កម្ពុជា និងហ្សកហ្ស៊ី បានលើកឡើងអំពីការធ្វើការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាពិសេស ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ផែនការនេះ បានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសហ្សកហ្ស៊ីកាលពីថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤។
ក្នុងឱកាសស្នាក់នៅទីក្រុងប៊ីលីស៊ី ឯកឧត្តមបានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម Ilia Darchiashvili រដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី។ ឯកឧត្តមរដ្ឋលេខាធិការ និងរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាផលប្រយោជន៍រួម។
ក្នុងដំណើរទស្សនៈកិច្ចនោះដែរឯកឧត្តម ឃួន ផុនរតនៈ បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរជាមួយឯកឧត្តម Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី៕
ប្រភព៖ ក្រសួងព័ត៌មាន