អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជួបពិភាក្សាគ្នាដោយផ្ដោតទៅលើការងារមួយចំនួនពាក់ព័ន្ធនឹងការចូលរួមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងការសម្រេចឆន្ទះដ៏មុតស្រួចលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
កិច្ចប្រជុំនេះ បានធ្វើឡើងរវាងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងអង្គភាពជំនាញនៃស្ថាប័នទាំងពីរ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
សូមជម្រាបជូនថា កន្លងមក ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់កញ្ចប់ការងារចំនួន៥ ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្ថិតនៅក្នុងកញ្ចប់ការងារទី៣ គឺកញ្ចប់ការងារទប់ស្កាត់ការដឹកជញ្ជូន ការចរាចរគ្រឿងញៀនចូលកម្ពុជា ដែលកញ្ចប់នេះពាក់ព័ន្ធនឹងក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(សេវាបញ្ញើ ប្រៃសណីយ៍ពីបរទេស), រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(តាមជើងយន្តហោះ)៕
ប្រភព៖ ក្រសួងព័ត៌មាន