក្នុងរយៈពេលមានអតិផរណាខ្ពស់ តើយើងអាចកែសម្រួលយុទ្ធសាស្រ្តការសន្សំប្រាក់ និងគម្រោងថវិកាយើងយ៉ាងណាដែរ?
ដូចខ្ញុំបានបកស្រាយខាងលើ ក្នុងជីវិតរបស់យើងមានព្រឹត្តិការណ៍ពីរធំៗ, ព្រឹត្តិការណ៍ដែលយើងដឹងមុន និងព្រឹត្តិការណ៍ដែលយើងមិនដឹងមុន។ ហេតុការណ៍ដូចជាអតិផរណាកើនឡើនជាព្រឹត្តិការណ៍ដែលយើងមិនដឹងមុន តែប៉ះពាល់ដល់ចំណូលរបស់យើង។ ជំងឺកូវិដ ១៩ ក៏ដូចគ្នាដែរ វាបានប៉ះពាល់ដល់ការងាររបស់យើងក៏ដូចជាចំណូលរបស់យើងដែរ។ ដូចនេះ វាក៏អាចប៉ះពាល់ដល់់លទ្ធភាពក្នុងការសន្សំរបស់យើងដែរ។
ដើម្បីដោះស្រាយបញ្ហានេះ យើងត្រូវបែងចែកការសន្សំជា ២។ មួយគឺការសន្សំដើម្បីសម្រេចគោលដៅជាក់លាក់។ ប៉ុន្តែយើងក៏ត្រូវមានសន្សំមួយប្រភេទទៀតសម្រាប់ទប់ទល់នឹងហេតុការណ៍បន្ទាន់ដូចជា ការព្យាបាលជំងឺជាដើម។ បើសិនជាយើងមិនបានសន្សំក្នុងប្រភទនេះទេ យើងនឹងត្រូវដកការសន្សំដើម្បីគោលដៅរបស់យើង។ យើងត្រូវមានផែនការត្រៀមសម្រាប់ទប់ទល់ជាមួយនឹងហេតុការណ៍បន្ទាន់ដូចជា ការទិញមាសទុកដើម្បីលក់ក្នុងពេលត្រូវការ ការសន្សំលុយទុក ឬក៏ការទិញធានារ៉ាប់រង។ល។ ដោយវិធីណាក៏ដោយ យើងគួរតែមានផែនការត្រៀមដោយមិនប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ។
សំណួរទី ៥៖ តើលោកមានយោបល់យ៉ាងណាដែរដើម្បីឱ្យរដ្ឋាភិបាលជួយផ្សព្វផ្សាយចំណេះដឹងផ្នែកការសន្សំប្រាក់ និងការរៀបចំគម្រោងថវិកា?
ខ្ញុំគិតថាកម្មវិធីលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុគឺជារឿងមួយសំខាន់ដែលភាគច្រើន ក្នុងប្រព័ន្ធអប់រំអត់ទាន់មានកម្មវិធីសម្រាប់អប់រំជំនាន់ក្រោយៗទេដែលយើងហៅថាបំណិនជីវិត។ វាមិនសំដៅតែអ្នកណារៀនបានខ្ពស់ឬក៏ទាបនោះទេគឺអ្នកនោះនៅតែមានបញ្ហាកាលណាខ្វះនូវបំណិនជីវិតទាក់ទងរឿងហិរញ្ញវត្ថុនេះ។ ដូចនេះ ខ្ញុំមានសំណូមពរឲ្យមានការពង្រីកការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ។ ជាពិសេសឃើញថាប្រទេសកម្ពុជាយើងក៏មានការរីកចម្រើនយ៉ាងខ្លាំងទៅលើវិស័យហិរញ្ញវត្ថុដែរ។ ដូចនេះ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់មិនថារដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនគឺគួរតែចូលរួមចំណែកដើម្បីលើកកម្ពស់ការយល់ដឹងហិរញ្ញវត្ថុ។ ជាពិសេសពង្រឹងការយល់ដឹងពីគោលគំនិតក្នុងការសន្សំ ការទុកដាក់លុយកាក់ឲ្យបានត្រឹមត្រូវ។ កាលណាបងប្អូននៅតាមទីតាំងជនបទ ក៏ដូចជាយុវជនមានចំណេះដឹងផ្នែកនេះកាន់តែប្រសើរ សេដ្ឋកិច្ចរបស់យើងក៏អាចមានការរីកចម្រើនដែរ។
សំណួរទី ៦៖ និយាយពីបុគ្គលផ្ទាល់ខ្លួនវិញ តើលោកមានមតិយោបល់យ៉ាងដែរដើម្បីឱ្យប្រជាជនយើងសិក្សាពីការសន្សំប្រាក់ និងការរៀបចំគម្រោងថវិកាសិក្សាដោយខ្លួនឯង?
ជាធម្មតា មុននឹងយើងចង់ក្លាយជាអ្នកសន្សំ មនុស្សចាត់ចែងលុយបានល្អ យើងត្រូវទទួលស្គាល់ឥរិយាបថចាយលុយយើងជាមុនសិន។ តើឥរិយាបថចាយលុយយើងសព្វថ្ងៃនេះអាចធ្វើឲ្យនាពេលអនាគតមានបញ្ហាឬក៏ល្អប្រសើរ? បើសិន យើងអត់បានទទួលស្គាល់ឥរិយាបថយើងបច្ចុប្បន្ននេះទេ យើងនឹងពិបាកក្នុងការរៀបចំការសន្សំ ឬគ្រប់គ្រងលុយបានល្អ។ យើងត្រូវទទួលស្គាល់ថា យើងមានឥរិយាបថប្រភេទណា? អ្នកចាយលុយច្រើន ឬចាយត្បិតត្បៀត?ហើយដើម្បីឲ្យដឹងពីខ្លួនឯងបាន យើងត្រូវដឹងពីរូបភាពទាំងមូលនៃលុយរបស់យើង។ ហើយដើម្បីឲ្យដឹងពីរូបភាពទាំងមូលបាន លុះត្រាតែយើងតក់ត្រាវា។ យើងគួរតែមានទម្លាប់នៃការកត់ត្រា ព្រោះវាធ្វើឲ្យយើងដឹងថា យើងមានឥតិយាបថមួយណា។ បើទោះបីមិនទទួលបានលទ្ធផលភ្លាមៗក៏ដោយ យើងត្រូវប្រកាន់ភ្ជាប់ដោយមិនបោះបង់ចោល។