ក្នុងឱកាសដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិលើកទី៧ នៅទីក្រុងអាក្រា (ACCRA) សាធារណរដ្ឋហ្កាណា (Ghana) ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិហ្កាណា (Ghana)កាលពីរសៀលថ្ងៃពុធ ៩រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងជំនួបនោះ រដ្ឋមន្ត្រីការពារជាតិហ្កាណា បង្ហាញពីបំណងចង់ឱ្យមានការផ្លាស់ប្តូរសិក្ខាកាមយោធា រវាងប្រទេសទាំងពីរ កម្ពុជា-ហ្កាណា ក្នុងការហ្វឹកហ្វឺនបណ្តុះបណ្តាលវិស័យកងទ័ព អំពីការផ្លាស់ប្តូរបទពិសោធន៍លើជំនាញកម្ទេចគ្រឿងផ្ទុះកែច្នៃ ដែលកម្ពុជាបាននិងកំពុងអនុវត្តន៍មុខជំនាញនេះ ក្នុងបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណចំពោះប្រទេសហ្កាណា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនៅពេលនេះ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ឆ្នាំ២០២៣នេះគឺជាខួបទី៣១ឆ្នាំ ដែលប្រទេសហ្កាណាបានបញ្ជូនកម្លាំង ចូលរួមបេសកកម្មអ៊ុនតាក់ (UNTAC) និងមានសមាជិក២នាក់ បានពលីក្នុងបេសកកម្ម ថែរក្សាសន្តិភាពនៅកម្ពុជា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ ចំពោះការលះបង់ដ៏ធំធេង ដើម្បីបុព្វហេតុសន្តិភាព ក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានស្នើសុំឱ្យអតីតកងកម្លាំងអ៊ុនតាក់ ដែលធ្លាប់បានបំពេញបេសកកម្មថែរក្សាសន្តិភាពនៅកម្ពុជា ទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលការអភិវឌ្ឍរីកចម្រើននៅប្រទេសកម្ពុជា ក្រោយពីកម្ពុជាបានទទួលសុខសន្តិភាព ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ។ ដោយសារបច្ចុប្បន្ននេះប្រទេសហ្កាណា មានកងកម្លាំងរក្សាសន្តិភាពនៅក្នុងប្រទេសលីបង់ និងស៊ូដង់ខាងត្បូងដូចកម្ពុជាដែរ អាស្រ័យហេតុនេះ ស្នើសុំកិច្ចសហប្រតិបត្តិការ ក្នុងការពារដល់កម្លាំងកម្ពុជា ដែលឈរជើងក្នុងតំបន់ជាមួយគ្នា ករណីចាំបាច់ណាមួយកើតឡើង ។
ជាការឆ្លើយតបនាឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិហ្កាណា ក៏បានបង្ហាញពីបំណងចង់ឱ្យនាយទាហានប្រទេសហ្កាណា បានត្រឡប់ទៅកម្ពុជាម្តងទៀត ដើម្បីមើលការអភិវឌ្ឍប្រទេសកម្ពុជា ពីព្រោះកម្ពុជាពេលមុន រហូតមកដល់បច្ចុប្បន្ននេះមិនដូចគ្នាទេ កម្ពុជាពិតជាមានការអភិវឌ្ឍច្រើន ។ ប្រសិនបើបានទៅប្រទេសកម្ពុជាម្តងទៀត គឺជាឱកាសល្អដើម្បីចែករំលែក និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ហ្កាណា ។
ឯកឧត្តម រដ្ឋមន្ត្រីការពារជាតិហ្កាណា បានបន្តថា បច្ចុប្បន្នកម្លាំងរក្សាសន្តិភាពហ្កាណា បានឈរជើងនៅស៊ូដង់ខាងត្បូង ហើយកងកម្លាំងហ្កាណាក៏បានធ្វើកិច្ចសហប្រតិបត្តិការល្អ ជាមួយកងកម្លាំងមួកខៀវកម្ពុជា នៅស៊ូដង់ខាងត្បូងផងដែរ ។ ក្នុងន័យនេះ រដ្ឋមន្ត្រីការពារជាតិហ្កាណា បានស្នើសុំដល់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បន្តកិច្ចសហប្រតិ្តបត្តិការជាមួយគ្នាបន្តទៀត នៅស៊ូដង់ខាងត្បូង ។ ដោយសារតែកម្ពុជាមានជំនាញ ក្នុងការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ដូចនេះហ្កាណា ក៏បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការជាមួយហ្កាណា លើជំនាញកម្ទេចគ្រាប់មិនទាន់ផ្ទុះ និងប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃផងដែរ ៕
ប្រភព៖ ក្រសួងព័ត៌មាន