ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាធិបតី ក្នុងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា។ ពិធីនេះធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម ដាធុក អែលឌីន ហ៊ូសេនី ម៉ដ ហាហ្ស៊ីម (Datuk Eldeen Husaini Mohd Hashim) ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅកម្ពុជា លោកឧកញ៉ា តាន់ ឃីម៉េង (KM Tan) ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីកម្ពុជា (MBCC) និងក្រុមប្រឹក្សា សមាជិកសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជាផងដែរ។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា MBCC ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងម៉ាឡេស៊ី និងកម្ពុជា ក៏ដូចជាលើកកម្ពស់ឱកាសអាជីវកម្ម សម្របសម្រួលការវិនិយោគ និងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រជាជាតិទាំងពីរ ក្នុងរយៈពេលប្រមាណបីទសវត្សរ៍កន្លងមក។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាពិតរីករាយចំពោះដំណឹងដែល សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា នឹងដាក់ឱ្យដំណើរការមូលនិធិអប់រំ និងសុខភាពនៅឆ្នាំ២០២៤ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យតាមរយៈបណ្ណាល័យចល័ត និងគ្លីនិក។
សូមជម្រាបជូនថា ម៉ាឡេស៊ី និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីម៉ាឡេស៊ី-កម្ពុជា (FTA) ដែលជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដើម្បីសម្រួលពាណិជ្ជកម្ម និង បន្តដកចេញរបាំងពាណិជ្ជកម្ម នៅឆ្នាំ ២០២១ ដែលចាប់ពី ពេលនោះមកពាណិជ្ជកម្មរវាងប្រទេសទាំងពីមានកំណើនឥតឈប់ឈរ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាបាននិងកំពុងខិតខំពង្រឹងសមត្ថភាពនាំចេញ និងការវិនិយោគរក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការគាំទ្រដល់អ្នកនាំចេញ គឺជាជំហានវិជ្ជមានក្នុងការពង្រឹងបន្ថែមទៀតនូវការអភិវឌ្ឍន៍ពាណិជ្ជកម្ម ដើម្បីជួយពង្រីក និងការកសាងសមត្ថភាព រួមទាំងជំនាញវិជ្ជាជីវៈ និងការអប់រំ ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ តបតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ និងថ្លែងអំណរគុណចំពោះការរួមចំណែក ជំរុញពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជា ពីសំណាក់សមាជិក MBCC ទាំងអស់។ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏ចង់ឃើញទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត រវាងប្រទេស និងប្រជាជនម៉ាឡេស៊ី-កម្ពុជា ឆ្ពោះទៅរកគោលដៅពាណិជ្ជកម្មទ្វេភាគីនាពេលខាងមុខ៕
ប្រភព៖ ក្រសួងព័ត៌មាន